ប្រទេសម៉ិចស៊ិក ៖ អាជ្ញាធរមូលដ្ឋានរាយការណ៍ថា ការវាយប្រហារដោយអាវុធមួយបណ្ដាលឲ្យមនុស្សស្លាប់យ៉ាងតិច១១នាក់ និងរបួស១២នាក់ កាលពីថ្ងៃទី២៥ មករា នៅទីលានបាល់ទាត់មួយ ក្នុងរដ្ឋGUANAJUATO ភាគកណ្ដាលម៉ិចស៊ិក ។ រដ្ឋនោះ ជាកន្លែងកើតមានអំពើហិង្សាសាហាវនានារបស់បណ្ដាក្រុមឧក្រិដ្ឋជនមានការរៀបចំ ។
ការវាយប្រហារនេះ កើតមាននៅទីក្រុងសាឡាម៉ានកា ដោយអាជ្ញាធរគូសបញ្ជាក់ថា កំពុងតាមរុករកពួកអ្នកទទួលខុសត្រូវ ។ ក្នុងចំណោមអ្នកស្លាប់ទាំង១១នាក់ ១០នាក់ស្លាប់នៅនឹងកន្លែងហើយម្នាក់ទៀតស្លាប់នៅមន្ទីរពេទ្យ ។ ចំណែកអ្នករបួសទាំង១២នាក់ កំពុងទទួលការព្យាបាលនៅមន្ទីរពេទ្យ។ កាលពីយប់ថ្ងៃទី២៤ មករា ថង់៤ដែលច្រកសាកសពមនុស្ស ត្រូវបានគេយកទៅបោះចោលក្នុងទីក្រុងនោះដែរ ។
រដ្ឋGUANAJUATOជាមជ្ឈមណ្ឌលឧស្សាហកម្មមួយ ដោយមានបណ្ដារោងចក្រដំឡើងរថយន្ត និងមានកន្លែងទាក់ទាញខាងទេសចរណ៍ជាច្រើន ហើយក្រុមឧក្រិដ្ឋជនមានការរៀបចំប្រកួតប្រជែងគ្នាក្នុងការរត់ពន្ធគ្រឿងញៀននិងលួចប្រេង ៕
ចែករំលែកព័តមាននេះ