ខេត្តក្រចេះ ៖ មន្ត្រីជំនាញនៃមន្ទីរបរិស្ថានខេត្តក្រចេះ បានចុះបង្ក្រាបឡធ្យូង១ទីតាំង ដែលស្ថិតក្នុងដែនជម្រកសត្វព្រៃសំបូរ ខេត្តក្រចេះ ដើម្បីទប់ស្កាត់បទល្មើសធនធានធម្មជាតិ ។
ជាក់ស្តែងក្រសួងបរិស្ថានបានប្រកាសនាថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៦នេះថា ៖ មន្ត្រីឧទ្យានុរក្សដែនជម្រកសត្វព្រៃសំបូរ និងក្រុមល្បាតសហគមន៍អូរគ្រៀង បានធ្វើការចុះល្បាត ទប់ស្កាត់បទល្មើសធនធានធម្មជាតិ នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦ និងបានបង្ក្រាបករណីលួចបង្កើតឡកែច្នៃផល និងអនុផលធនធានធម្មជាតិ (ឡធ្យូង) ខុសច្បាប់១កន្លែង ដែលមានឡធ្យូងចំនួន ៣ឡ នៅចំណុច ស្រែត្រពាំងពុល (អូរព្រះ) ក្នុងដែនជម្រកសត្វព្រៃសំបូរ ក្នុងភូមិសាស្ត្រ ឃុំអូរគ្រៀង ស្រុកអូរគ្រៀង ខេត្តក្រចេះ ។ ក្រុមការងារល្បាត មិនបានឃើញជនសង្ស័យ ដែលបង្កើតឡធ្យូងនៅកន្លែងកើតហេតុទេ ។
សូមបញ្ជាក់ថា ជាមួយគ្នានេះ អាជ្ញាធរក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ឱ្យបញ្ឈប់ការកាប់បំផ្លាញព្រៃឈើយកមកធ្វើអាជីវកម្មខុសច្បាប់ ដែលនាំឱ្យប៉ះពាល់ដល់ប្រព័ន្ធអេកូឡូស៊ី និងជម្រកសត្វព្រៃនៅក្នុងតំបន់នោះ៕



ចែករំលែកព័តមាននេះ