រាជធានីភ្នំពេញ៖ យោងតាមការព្យាករស្ថានភាពធាតុអាកាសរបស់ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថាចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ កម្ពុជាកំពុងស្ថិតក្រោមឥទ្ធិពលរបបខ្យល់មូសុងឦសានគ្របដណ្ដប់លើសមុទ្រចិនខាងត្បូង និងអាងទន្លេមេគង្គ។
ស្ថានភាពនេះបណ្តាលឱ្យតំបន់ខ្ពង់រាប រួមមានខេត្តឧត្តរមានជ័យ ប៉ៃលិន ព្រះវិហារ ក្រចេះ រតនគិរី មណ្ឌលគិរី ត្បូងឃ្មុំ ស្ទឹងត្រែង រួមទាំងតំបន់ជួរភ្នំក្រវាញ និងជួរភ្នំដងរែក អាចមានធាតុអាកាសចុះត្រជាក់ខ្លាំង ដោយសីតុណ្ហភាពអប្បបរមាធ្លាក់ចុះមកត្រឹម ១៧អង្សាសេ និងមានខ្យល់បក់ក្នុងល្បឿន ៣ ម៉ែត្រក្នុងមួយវិនាទី។
ដោយឡែកសម្រាប់តំបន់វាលទំនាប និងតំបន់មាត់សមុទ្រ ក៏មានសីតុណ្ហភាពទាបចន្លោះពី ១៨អង្សាសេ ទៅ ១៩អង្សាសេផងដែរ ប៉ុន្តែពុំមានភ្លៀងធ្លាក់ឡើយនៅទូទាំងប្រទេស។ ចំពោះស្ថានភាពសមុទ្រវិញ រលកមានកម្ពស់មធ្យមចាប់ពី ០,៥០ ម៉ែត្រ ដល់ ១,០០ ម៉ែត្រ។
ជាមួយគ្នានេះ ប្រជាពលរដ្ឋ ជាពិសេសអ្នករស់នៅតាមតំបន់ខ្ពង់រាប គប្បីថែរក្សាសុខភាពឱ្យបានល្អក្នុងគ្រាដែលអាកាសធាតុចុះត្រជាក់នេះ៕

ចែករំលែកព័តមាននេះ