ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​បណ្តេញ​ជនជាតិ​កូរ៉េ​ខាងត្បូង និង​ភូមា​ជាង​​២០០​នាក់​ ពាក់ព័ន្ធ​នឹង​ការ​ឆបោក​តាម​ប្រព័ន្ធ​​បច្ចេកវិទ្យា

6 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ក្នុង​ការ​អនុវត្ត​វិធានការ​បង្ក្រាប​បទល្មើស​ឆ្លង​ដែន និង​ការ​ប្រយុទ្ធ​ប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា នៅ​ថ្ងៃ​ទី​២៣ ខែមករា ឆ្នាំ​២០២៦ រាជរដ្ឋាភិបាល​កម្ពុជា​សម្រេច​បណ្តេញ​ជនបរទេស​ចំនួន​២០៩​នាក់ ក្នុង​នោះ មាន​ជនជាតិ​កូរ៉េ​ខាង​ខាងត្បូង​ចំនួន​៧៣​នាក់…

រាជធានី​ភ្នំពេញ​ ៖ ក្នុង​ការ​អនុវត្ត​វិធានការ​បង្ក្រាប​បទល្មើស​ឆ្លង​ដែន និង​ការ​ប្រយុទ្ធ​ប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា នៅ​ថ្ងៃ​ទី​២៣ ខែមករា ឆ្នាំ​២០២៦ រាជរដ្ឋាភិបាល​កម្ពុជា​សម្រេច​បណ្តេញ​ជនបរទេស​ចំនួន​២០៩​នាក់ ក្នុង​នោះ មាន​ជនជាតិ​កូរ៉េ​ខាង​ខាងត្បូង​ចំនួន​៧៣​នាក់ និង​ភូមា​ចំនួន​១៣៦​នាក់​ចេញពី​ប្រទេស ដើម្បី​ឲ្យ​រដ្ឋាភិបាល​របស់​ពួក​គេ​អនុវត្ត​នីតិវិធី​បន្ត​ ។ ​នេះ​បើ​តាម​អ្នកនាំពាក្យ​ក្រសួង​ព័ត៌មាន​ ។

ឯកឧត្តម ទេព អ​ស្នា​រិ​ទ្ធ ​អ្នកនាំពាក្យ​ក្រសួង​ព័ត៌មាន​ ផ្អែក​តាម​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​នៃ​ក្រសួងមហាផ្ទៃ ក្នុង​ចំណោម​ជនបរទេស​ទាំង​២០៩​នាក់​នេះ មាន​ទាំង​ជន​រង​គ្រោះ និង​ជនសង្ស័យ​ប្រព្រឹត្តិ​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ដែល​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​នា​ពេល​កន្លង​មក​ ។ នេះ​មិនមែន​ជា​លើក​ទី​១​ទេ ដែល​កម្ពុជា​បាន​បញ្ជូន​ជនបរទេស ជា​ពិសេស​ ជនជាតិ​កូរ៉េ​ខាងត្បូង​ទៅ​ប្រទេស​ខ្លួន​វិញ បន្ទាប់​ពី​ពួក​គេ​ត្រូវ​បាន​សមត្ថកិច្ច​រក​ឃើញ​ថា មាន​ជាប់​ពាក់ព័ន្ធ​នឹង​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ខណៈ​ដែល​កាលពី​ឆ្នាំ​២០២៥​កន្លង​មក កម្ពុជា​ក៏​បាន​បញ្ជូន​ជនជាតិ​កូរ៉េ ចំនួន​២៤៤​នាក់​ផង​ដែរ​។

ការ​បញ្ជូន​ជនបរទេស​ខាងលើ​នេះ គឺជា​ការ​អនុវត្ត​នូវ​វិធានការ​ច្បាប់​យ៉ាង​ម៉ឹង​ម៉ាត់​របស់​រាជ
រដ្ឋាភិបាល​កម្ពុជា​ក្នុង​កិច្ច​ខិតខំ​បោសសម្អាត ដើម្បី​លុប​បំបាត់​ឧក្រិដ្ឋកម្ម​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ធានា​ការពារ​សុវត្ថិភាព​ជូន​ប្រជាជន​ទាំង​ក្នុង​តំបន់ និង​សាកលលោក ដោយ​គ្មាន​ការ​លើកលែង​ឡើយ​ចំពោះ​មេខ្លោង ដែល​នៅ​ពីក្រោយ  ក៏​ដូច​ជា​ជួយ​សង្គ្រោះ​ជន​រង​គ្រោះ ដែល​​ត្រូវ​មេខ្លោង​បោក​បញ្ឆោត​ឱ្យមក​ធ្វើការ​ក្នុង​សកម្មភាព​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​នេះ ឱ្យ​មាន​សេរីភាព និង​អាច​វិល​ត្រឡប់​ទៅ​ប្រទេស​ខ្លួន​វិញ​ ។

គួររំលឹក​ថា គិត​ចាប់ពី​ថ្ងៃ​ទី​០១ ខែមករា ឆ្នាំ​២០២៦ រហូត​ដល់​ថ្ងៃ​ទី​ទី​២២ ខែមករា ឆ្នាំ​២០២៦ កម្ពុជា​បាន​បណ្តេញ​ជនបរទេស​សរុប​ចំនួន​១៦២០​នាក់ ​មាន​២១​សញ្ជាតិ​ ដូច​ជា​៖ ជនជាតិ​វៀតណាម ថៃ ចិន ​ប៉ា​គី​ស្ថាន ឥណ្ឌូ​នេ​ស៊ី កូរ៉េ​ខាងត្បូង និង​ជនជាតិ​ភូមា​ជាដើម ​។

ក្នុង​ប្រតិបត្តិការ​បង្ក្រាប​សកម្មភាព​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​នៅ​ទូ​ទាំង​ប្រទេស ​ក្នុង​រយៈពេល​៧​ខែ​ចុង​ក្រោយ​នេះ សមត្ថកិច្ច​កម្ពុជា​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៥១០៦​នាក់ មាន​២៣​សញ្ជាតិ និង​បណ្តេញចេញ​ទៅ​ប្រទេស​ដើម​វិញ​ចំនួន​៤៥៣៤​នាក់ ​។ ជាមួយ​គ្នា​នេះ តុលាការ​កម្ពុជា​ក៏​បាន​អនុវត្ត​នីតិវិធី​ផ្លូវច្បាប់​លើ​សំណុំរឿង​ធំ​ៗ​ចំនួន ៣៧​ករណី ហើយ​ផ្តន្ទាទោស​មេខ្លោង និង​បក្ខពួក​ចំនួន​១៧២​នាក់​ផង​ដែរ​។

សូម​បញ្ជាក់​ថា ក្នុង​ក្រប​ខណ្ឌ​យុទ្ធនាការ​បោសសម្អាត​ការ​ឆបោក​តាម​ប្រព័ន្ធ បច្ចេកវិទ្យា​នេះ ក្រុម​សមត្ថកិច្ច​ជំនាញ​នៃ​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ និង​កំលាំង​សមត្ថកិច្ច​ចម្រុះ​ទូ​ទាំង​ប្រទេស ដោយ​ធ្វើការ​សហការ​ជាមួយ​ប្រទេស​ដៃគូ​នានា នឹង​ចាត់វិធានការ​តាម​ផ្លូវច្បាប់ យ៉ាង​តឹង​រឹង​បំផុត​ចំពោះ​មេខ្លោង​ទាំងឡាយ ដែល​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​នេះ ដោយ​គ្មាន​ការ​លើកលែង​ឡើយ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ