ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ត្រាំ អះអាង​ពី​អាវុធ​សម្ងាត់​ដ៏​មាន​ប្រសិទ្ធ​ភាព ជួយ​ដល់​ប្រតិបត្តិការ​ចា.ប់ខ្លួន​លោក ម៉ា​ឌូ​រ៉ូ

3 ម៉ោង មុន

សហរដ្ឋអាមេរិក ៖ ប្រធានាធិបតី​អា​មេ​រិ​ក លោក ដូ​ណា​ល់ ត្រាំ (Donald Trump) កាលពី​ថ្មី​ៗ​នេះ បាន​អះអាង​ពី​អាវុធ​សម្ងាត់​ដែល​លោក​ហៅ​ថា…

សហរដ្ឋអាមេរិក ៖ ប្រធានាធិបតី​អា​មេ​រិ​ក លោក ដូ​ណា​ល់ ត្រាំ (Donald Trump) កាលពី​ថ្មី​ៗ​នេះ បាន​អះអាង​ពី​អាវុធ​សម្ងាត់​ដែល​លោក​ហៅ​ថា «Discombobulator» ដែល​កងកម្លាំង Delta Force នៃ​កងទ័ព​អា​មេ​រិ​ក​ប្រើប្រាស់​នៅ​ក្នុង​ប្រតិបត្តិការ «Absolute Resolve» ឆ្មក់​ចាប់​ប្រធានាធិបតី​វ៉េ​ណេ​ស៊ុ​យ​អេ​ឡា លោក នី​កូ​ឡាស ម៉ា​ឌូ​រ៉ូ (Nicolas Maduro) កាលពី​ថ្ងៃ​ទី​៣ ខែមករា ឆ្នាំ​២០២៦​។

ទូរទស្សន៍ CNN បាន​រាយការណ៍ នៅ​ថ្ងៃ​ទី​២៥ ខែមករា ឆ្នាំ​២០២៦ ថា លោក ត្រាំ បាន​អះអាង​ថា យោធា​អា​មេ​រិ​កបាន​ប្រើ​អាវុធ​សម្ងាត់ ដែល​លោក​បាន​ហៅ​ថា ឧបករណ៍​រំខាន Discombobulator ក្នុង​ប្រតិបត្តិការ​ដ៏​ភ្ញាក់​នៅ​ទីក្រុង​កា​រ៉ា​កាស (Caracas)​។ នៅ​ក្នុង​បទ​សម្ភាសន៍​ជាមួយ​កាសែត New York Post ថ្ងៃ​ទី​២៤ ខែមករា លោក ត្រាំ បាន​និយាយ​ថា «​ឧបករណ៍ Discombobulator ខ្ញុំ​មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​និយាយ​លម្អិត​ពី​វា​នោះ​ទេ​»​។ ប៉ុន្តែ​លោក​បញ្ជាក់​ថា អាវុធ​សម្ងាត់​ប្រភេទ​នេះ បាន​ធ្វើ​ឱ្យ​ឧបករណ៍ និង​ប្រព័ន្ធ​យោធា​សត្រូវ​គាំង​ដំណើរការ​។

យោង​តាម​បទ​សម្ភាសន៍​របស់​លោក​ជាមួយ​កាសែត New York Post និង​ដូចដែល​បាន​រាយការណ៍​ដោយ​កាសែត South China Morning Post របស់​ហុងកុង បានឱ្យ​ដឹង​ថា ដោយសារ​តែ​អា​មេ​រិ​កបាន​ប្រើ Discombobulator ដែល​គេ​ជឿ​ថា​ជា​ឧបករណ៍​សង្គ្រាម​អេ​ឡិច​ត្រូ​និក​ដ៏​ទំនើប ទើប​បានជា​ប្រព័ន្ធ​មី​ស៊ី​ល​របស់​វ៉េ​ណេ​ស៊ុ​យ​អេ​ឡា មិន​ដំណើរ​ទាំងស្រុង​។ លោក ត្រាំ ថ្លែង​ថា «​ពួក​គេ (​វ៉េ​ណេ​ស៊ុ​យ​អេ​ឡា​) មាន​មី​ស៊ី​ល​ពី​សហព័ន្ធ​រុ​ស្ស៊ី និង​ចិន ប៉ុន្តែ​មិន​បាន​បាញ់​អ្វី​ទាំងអស់​។ យើង​បាន​ឆ្មក់​ពួក​គេ ពួក​គេ​បាន​ចុច​ប៊ូ​តុង ប៉ុន្តែ​គ្មាន​អ្វី​ដំណើរការ​នោះ​ទេ​។ បើ​ទោះបីជា​ពួក​គេ​បាន​ត្រៀមខ្លួន​ជា​ស្រេច ដើម្បី​តទល់​ជាមួយ​យើង​ក៏​ដោយ​»​។

កន្លង​មក South China Morning Post បាន​រាយការណ៍​ថា ក្នុង​រយៈពេល​ប៉ុន្មាន​ម៉ោង បន្ទាប់​ពី​ការ​វាយឆ្មក់​របស់​អា​មេ​រិ​កលើ​វ៉េ​ណេ​ស៊ុ​យ​អេ​ឡា លោក ត្រាំ បាន​លើក​ឡើង​ពី​សមត្ថភាព​បច្ចេកទេស​ពិសេស​នេះ ក្នុង​សន្និសីទ​សារព័ត៌មាន​ក្រោយ​ប្រតិបត្តិការ​នោះ​។ លោក​និយាយ​ថា «​អគ្គិសនី​ភាគច្រើន​ក្នុង​ទីក្រុង​កា​រ៉ា​កាស​ត្រូវ​បាន​កាត់​ផ្តាច់ ដោយសារ​បច្ចេកទេស​ពិសេស​ដែល​យើង​មាន​។ វា​ងងឹត​សូន្យឈឹង និង​គ្រោះថ្នាក់​ខ្លាំង​ណាស់​»​។

ទោះ​យ៉ាងណា បន្ទាប់​ពី​ការ​បង្ហើប​ចុង​ក្រោយ​របស់​លោក ត្រាំ អំពី​អាវុធ​សម្ងាត់​នេះ សេត​វិមាន​មិន​ទាន់​បាន​ឆ្លើយ​តប​នឹង​សំណើសុំ​ព័ត៌មាន​បន្ថែម​នៅឡើយ​ទេ ប៉ុន្តែ​មន្ត្រីជាន់ខ្ពស់​អា​មេ​រិ​កម្នា​ក់បាន​ប្រាប់ CNN ថា ការ​លើក​ឡើង​របស់​លោក ត្រាំ អាច​នឹង​បញ្ចូល​សមត្ថភាព​ផ្សេង​ៗ​គ្នា​ទៅ​ក្នុង​អាវុធ​តែ​មួយ​ប្រភេទ ដែល​គ្មាន​ពិតប្រាកដ​។

នៅ​ក្នុង​ប្រតិបត្តិការ «Absolute Resolve» កងកម្លាំង​អា​មេ​រិ​កបាន​ប្រើប្រាស់​ឧបករណ៍​អ៊ីនធឺណិត​ដើម្បី​បិទ​ប្រព័ន្ធ​ប្រកាស​អាសន្ន និង​ប្រព័ន្ធ​ការពារ​ផ្សេង​ទៀត​របស់​វ៉េ​ណេ​ស៊ុ​យ​អេ​ឡា ព្រមទាំង​បាន​ប្រើ​ប្រព័ន្ធ​សូរ​សំឡេង​ដើម្បី​រំខាន ធ្វើ​ឱ្យ​កងកម្លាំង​របស់​លោក ម៉ា​ឌូ​រ៉ូ បាត់បង់​ស្មារតី គ្មាន​សមត្ថភាព​តដៃ​វិញ​។

ប៉ុន្មាន​ថ្ងៃ​បន្ទាប់​ពី​ការ​ចាប់ខ្លួន​លោក ម៉ា​ឌូ​រ៉ូ លេខាធិការ​សារព័ត៌មាន​សេត​វិមាន លោកស្រី Karoline Leavitt បាន​បង្ហោះ​របាយការណ៍​ចោទប្រកាន់​របស់​មន្ត្រី​សន្តិសុខ​វេ​ណេ​ស៊ុ​យ​អេ​ឡា​ម្នាក់ ដោយ​អះអាង​ថា អា​មេ​រិ​កបាន​បាញ់​បង្ហោះ​ឧបករណ៍​ម្យ៉ាង​នៅ​ក្នុង​ប្រតិបត្តិការ​ចាប់​លោក ម៉ា​ឌូ​រ៉ូ វា​ប្រៀប​ដូច​ជា​រលក​សំឡេង​ដ៏​មាន​ឥទ្ធិពល​ខ្លាំង ធ្វើ​ឱ្យ​បណ្តា​កង​សន្តិសុខ​វ៉េ​ណេ​ស៊ុ​យ​អេ​ឡា​មាន​អារម្មណ៍​ថា ក្បាល​ពួក​គេ​ចង់​ផ្ទុះ​បែក ចាប់ផ្តើម​ហូរ​ឈាម​តាម​ច្រមុះ អ្នកខ្លះ​ក្អួត​មាន​ឈាម ហើយ​ដួល​លើ​ដី​មិន​អាច​កម្រើក​បាន​តែ​ម្តង​។

ដោយឡែក យោង​តាម​ការ​វិភាគ​របស់ CNN អំពី​ប្រតិបត្តិការ​ថ្ងៃ​ទី​៣ ខែមករា ឆ្នាំ​២០២៦ បេសកកម្ម​របស់​អា​មេ​រិ​កបាន​ចាប់ផ្តើម​ជាមួយ​ការ​វាយប្រហារ​ជា​បន្តបន្ទាប់​លើ​គោលដៅ​ជា​ច្រើន​នៅ​ទូ​ទាំង​ប្រទេស​វ៉េ​ណេ​ស៊ុ​យ​អេ​ឡា បំផ្លាញ​ដល់​ប្រព័ន្ធ​រ៉ា​ដា ទំនាក់ទំនង ព្រមទាំង​ហេដ្ឋារចនាសម្ព័ន្ធ​ប្រព័ន្ធ​ការពារ​ដែនអាកាស ដើម្បី​បើកផ្លូវ​សម្រាប់​កង​ឧទ្ធម្ភាគចក្រ​អា​មេ​រិ​ក​។

យោង​តាម​ឧត្តមសេនីយ៍​កងទ័ពអាកាស​អា​មេ​រិ​ក លោក Dan Caine បានឱ្យ​ដឹង​ថា យន្តហោះ​ជាង ១៥០ គ្រឿង រួម​ទាំង​យន្តហោះ​ទម្លាក់​គ្រាប់បែក យន្តហោះ​ចម្បាំង ក៏​ដូច​ជា​យន្តហោះ​ស៊ើបការណ៍​សម្ងាត់ និង​ឃ្លាំមើល ត្រូវ​បាន​បាញ់​បង្ហោះ​ចេញពី​មូលដ្ឋាន​ចំនួន ២០ ទាំង​ផ្លូវគោក និង​ដែនសមុទ្រ​៕

DEA (Drug Enforcement Administration) agents move captured Venezuelan President Nicolas Maduro from a helicopter, as Maduro heads towards the Daniel Patrick Manhattan United States Courthouse for an initial appearance to face U.S. federal charges including narco-terrorism, conspiracy, drug trafficking, money laundering and others in New York City, U.S., January 5, 2026. REUTERS/Adam Gray

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ