ខេត្តកំពង់ស្ពឺ ៖ តូបជួលលក់ដូរជាច្រើនពី ៣០ ទៅ ៤០តូប គ្រោងនឹងដាក់ជួលឆាប់ៗខាងមុខ ដែលគេសង្ស័យថា អ្នកមានលុយមានអំណាចកំពុងតែធ្វើការសាងសង់ជារៀងរាល់ថ្ងៃ សង្ស័យរំលោភយកដីផ្លូវសាធារណរបស់រដ្ឋ (ផ្លូវរទេះភ្លើង) ក្នុងក្រុងច្បារមន ។ តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋរស់នៅក្បែរកន្លែងសាងសង់តូបនោះបានបង្ហើបឱ្យដឹងថា សកម្មភាពសាងសង់តូបនោះមានរយៈពេលជាងមួយខែមកហើយ ដោយគេជួលជាងធ្វើសំណង់ រៀបឥដ្ឋ សាងសង់ធ្វើរបៀបជាបន្ទប់ជួលដើម្បីលក់ដូរ និងឃើញមានជាងដែកផ្សារដំបូលទៀតផង ។ បន្ទប់ទាំងអស់នោះមិនក្រោម ៣០ ទៅ ៤០បន្ទប់នោះឡើយ ចាប់ពីមុខរោងចក្រដែលគេទើបសាងសង់ថ្មីរហូតមកខាងលិចតាមលើផ្លូវរទេះភ្លើងចាស់នេះ អ្នកមានលុយមានអំណាចទើបអាចធ្វើបាន ប្រជាពលរដ្ឋដូចពួកគាត់មិនអាចធ្វើបានឡើយ ។
បើតាមមន្ត្រីអាជ្ញាធរម្នាក់បានបង្ហើបឱ្យដឹងថា ម្ចាស់អ្នកសាងសង់តូបជាច្រើននៅលើផ្លូវរទេះភ្លើង សង្ស័យរំលោភយកដីរបស់រដ្ឋនេះ ជាអ្នកមានលុយម្នាក់ឈ្មោះ ស្រេង លក់ដូរនៅម្តុំផ្សារកំពង់ស្ពឺ ដែលមិនខ្លាចញញើតច្បាប់អ្វីបន្តិចទាល់តែសោះ បើទោះបីដឹងថា ផ្លូវរទេះភ្លើងនេះមានយូរមកហើយ មិនមានប្រជាពលរដ្ឋណាហ៊ានធ្វើការសាងសង់ ឬរំលោភបំពាន ចង់បានយកធ្វើជាសម្បត្តិផ្ទាល់ខ្លួននោះ។
ប៉ុន្តែបែរជាថ្មីៗនេះ មានអស់លោកអ្នកមានលុយ មានអំណាចម្នាក់ឈ្មោះ ស្រេង លក់ម៉ាស៊ីនគោយន្តបែរជាធ្វើការសាងសង់តូបជាច្រើនបន្ទប់ គ្រោងជួលសម្រាប់លក់ដូរនៅលើផ្លូវរទេះភ្លើងនេះទៅវិញ ដែលធ្វើឱ្យប្រជាពលរដ្ឋនឹងអ្នកធ្វើដំណើរឆ្លងកាត់ទីនោះម្នាក់ៗនឹកហួសចិត្ត និងខ្លះលើកឡើងថា អាងតែមានលុយមានអំណាចចង់ធ្វើអ្វីក៏បានដែរ អាចសាងសង់តូបលក់ដូរលើផ្លូវសាធារណរបស់រដ្ឋបានទៀត តើស្របច្បាប់ដែរឬយ៉ាងណា ?
ពាក់ព័ន្ធនឹងការលើកឡើងរបស់ប្រជាពលរដ្ឋខាងលើនេះដែរ លោក ភួង ប៉ុណ្ណាក់ ប្រធានការិយាល័យភូមិបាលក្រុងច្បារមន បានឱ្យ កោះសន្តិភាព ដឹងតាមទូរស័ព្ទថា ការសាងសង់តូបនៅលើផ្លូវសាធារណរបស់រដ្ឋនេះមិនមានច្បាប់អនុញាតិឡើយ ។ ខាងអាជ្ញាធរ និងជំនាញក្រុងច្បារមនបានចុះទៅធ្វើការហាមឃាត់សំណង់ខាងលើនេះរួចរាល់ហើយ ។ បន្ទាប់មកយើងដាក់លិខិតផ្អាកឱ្យគាត់ឈប់ធ្វើការសាងសង់ ហើយឱ្យគាត់អនុវត្តន៍តាមច្បាប់ផ្លូវថ្នល់អីតាមកម្មសិទ្ធិរបស់គាត់ដែលមាន ។
ព័ត៌មានបន្តនឹងមានផ្សាយនៅលើកាសែតកោះសន្តិភាព ៕








ចែករំលែកព័តមាននេះ