ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាមេរិក​យល់​ព្រម​ផលិត​នាវា​មុជ​ទឹក​នុយ​ក្លេអ៊ែរ​សម្រាប់​កូរ៉េ​ខាង​ត្បូង

11 ម៉ោង មុន

ទី​ក្រុង​សេអ៊ូល៖ ថ្ងៃ​នេះ អាមេរិក និង​កូរ៉េ​ខាង​ត្បូង​ឯក​ភាព​គ្នា​ថា​នឹង​ពង្រឹង​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ដើម្បី​ជួយ​សម្រេច​បំណង​របស់​​​កូរ៉េ​ខាង​ត្បូង​ក្នុង​ការ​​ទទួល​បាន​នាវា​មុជ​ទឹក​ដើរ​ដោយ​ថាម​ពល​នុយ​ក្លេអ៊ែរ​។ នេះ​បើ​យោង​តាម​ការ​ប្រកាស​របស់​ក្រសួង​ការ​ពារ​ជាតិ​កូរ៉េ​ខាង​ត្បូង​។ ការ​សម្រេច​បាន​កិច្ច​ព្រម​ព្រៀង​នេះ​បន្ទាប់​ពី​មាន​កិច្ច​ជំនួប​រវាង​អនុ​រដ្ឋ​មន្ត្រី​ការ​ពារ​ជាតិ​អាមេរិក​ជាមួយ​រដ្ឋ​មន្ត្រី​ការ​ពារ​ជាតិ​កូរ៉េ​ខាងត្បូង​។ នេះ​ជា​លើក​ទី​មួយ​ដែល​អនុ​រដ្ឋ​មន្ត្រី​អាមេរិក លោក​អិល​ប្រ៊ីច ខូល​ប៊ី (Elbridge…

ទី​ក្រុង​សេអ៊ូល៖ ថ្ងៃ​នេះ អាមេរិក និង​កូរ៉េ​ខាង​ត្បូង​ឯក​ភាព​គ្នា​ថា​នឹង​ពង្រឹង​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ដើម្បី​ជួយ​សម្រេច​បំណង​របស់​​​កូរ៉េ​ខាង​ត្បូង​ក្នុង​ការ​​ទទួល​បាន​នាវា​មុជ​ទឹក​ដើរ​ដោយ​ថាម​ពល​នុយ​ក្លេអ៊ែរ​។ នេះ​បើ​យោង​តាម​ការ​ប្រកាស​របស់​ក្រសួង​ការ​ពារ​ជាតិ​កូរ៉េ​ខាង​ត្បូង​។ ការ​សម្រេច​បាន​កិច្ច​ព្រម​ព្រៀង​នេះ​បន្ទាប់​ពី​មាន​កិច្ច​ជំនួប​រវាង​អនុ​រដ្ឋ​មន្ត្រី​ការ​ពារ​ជាតិ​អាមេរិក​ជាមួយ​រដ្ឋ​មន្ត្រី​ការ​ពារ​ជាតិ​កូរ៉េ​ខាងត្បូង​។

នេះ​ជា​លើក​ទី​មួយ​ដែល​អនុ​រដ្ឋ​មន្ត្រី​អាមេរិក លោក​អិល​ប្រ៊ីច ខូល​ប៊ី (Elbridge Colby) ​​បំពេញ​ទស្សន​កិច្ច​នៅ​ក្រៅ​ប្រទេស​ ហើយ​ក៏​ជា​ទស្សន​កិច្ច​ដែល​ធ្វើ​ឡើង​ចំ​ពេល​​ដែល​រដ្ឋាភិ​បាល​ទី​​ក្រុង​វ៉ាស៊ីន​តោន​រំពឹង​ថា​កូរ៉េ​ខាង​ត្បូង​នឹង​ដើរ​តួ​នាទី​ឈាន​មុខ​គេ​ក្នុង​ការ​ទប់​ទល់​​នឹង​កូរ៉េ​ខាង​ជើង​។ នៅ​ក្នុង​សេចក្ដី​ប្រកាស​ថ្ងៃ​នេះ ក្រសួង​ការ​ពារ​ជាតិ​ប្រទេ​ស​ទាំង​២​ចាត់​ទុក​កិច្ច​សហ​ប្រ​តិ​បត្តិ​ការ​សាង​សង់​នាវា​នុយ​ក្លេអ៊ែរ​នោះ​ជា​ការ​បោះ​ជំហាន​ឆ្ពោះ​ទៅ​រក​ការ​ពង្រឹង​សមត្ថ​ភាព​របស់​កូរ៉េ​ខាង​ត្បូង​ដើម្បី​ការ​ពារ​ឧប​ទ្វីប​កូរ៉េ​ និង​ដើម្បី​ពង្រឹង​សន្តិ​សុខ​នៅ​ក្នុង​ចំណោម​សម្ព័ន្ធ​មិត្ត​។

យោង​តាម​យុទ្ធ​សាស្ត្រ​ការ​ពារ​ជាតិ​ថ្មី​របស់​មន្ទីរ​បញ្ចកោណ​ដែល​ផ្សព្វ​ផ្សាយ​កាល​ពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន​ អាមេរិក​​​នឹង​កាត់​បន្ថយ​តួ​នាទីរបស់​ខ្លួន​​ក្នុង​ការ​ទប់​ទល់​នឹង​កូរ៉េ​ខាង​ជើង​ ហើយ​នឹង​​ប្រគល់​តួនាទី​នេះ​ទៅ​ឱ្យ​កូរ៉េខាង​ត្បូង​កាន់​កាប់​​ជំនួស​វិញ​ក្នុង​នាម​ជា​អ្នក​នាំ​មុខ​​គេ​​។ នៅ​ក្នុង​ព្រឹត្តិ​ការណ៍​ដាច់​ដោយ​ឡែក​មួយ​ទៀត​ ក្រៅ​ពី​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ទទួល​បាន​នាវា​មុជ​ទឹក​នុយ​ក្លេអ៊ែរ​ពី​អាមេរិក​ កូរ៉េ​ខាង​ត្បូង​ក៏​ជា​ប្រទេស​ផលិត​នាវា​មុជ​ទឹក​ដើរ​ដោយ​​ប្រេង​ម៉ាស៊ុត​ផង​ដែរ​។

​ប្រធាន​ខុទ្ទ​កាល័យ​ប្រធានា​ធិបតី​កូរ៉េ​ខាង​ត្បូង​ លោក​កាង​ហ៊ុន​ស៊ីក (Kang Hoon-sik) កំពុង​ធ្វើ​ដំណើ​រទៅ​ប្រទេស​កាណាដា​ដើម្បី​ចុះ​កុង​ត្រា​ផលិត​នាវា​មុជ​ទឹក​ (ឱ្យ​កាណាដា)​។ កូរ៉េ​ខាង​ត្បូង​កំពុង​ប្រកួត​ប្រជែង​ជា​មួយ​ក្រុម​ហ៊ុន​អាល្លឺម៉ង់​ដើម្បី​ដេញ​ថ្លៃ​គម្រោង​សាង​សង់​នាវា​មុជ​ទឹក​ប្រើ​ប្រេង​ម៉ាស៊ុត​ចំនួន​​១២​គ្រឿង​ដែល​មាន​តម្លៃ​សរុប​​​​លើស​ពី​១២​ពាន់​លាន​ដុល្លារ​អាមេរិក​​។

លោក​កាង​ទទួល​ស្គាល់​ថា​ការ​​ប្រកួត​ប្រជែង​គ្នា​ជា​មួយ​ប្រទេស​ខ្លាំង​ដូច​ជា​អាល្លឺម៉ង់​ពិត​ជា​មិន​ងាយ​ស្រួល​ឡើយ​។ លោក​​នឹង​ជម្រាប​ជូន​ភាគី​កាណាដា​​ថា​នាវា​មុជ​ទឹក​របស់​កូរ៉េ​ខាង​ត្បូង​មាន​គុណ​ភាព​ល្អ​ និង​ថា​រដ្ឋាភិបាល​របស់​លោក​ប្ដេជ្ញា​ពង្រឹង​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ខាង​ឧស្សាហ​កម្ម​ និង​សន្តិ​សុខ​ជា​មួយ​កាណាដា​។ លោក​ថ្លែង​បន្ត​ទៀត​ថា​នេះ​ជា​គម្រោង​ដេញ​ថ្លៃ​ដ៏​ធំ​បំផុត​ដែល​កូរ៉េ​ខាង​ត្បូង​ពុំ​ធ្លាប់​ជួប​ប្រទះ​ពី​មុន​មក។ គម្រោង​នេះ​នឹង​ផ្ដល់​ផល​ប្រយោជន៍​សេដ្ឋ​កិច្ច​ជាង​៤០​ទ្រីលាន​វុន (ជាង​២៧​ពាន់​លាន​ដុល្លារ​) ហើយ​នឹង​បង្កើត​ការ​ងារ​២​ម៉ឺន​មុខ​តំណែង​៕ ប្រភព៖ រ៉យទ័រ, ក្យូដូ និង​ប្រភព​ដទៃ​ទៀត​​​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ