រាជធានីភ្នំពេញ ៖ ប្រជាពលរដ្ឋទិញដីនិងផ្ទះបុរីឡេង ណាវ៉ាត្រា(គម្រោងជ្រែ១០០)ប្រមាណជិត៥០នាក់បានផ្ទុះការតវ៉ាជាថ្មីដោយស្រែកអយុត្តិធម៌ចោទឧកញ៉ា ឡេង ណាវ៉ាត្រា បោកប្រាស់ ត្រូវតែសងលុយពួកគាត់វិញ ។
ការតវ៉ានេះផ្ទុះឡើងសារជាថ្មីកាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី២៥ខែមករា ឆ្នាំ២០២៦នៅតាមផ្លូវជាតិលេខ៦Aក្នុងភូមិក្តីចាស់ សង្កាត់បាក់ខែង ខណ្ឌ ជ្រោយចង្វារាជធានីភ្នំពេញ។
ការលើកគ្នាតវ៉ាជាថ្មីនេះ បន្ទាប់ពីមានការដោះស្រាយរបស់ក្រសួងរៀបចំដែនដីនគររូបនីយកម្មនិងសំណង់ហើយត្រូវបានឧកញ៉ា ឡេង ណាវ៉ាត្រាសន្យាថាដាក់ជាងសាងសង់ នៅថ្ងៃទី១៨ខែមករា តែ«សន្យាខ្យល់» ។
នៅក្នុងការតវ៉ានោះដែរ ប្រជាពលរដ្ឋក៏បានលើកបដា និងរូបសម្ដេចតេជោ, សម្ដេចបវរធិបតីទទួចអោយសម្តេចទាំង២ជួយអន្តរាគមន៍និងស្រែកយ៉ាងទ្រហឹងថា អយុត្តិធម៌, ឡេង ណាវ៉ាត្រា បោកប្រាស់ សងលុយពួកខ្ញុំវិញ លើសកុងត្រា៥ទៅ៦ឆ្នាំហើយមិនធ្វើផ្ទះសង់អោយទេ។
គួរបញ្ជាក់ថា ប្រជាពលរដ្ឋរាប់ពាន់គ្រួសារហើយបានរងគ្រោះដោយសារទិញដី និងផ្ទះបុរី ឡេង ណាវ៉ាត្រាដែល ស្ថិតក្នុងភូមិអន្លង់ស្លែង ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្តាល ដោយទិញដីមិនបានដីទិញផ្ទះមិនបានផ្ទះនិងបានផ្ទុះការតវ៉ាបិទផ្លូវជាតិ៦អាជាបន្តបន្ទាប់ ។
សូមបញ្ជាក់ថា បន្ទាប់ពីតវ៉ាជាង១ម៉ោងប្រពលរដ្ឋក៍បានបិតផ្លូវជាតិលេខ៦នោះដែរ លុះបានមួយសន្ទុះ ក៏បានបើកឡើងវិញ ដោយមានការសម្របសម្រួលពីអាជ្ញាធរ ។
ព័ត៌មានបន្តនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕













ចែករំលែកព័តមាននេះ