កម្ពុជាបានចំណាយប្រាក់សរុបប្រមាណ២,៤៣ ពាន់លានដុល្លារអាមេរិក សម្រាប់ការនាំចូលប្រេងម៉ាស៊ូត សាំង និងហ្គាស នៅក្នុងឆ្នាំ ២០២៥ ធ្លាក់ចុះប្រមាណជា ៩,៦ភាគរយ បើប្រៀបធៀបនឹងរយៈពេលដដែល កាលពីឆ្នាំមុន ។ នេះបើយោងតាមទិន្នន័យដែលក្រសួងពាណិជ្ជកម្មបានប្រកាសថ្មីៗនេះ ។
របាយការណ៍ដដែលបានបង្ហាញថា ការនាំចូលប្រេងម៉ាស៊ូត មានតម្លៃប្រមាណ១,២៦ ពាន់លានដុល្លារធ្លាក់ចុះ១១ភាគរយ បើប្រៀបធៀបនឹងឆ្នាំមុន ខណៈការនាំចូលសាំង មានតម្លៃប្រមាណ៨៤០លានដុល្លារ ធ្លាក់ចុះ១១,២ ភាគរយ ។ ចំណែកឯការនាំចូលហ្គាស មានតម្លៃប្រមាណ៣៣៤ លានដុល្លារ ធ្លាក់ចុះបន្តិច០,១ ភាគរយ។
ការធ្លាក់ចុះនៃការចំណាយលើការនាំចូលថាមពលនេះ ត្រូវបានអ្នកវិភាគយល់ថា អាចបណ្តាលមកពីការប្រែប្រួលតម្លៃប្រេងនៅទីផ្សារអន្តរជាតិ និងស្ថានភាពសេដ្ឋកិច្ចសកលដែលនៅតែមានភាពមិនប្រាកដប្រជា ។
បច្ចុប្បន្ននេះ កម្ពុជានៅតែពឹងផ្អែកទាំងស្រុងលើការនាំចូលប្រេង និងហ្គាស ដើម្បីបំពេញតម្រូវការថាមពលក្នុងស្រុក សម្រាប់វិស័យដឹកជញ្ជូន ឧស្សាហកម្ម និងការប្រើប្រាស់ប្រចាំថ្ងៃ។
អ្នកជំនាញបានលើកឡើងថា លទ្ធផលនេះបញ្ជាក់ពីសារៈសំខាន់នៃការបន្តជំរុញការអភិវឌ្ឍថាមពលជំនួស និងថាមពលកកើតឡើងវិញ ដើម្បីកាត់បន្ថយការពឹងផ្អែកលើការនាំចូល និងពង្រឹងសុវត្ថិភាពថាមពលជាតិ ៕
ចែករំលែកព័តមាននេះ