ទីក្រុងហ្សាការតា៖ នួនអ្នកស្លាប់ក្នុងគ្រោះមហន្តរាយបាក់ដីនៅតំបន់ស៊ីសារូអា ខេត្តជ្វាខាងលិច បានកើនឡើងដល់ ២៥ នាក់ហើយ ក្នុងនោះសាកសពចំនួន ១១ នាក់ត្រូវបានកំណត់អត្តសញ្ញាណជាផ្លូវការតាមបច្ចេកទេសកោសល្យវិច័យ។ នេះបើយោងតាមការព័ត៌មាន Xinhua និងប្រភពផ្សេងទៀត ចុះផ្សាយនៅថ្ងៃទី២៥ ខែមករានេះ។
អាជ្ញាធរឥណ្ឌូណេស៊ីបានសម្រេចផ្អាកប្រតិបត្តិការស្វែងរក និងសង្គ្រោះជនរងគ្រោះជាបណ្ដោះអាសន្ន ដោយសារស្ថានភាពនៅទីវាលមិនអំណោយផល និងអាកាសធាតុអាក្រក់ ដែលអាចបង្កគ្រោះថ្នាក់ដល់ក្រុមការងារ។ ទោះជាយ៉ាងណា ប្រតិបត្តិការសង្គ្រោះទ្រង់ទ្រាយធំនឹងត្រូវបន្តឡើងវិញនៅថ្ងៃចន្ទនេះ ដើម្បីស្វែងរកអ្នកដែលនៅបាត់ខ្លួន ខណៈក្រុមគ្រូពេទ្យកំពុងពន្លឿនការពិនិត្យសាកសពដែលនៅសេសសល់។
គ្រោះមហន្តរាយនេះបានកើតឡើងកាលពីព្រឹកព្រលឹមថ្ងៃសៅរ៍ បន្ទាប់ពីមានភ្លៀងធ្លាក់យ៉ាងជោកជាំខ្លាំងជាច្រើនថ្ងៃជាប់ៗគ្នា បណ្ដាលឱ្យជម្រាលភ្នំដួលរលំសង្កត់លើលំនៅឋានរបស់អ្នកភូមិក្នុងតំបន់ភ្នំនៃខេត្តជ្វាខាងលិច។ ប្រទេសឥណ្ឌូណេស៊ីតែងតែជួបប្រទះគ្រោះបាក់ដី និងទឹកជំនន់ជារឿយៗក្នុងអំឡុងរដូវវស្សា ជាពិសេសនៅតំបន់ដែលមានការកាប់បំផ្លាញព្រៃឈើ និងការសាងសង់លំនៅឋាននៅតាមចម្រេះភ្នំ ដែលងាយនឹងទទួលរងគ្រោះថ្នាក់បំផុតនៅពេលមានកម្រិតទឹកភ្លៀងខ្ពស់ខុសធម្មតា៕
ចែករំលែកព័តមាននេះ