ទីក្រុងអាប៊ូដាប៊ី៖ ការចរចាគ្នាត្រីភាគីរវាងគណៈប្រតិភូអាមេរិក រុស្ស៊ី និងអ៊ុយក្រែននៅប្រទេសអារ៉ាប់រួមបានបិទបញ្ចប់ហើយដោយគ្មានកិច្ចព្រមព្រៀងអ្វីទេ។ ប៉ុន្តែពួកគេរំពឹងថានឹងបន្តការជួបគ្នានៅសប្ដាហ៍ក្រោយជាថ្មីម្ដងទៀត។ ទន្ទឹមនឹងនោះ យោធារុស្ស៊ីបន្តវាយប្រហារទីក្រុងតូចធំរបស់អ៊ុយក្រែនដូចសព្វមួយដង បណ្ដាលឱ្យប្រជាជនជាងមួយលាននាក់គ្មានភ្លើងអគ្គិសនីប្រើប្រាស់ និងគ្មានឥន្ធនៈសម្រាប់ដុតកម្ដៅខ្លួនទេនៅពេលសីតុណ្ហភាពត្រជាក់ដល់ក្រោមសូន្យអង្សា។

តាមរយៈសេចក្ដីប្រកាសក្រោយការចរចានោះ គេអាចសន្និដ្ឋានថាគ្មានកិច្ចព្រមព្រៀងណាមួយទេ។ ទោះជាបែបនេះក្ដី រុស្ស៊ី និងអ៊ុយក្រែនសុទ្ធតែអះអាងដូចៗគ្នាថាពួកគេបើកទូលាយជានិច្ចសម្រាប់ការសន្ទនាគ្នានាពេលអនាគត។ លោកហ្សេឡិនស្គីបង្ហោះសារនៅលើបណ្ដាញអ៊ិចថាការចរចាគ្នាលើកនេះផ្ដោតសំខាន់ទៅលើលទ្ធភាពនៃការបញ្ចប់សង្គ្រាម។

មន្ត្រីរដ្ឋាភិបាលអាមេរិកម្នាក់បង្ហើបឱ្យដឹងថានឹងមានការពិភាក្សាគ្នាទៀតនៅទីក្រុងអាប៊ូដាប៊ី ប្រទេសអារ៉ាប់រួម នាថ្ងៃអាទិត្យសប្ដាហ៍ក្រោយ។ មន្ត្រីរូបនោះថ្លែងបន្តទៀតថាភាគីដែលចូលរួមសុទ្ធតែបង្ហាញការគោរពគ្នាទៅវិញទៅមកព្រោះពួកគេពិតជាចង់ស្វែងរកដំណោះស្រាយដ៏ពិតប្រាកដមួយ។ អ្នកនាំពាក្យរដ្ឋាភិបាលអារ៉ាប់រួមថ្លែងថារុស្ស៊ី និងអ៊ុយក្រែនបានឆ្លើយឆ្លងគ្នាដោយផ្ទាល់ទៅវិញទៅមកនៅក្នុងឱកាសនោះ។ នេះជាករណីដ៏កម្រមួយចាប់តាំងពីពេលដែលសង្គ្រាមបានផ្ទុះឡើង។

នៅពេលកំពុងទន្ទឹងរង់ចាំការជួបគ្នាជាថ្មីនោះ មន្ត្រីអាមេរិកខាងលើបង្ហាញសេចក្ដីសង្ឃឹមថានឹងមានការចរចាគ្នាជាហូរហែទៀត។ ពោលគឺមិនមែនបិទបញ្ចប់ត្រឹមហ្នឹងទេ។ ថ្ងៃណាមួយអាចនឹងមានកិច្ចជំនួបនៅទីក្រុងម៉ូស្គូ ឬទីក្រុងកៀវក៏អាចថាបាន។ តាមទស្សនៈរបស់យើង ការជួបគ្នារបៀបនេះត្រូវតែកើតឡើងមុននឹងឈានដល់ការជួបគ្នាកម្រិតកំពូលដោយផ្ទាល់ទ្វេភាគីរវាងលោកពូទីន និងលោកហ្សេឡិនស្គី។ ហើយក៏អាចនឹងមានការជួបគ្នាត្រីភាគីរវាងលោកទាំង២ និងលោកត្រាំផងដែរ៕ ប្រភព៖ រ៉យទ័រ និងប្រភពដទៃទៀត
ចែករំលែកព័តមាននេះ