រាជធានីភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា កម្ពុជានឹងចូលរួមក្នុងក្រុមប្រឹក្សាសន្តិភាពនេះ ដែលការណ៍នេះ បានបង្ហាញនូវសុឆន្ទៈ និងការប្តេជ្ញាចិត្តខ្ពស់របស់កម្ពុជាចំពោះសន្តិភាពសកល ។
ការថ្លែងរបស់សម្តេចមហាបវរធិបតីនេះដែរ ក្នុងឱកាសដែលសម្តេចបានអនុញ្ញាតឱ្យឯកឧត្តម នាយឧត្តមនាវី Samuel Paparo មេបញ្ជាការនៃបញ្ជាការដ្ឋានឥណ្ឌូ-ប៉ាស៊ីហ្វិក នៃសហរដ្ឋអាម៉េរិក ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព ។
ក្នុងឱកាសនៃជំនួបនេះ ឯកឧត្តម នាយឧត្តមនាវី Samuel Paparo បានថ្លែងអំណរគុណ និងសម្តែងនូវក្តីសោមនស្សរីករាយដែលបានជួបសម្តេចបវរធិបតីជាថ្មីម្តងទៀត ក្នុងដំណើរបំពេញទស្សនកិច្ចលើកទី២ នៅកម្ពុជា ។ ឯកឧត្តមបានសម្តែងការពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងសហរដ្ឋអាម៉េរិក-កម្ពុជា ជាពិសេសកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ ។ ជាមួយគ្នានេះ ឯកឧត្តមបានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានអនុញ្ញាតឱ្យនាវាកងទ័ពជើងទឹកសហរដ្ឋអាមេរិកចូលចតនៅមូលដ្ឋានសមុទ្ររាម ដែលនេះជាសក្ខីភាពឆ្លុះបញ្ចាំងពីការពង្រឹងទំនាក់ទំនងយោធាកាន់តែស៊ីជម្រៅរវាងប្រទេសទាំងពី
ជាការឆ្លើយតប សម្តេចបវរធិបតី បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរលើវិស័យយោធារវាងប្រទេសទាំងពីរ នាពេលកន្លងមក និងបានគូសបញ្ជាក់ថា ការចូលចតនៃនាវាជើងទឹកសហរដ្ឋអាមេរិកនៅកម្ពុជា នាពេលនេះ គឺជាលទ្ធផលជាក់ស្តែងនៃទំនាក់ទំនងទ្វេភាគីដែលកំពុងរីកចម្រើន ។
សម្តេចបវរធិបតី មានជំនឿយ៉ាងមុតមាំថា ទំនាក់ទំនងរវាងប្រទេសទាំងពីរនឹងត្រូវបានបន្តពង្រឹង និងពង្រីកបន្ថែមទៀ ត។ ទន្ទឹមនឹងនេះ សម្តេចបវរធិបតី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តមប្រធានាធិបតី ដូណាល់ ត្រាំ ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញឱ្យមានបទឈប់បាញ់ កម្ពុជា-ថៃ និងបានធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើ«សេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ» កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី ។
សម្តេចបវរធិបតី ក៏បានជម្រាបជូនឯកឧត្តមនាយឧត្តមនាវី ថា កម្ពុជាបានទទួលលិខិតអញ្ញើញរបស់ឯកឧត្តមប្រធានាធិបតី ដូណាល់ ត្រាំ ក្នុងការចូលរួម ក្រុមប្រឹក្សាសន្តិភាព ។ កម្ពុជានឹងចូលរួមក្នុងក្រុមប្រឹក្សាសន្តិភាពនេះ ដែលការណ៍នេះ បានបង្ហាញនូវសុឆន្ទៈ និងការប្តេជ្ញាចិត្តខ្ពស់របស់កម្ពុជាចំពោះសន្តិភាពសកល ។
សម្តេចបវរធិបតី ក៏បានជម្រាបជូនឯកឧត្តម នាយឧត្តមនាវី អំពីការវិវត្តជាក់ស្តែង នៃស្ថានភាពព្រំដែនកម្ពុជា-ថៃ និងបានបញ្ជាក់ពីជំហរយ៉ាងច្បាស់លាស់របស់កម្ពុជា ក្នុងការគោរពបទឈប់បាញ់ និងសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួឱ្យបានខ្ជាប់ខ្ជួន និងប្រកាន់យកការដោះស្រាយជម្លោះដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ សន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់ ដើម្បីសម្រេចបាននូវព្រំដែនសន្ដិភាព និងយូរអង្វែង។
ជាការឆ្លើយតប, ឯកឧត្តម នាយឧត្តមនាវី Samuel Paparo បានជម្រាបជូនសម្ដេចបវរធិបតីថា ឯកឧត្តមប្រធានាធិបតី ដូណាល់ ត្រាំ នៅតែបន្តយកចិត្តទុកដាក់ចំពោះស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ និងការអនុវត្តតាមស្មារតីនៃសេចក្ដីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ ។
ឯកឧត្តម Samuel Paparo បានគូសបញ្ជាក់ពីសារៈសំខាន់ប្រកបដោយការស្ថាបនានៃតួនាទីរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) និងបានជម្រាបជូនសម្ដេចបវរធិបតីថា សហរដ្ឋអាមេរិកបន្តគាំទ្រដល់ការបន្តយន្តការ AOT ព្រមទាំងគាំទ្រដល់ការពន្លឿនដំណើរការ JBC ក្នុងការវាស់វែង និងខណ្ឌសីមាព្រំដែននៃប្រទេសទាំងពីរ ៕
ចែករំលែកព័តមាននេះ