ខេត្តបាត់ដំបង ៖ លំនៅឋានមួយខ្នងដែលសាងសង់ពីឈើ ប្រក់ស័ង្កសី ត្រូវបានអគ្គិភ័យដែលគេសង្ស័យ បណ្ដាលមកពីការឆ្លងចរន្តអគ្គិសនីបានលេបត្របាក់អស់គ្មានសល់ កាលពីវេលាម៉ោង២ និង៤៥នាទីរសៀលថ្ងៃទី២២ មករា នៅចំណុចភូមិចំការសំរោង១ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង តែពុំបង្កគ្រោះថ្នាក់ដល់មនុស្សទេ ។

របាយការណ៍សមត្ថកិច្ចជំនាញបានឲ្យដឹងថា លំនៅឋានដែលត្រូវអគ្គិភ័យឆេះគ្មានសល់នោះ សាងសង់ពីឈើនិងប្រក់ស័ង្កសី មានទំហំ ៥ម៉X១២ម៉ ជាកម្មសិទ្ធិរបស់លោក ឡឹក រ៉ុង អាយុ៥៥ឆ្នាំ រស់នៅចំណុចកើតហេតុ ។

តាមការស្រង់សម្ដីម្ចាស់ផ្ទះ ដែលបានរាយការប្រាប់សមត្ថកិច្ច៖ អគ្គិភ័យនេះផ្ដើមចេញពីការ«ឆ្លងចរន្តអគ្គិសនី» ។ អគ្គិភ័យបានឆេះរាលដាលខ្លាំងភ្លាមៗ ហើយអ្នកភូមិនិងម្ចាស់ផ្ទះបានព្យាយាមជួយជះទឹកពន្លត់មុនពេលរថយន្តពន្លត់អគ្គិភ័យរបស់សមត្ថកិច្ចទៅដល់ តែមិនអាចធ្វើឲ្យអគ្គិភ័យនោះថមថយឡើយ ព្រោះភ្លើងមានកម្លាំងខ្លាំង ។

បើតាមសមត្ថកិច្ចបាននិយាយថា រថយន្តពន្លត់អគ្គិភ័យបានចេញអន្តរាគមន៍ភ្លាមៗដែរ តែបានត្រឹមបាញ់ទឹកទប់ស្កាត់មិនឲ្យឆ្លងរាលដាល ខណៈព្រះអគ្គីនោះឆេះខ្លាំងស្ទើរមួយប៉ព្រិចភ្នែកឆេះផ្ទះអស់ឡគ្មានសល់ ។

បើនិយាយពីតុល្យការនៃការខូចខាតវិញ របាយការណ៍បានបញ្ជាក់ថា ក្រៅពីអស់ផ្ទះមួយខ្នង ទ្រព្យសម្បត្តិ និងសម្ភារប្រើប្រាស់ផ្សេងៗ ដែលនៅក្នុងផ្ទះក៏ក្លាយជាផេះផង់ទាំងអស់ដែរ ។ ប៉ុន្តែភ្លាមៗ គេមិនទាន់ប៉ាន់ប្រមាណជាទឹកប្រាក់ត្រូវខាតបង់អស់ប៉ុន្មាននៅឡើយទេ ព្រោះអាជ្ញាធរ និងមន្ត្រីជំនាញកំពុងធ្វើកាសាកសួរជនរងគ្រោះ ៕





ចែករំលែកព័តមាននេះ