ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឱ្យតែមានប្រាក់ ចង់ធ្វើអ្វីអត់ច្បាប់ក៏បានដែរ?

5 ម៉ោង មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ​៖ ផ្ទះ​មួយ​ខ្នង​ដែល​ធ្វើ​អំពី​ឈើ​លើ​ថ្ម​ក្រោម និង​ឃ្លាំង​មួយ​កន្លែង​ដែល​គេ​ស្គាល់​ថា​ជា​របស់​លោក ខូ​វ ឡាយ​តិច កំពុង​តែ​ធ្វើការ​សាងសង់​ជា​រៀងរាល់ថ្ងៃ​នៅ​ជាប់ជើង​ភ្នំ​(​ក្រឡា​បឹង​) ស្ថិត​នៅ​ក្នុងភូមិ​ព្រៃ​កន្ទ្រុង ឃុំ​ធម្មតា​អរ ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ…

ខេត្តកំពង់ស្ពឺ​៖ ផ្ទះ​មួយ​ខ្នង​ដែល​ធ្វើ​អំពី​ឈើ​លើ​ថ្ម​ក្រោម និង​ឃ្លាំង​មួយ​កន្លែង​ដែល​គេ​ស្គាល់​ថា​ជា​របស់​លោក ខូ​វ ឡាយ​តិច កំពុង​តែ​ធ្វើការ​សាងសង់​ជា​រៀងរាល់ថ្ងៃ​នៅ​ជាប់ជើង​ភ្នំ​(​ក្រឡា​បឹង​) ស្ថិត​នៅ​ក្នុងភូមិ​ព្រៃ​កន្ទ្រុង ឃុំ​ធម្មតា​អរ ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ បាន​យ៉ាង​រលូន អាជ្ញាធរ និង​ជំនាញ​ពាក់ព័ន្ធ​ហាក់បីដូច​មិន​អើពើ​សោះ ។

ប្រជាពលរដ្ឋ​រស់នៅ​ក្នុងភូមិ​ព្រៃ​កន្ទ្រុង ឃុំ​ធម្មតា​អរ ស្រុក​សំរោង​ទង​បាន​បង្ហើប​ឱ្យ​ដឹង​ថា ការ​សាងសង់​ផ្ទះ និង សាងសង់​ឃ្លាំង​នេះ​មាន​សកម្មភាព​ជាង​០២​ខែ​កន្លង​ទៅ​ហើយ ដែល​ម្ចាស់​ទីតាំង​ខាងលើ​បាន​ធ្វើការ​សាងសង់​ផ្ទះ​មួយ​ខ្នង​ធ្វើ​អំពី​ឈើ​លើ ថ្ម​ខាងក្រោម និង​មានការ​ជីក​កាយ​ជើងភ្នំ​ធ្វើ​ជា​ផ្លូវ​ចាក់​ថ្ម​មិច និង​មាន​ដាក់​កញ្ចុះ​នៅ​លើ​ដី​នោះ​ថែម​ទៀត​ផង​។

ប្រជាពលរដ្ឋ​បាន​បន្ត​ថា​ផ្ទះ​និង​ឃ្លាំង​ដែល​ធ្វើការ​សាងសង់​នោះ​ជិត​រួចរាល់​១០០%​ហើយ ​ត្រឹមតែ​រយះ​ពេល​ជាង​០១​ខែ​សោះ គេ​មិន​ដែល​ឃើញ​អាជ្ញាធរ​និង​ជំនាញ​ចុះ​មក​ពិនិត្យ​និង​ធ្វើការ​ហាមឃាត់​ក្រុម​ជាង​ៗ​ដែល​ធ្វើការ​សាងសង់​នោះ​ឡើយ ខណៈ​ដែល​ផ្ទះ​និង​ឃ្លាំង​ខាងលើ​នេះ​សង់​ជិត​ជើងភ្នំ ដែល​ជា​សម្បត្តិ​របស់​រដ្ឋ​នោះ​។

មជ្ឈដ្ឋាន​មហាជន​លើក​ឡើង​ថា តើ​អ្នក​ដែល​ហ៊ាន​ធ្វើការ​សាងសង់​ផ្ទះ​និង​សាងសង់​ឃ្លាំង​នៅ​ជាប់ជើង​ភ្នំ​នេះ​ជា​នរណា? ប្រហែលជា​មាន​លុយ​និង​មាន​អំណាច​ហើយ​ទើប​អាច​ធ្វើការ​សាងសង់​លំនៅ​ដ្ឋា​ន និង​សាងសង់​ឃ្លាំង​ជាប់ជើង​ភ្នំ​ដែល​ជា​សម្បត្តិ​ធនធានធម្មជាតិ​ដ៏​កម្រ​បែប​នេះ​បាន​នោះ​!​។ ​ប្រជាពលរដ្ឋ​ដាក់​ការ​សង្ស័យ​ថា សង្ស័យ​មានការ​ឃុបឃិត​និង​ត្រូវរ៉ូវ​ជាមួយ​អាជ្ញាធរ និង​ជំនាញ​ពាក់ព័ន្ធ​ហើយ​ទើប​ម្ចាស់​ទីតាំង​ហ៊ាន​ធ្វើការ​សាងសង់​ផ្ទះ​និង​ឃ្លាំង​ជាប់ជើង​ភ្នំ​ធ្វើ​ជា​សម្បត្តិ​ផ្ទាល់ខ្លួន​បាន​បែប​នេះ​ ​ ដែលគេនិយាយថា មានប្រាក់ទិញយក្សប្រើ​ ។

ពាក់ព័ន្ធ​និង​រឿង​សាងសង់​ផ្ទះ​និង​សាងសង់​ឃ្លាំង​នៅ​ក្បែរ​ជើងភ្នំ​ក្រឡា​បឹង​នេះ​ដែរ លោក អែម ធន មេឃុំ​ធម្មតា​អរ នៃ​ស្រុក​សំរោង​ទង​បានឱ្យ​ដឹង​តាម​ទូរស័ព្ទ​ថា គេ​រត់​ច្បាប់​របស់​គេ​ហើយ មិន​ទាន់​ឃើញ​ច្បាប់​មក​ដល់​គេ​ធ្វើ​ឃ្លាំង​មិនដឹង​ថា​ឃ្លាំង​ដាក់​អី​ឱ្យ​ប្រាកដ​នោះ​ទេ​។ ហើយ​ដី​នេះ​លោក ខូ​វ ឡាយ​តិច បាន​ទិញ​ពី​ប្រជាពលរដ្ឋ​នៅ​ក្នុងភូមិ​ព្រៃ​កន្ទ្រុង ឃុំ​ធម្មតា​អរ ទំហំ​ជាង​០១​ហិ​កតា ការ​សាងសង់​ប្រហែល​ជាមួយ​ខែ ពីរ​ខែ​មក​ហើយ លោក ខូ​វ ឡាយ​តិច រស់នៅ​ម្តុំ​ផ្សារ​កំពង់ស្ពឺ​ទេ​ប៉ុន្តែ​គាត់​មក​ទិញ​ដី​នៅ​នឹង។

ដោយឡែក​លោក សូ សុ​ភិន ប្រធាន​ការិយាល័យ​សុរិយោដី​ស្រុក​សំរោង​ទង អ្នក​យក​ព័ត៌មាន​កោះសន្តិភាព​តេ​ទូរស័ព្ទ​ដើម្បី​សួរនាំ​ពី​ការ​សាងសង់​ផ្ទះ និង​ឃ្លាំង​ពី​សំណាក់ លោក ខូ​វ ឡាយ​តិច តេ​ចូល​ចំនួន​០២​ដង មិន​មាន​អ្នក​លើក​។

ចំណែក​លោក ប៊ិ​ញ ជីវ​តុង ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្តកំពង់ស្ពឺ អ្នក​យក​ព័ត៌មាន​កោះសន្តិភាព​តេ​ទូរស័ព្ទ​ដើម្បី​សួរ​ព័ត៌មាន​ពី​ការ​ជីក​កាយ​ជើងភ្នំ​ក្រឡា​បឹង ធ្វើការ​សាងសង់​ឃ្លាំង​ពី​សំណាក់​លោក ខូ​វ ឡាយ​តិច ប៉ុន្តែ​តេ​ចូល​ចំនួន​០២​ដង មិន​មាន​អ្នក​ទទួល​ ។

សង្ស័យស្គាល់លេខទូរស័ព្ទ អ្នកកាសែត…ខ្លាចសួរនាំ ដាច់លាភទេដឹង បានជា​មិនអាចសួរនាំបាន?…ហេ! ហេ! ។

ព័ត៌មានបន្តនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ