រាជធានីភ្នំពេញ ៖ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំចង្អៀត រដ្ឋមន្ត្រីការបរទេសអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ នៅទីក្រុងសេប៊ូ ប្រទេសហ្វីលីពីន នៅថ្ងៃទី២៨-២៩ ខែមករា ឆ្នាំ២០២៦ តបតាមការអញ្ជើញរបស់លោកស្រី ម៉ា តេរ៉េសាភី ឡាហ្សារ៉ូ រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋហ្វីលីពីន ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា នាថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ ។
សេចក្តីប្រកាសព័ត៌មានបានលើកឡើងថា កិច្ចប្រជុំនេះ ក្រោមមូលបទ «ដំណើរឆ្ពោះទៅកាន់អនាគតរួមគ្នា កិច្ចប្រជុំនេះនឹងពិនិត្យឡើងវិញនូវវឌ្ឍនភាព ដែលសម្រេចបានចាប់តាំងពីកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលប្រព្រឹត្តទៅនៅប្រទេសម៉ាឡេស៊ី ព្រមទាំងពិភាក្សាអំពីអាទិភាព និងសមិទ្ធផលសំខាន់ៗ ក្រោមភាពជា ប្រធានអាស៊ានរបស់ហ្វីលីពីនសម្រាប់ឆ្នាំ២០២៦ ក្នុងគោលបំណងសម្រេចឱ្យបាននូវសហគមន៍អាស៊ាន ឆ្នាំ២០៤៥។
រដ្ឋមន្ត្រីការបរទេសអាស៊ានក៏នឹងផ្លាស់ប្តូរទស្សនៈលើទំនាក់ទំនងខាងក្រៅរបស់អាស៊ាន និងមជ្ឈភាពអាស៊ាននៅក្នុងនិម្មាបនកម្មតំបន់ដែលប្រែប្រួលយ៉ាងឆាប់រហ័ស ក៏ដូចជាលើបញ្ហាតំបន់ និងអន្តរជាតិ ដែលជាផលប្រយោជន៍ និងក្តីកង្វល់រួម ដែលរួមមានការវិវត្តនៅប្រទេសមីយ៉ាន់ម៉ា និងវិធានការតាមដានចំពោះកិច្ចប្រជុំពិសេស រដ្ឋមន្ត្រីការបរទេសអាស៊ានស្តីពីស្ថានភាពបច្ចុប្បន្នរវាងកម្ពុជា និងថៃ ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ ។
ក្នុងឱកាសនៃកិច្ចប្រជុំចង្អៀតនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏គ្រោងនឹងមានជំនួបដាច់ដោយឡែកជាមួយសមភាគីអាស៊ានមួយចំនួនផងដែរ ដើម្បីជំរុញបន្ថែមទៀតនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី សម្រាប់ជាផលប្រយោជន៍ និងអត្ថប្រយោជន៍ទៅវិញទៅមក ៕
ចែករំលែកព័តមាននេះ