សម្ដេចតេជោ ជំរុញឱ្យឡាវ និងកម្ពុជា បន្តការខិតខំប្រឹងប្រែងពង្រីក នៅក្នុងវិស័យពាណិជ្ជកម្ម វិនិយោគ ជាពិសេសសេដ្ឋកិច្ច និងទំនាក់ទំនងនយោបាយបន្ថែមទៀត
រាជធានីភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធ សភាបានជំរុញឱ្យឡាវ និងកម្ពុជា បន្តនូវការខិតខំប្រឹងប្រែងពង្រីកនៅក្នុងវិស័យពាណិជ្ជកម្ម វិនិយោគ ជាពិសេសសេដ្ឋកិច្ច និងទំនាក់ទំនងនយោបាយបន្ថែមទៀត ដើម្បីឱ្យសមស្របទៅនឹងទំនាក់ទំនងដ៏ល្អរវាងប្រទេសទាំងពីរ ។
នេះបើតាមការឱ្យដឹងរបស់ឯកឧត្ដម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បន្ទាប់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម Buakeo Phumvongsay ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដែលបញ្ចប់អាណត្តិការទូតចូលជួបសម្តែងការគួរសម និងជម្រាបលា នាព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ នៅវិមានសាមគ្គីភាព ។
ក្នុងជំនួបនោះ សម្ដេចតេជោ ហ៊ុន សែន បានវាយតម្លៃខ្ពស់ចំពោះបេសកកម្មរបស់ឯកឧត្ដមឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ក្នុងពេលបំពេញកិច្ចការនៅក្នុងព្រះរាជាណាចក្រកម្ពុជា បានជំរុញឱ្យទំនាក់ទំនងរវាងកម្ពុជា និងឡាវ ឱ្យកាន់តែមានភាពរីកចម្រើនបន្ថែមទៀត ។
ឯកឧត្តម Buakeo Phumvongsay បានសម្ដែងនូវក្ដីអរគុណជាអនេក ដែលសម្ដេចតេជោ បានអនុញ្ញាតឱ្យឯកឧត្ដម និងសហការីបានជួបជម្រាបលានៅក្នុងឱកាសនេះ ។
ឯកឧត្ដមបានចាត់ទុកប្រទេសកម្ពុជា គឺជាផ្ទះទីពីររបស់ឯកឧត្ដម ដោយឯកឧត្ដមបានបញ្ជាក់ថា ក្នុងពេលបំពេញបេសកកម្មការងារនៅក្នុងប្រទេសកម្ពុជារយៈពេល៤ឆ្នាំក្នុងឋានៈជាឯកអគ្គរដ្ឋទូតឡាវប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ឯកឧត្ដមមានអនុស្សាវរីយ៍ជាច្រើនជាមួយនឹងប្រជាជនកម្ពុជា ពិសេស គឺប្រទេសកម្ពុជាតែម្ដង ។
ឯកឧត្ដម ឯកអគ្គរដ្ឋទូត ក៏បានលើកឡើងពីទំនាក់ទំនងរវាងកម្ពុជា និងឡាវ ដែលឯកឧត្ដមបានបញ្ជាក់ថា ក្នុងពេលបំពេញបេសកកម្មការទូតឯកឧត្ដមបានពង្រីកទំនាក់ទំនងរវាងកម្ពុជា និងឡាវ ឱ្យមានភាពល្អប្រសើរ និងការផ្លាស់ប្ដូរនូវដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំរវាងប្រទេសទាំងពីរជាបន្តបន្ទាប់ ។
ក្នុងឱកាសនោះ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការរីរាយ និងទំនាក់ទំនងដ៏ល្អរវាងកម្ពុជា និងឡាវ ដែលសម្ដេចបានពេញចិត្តនឹងអ្វីដែលឯកឧត្ដម ឯកអគ្គរដ្ឋទូតបានលើកឡើង ជាពិសេស គឺការផ្លាស់ប្ដូរនូវទំនាក់ទំនងរវាងកម្ពុជា និងឡាវ តាមរយៈដំណើរទស្សកិច្ចរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ។
សម្ដេចតេជោ ប្រធានព្រឹទ្ធសភា ក៏បានជំរុញបន្ថែមទៀតឱ្យឡាវ និងកម្ពុជា បន្តនូវការខិតខំប្រឹងប្រែងពង្រីក នៅក្នុងវិស័យពាណិជ្ជកម្ម វិនិយោគ ជាពិសេសគឺសេដ្ឋកិច្ច និងទំនាក់ទំនងនយោបាយ ដើម្បីឱ្យសមស្របទៅនឹងទំនាក់ទំនងដ៏ល្អរវាងប្រទេសទាំងពីរ៕
ចែករំលែកព័តមាននេះ