ខេត្តបន្ទាយមានជ័យ ៖ នៅព្រឹកថ្ងៃទី ២១ ខែ មករា ឆ្នាំ២០២៦ លោកឧត្ដមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានចាត់លោកឧត្តមសេនីយ៍ត្រី រ៉ែម វីរៈ ស្នងការរង ផែនការងារសេនាធិការ លោកឧត្តមសេនីយ៍ត្រី ប៊ុន ផេង ស្នងការរងផែនការងារ អាវុធគ្រឿងផ្ទុះ អគ្គីភ័យ បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការ នគរបាលជាតិ រួមមាន ថវិកា និងភេសជ្ជៈ សួរសុខទុក្ខ លោកអ៊ុ ប៉ុក សារុំ ភេទប្រុស អាយុ ៦៤ឆ្នាំ ជាប្រជាពលរដ្ឋ មានទីលំនៅបច្ចុប្បន្ន ភូមិបន្ទាយមានឬទ្ធិ ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ដែលទាហារថៃចាប់ខ្លួនបានកាលពីថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ ២០២៥ ហើយបានបញ្ជូនត្រឡប់មកវិញនៅថ្ងៃទី ២០ ខែ មករា ឆ្នាំ ២០២៦ ហើយកំពុងសំរាកព្យាបាលជំងឺនៅមន្ទីរពេទ្យមិត្តភាព-កម្ពុជាជប៉ុន ស្រុកមង្គលបូរី ។
លោកឧត្តមសេនីយ៍ត្រី ស្នងការរង តំណាងលោកឧត្ដមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ក៏បានពាំនាំការសួរសុខទុក្ខពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការ នគរបាលជាតិ ជូនដល់លោកអ៊ុ ប៉ុក សារុំ និងជូនពរលោកអ៊ុសូមឱ្យឆាប់ជាសះស្បេីយ និងមានសុខភាពល្អមាំមួនឡើងវិញ ដើម្បីអាចត្រឡប់ទៅលំនៅដ្ឋានវិញ។ ជាមួយគ្នានេះ ក្នុងនាមស្នងការដ្ឋាននគរបាលខេត្ត ក៏សូមថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យ និងបុគ្គលិកសុខាភិបាលទាំងអស់ដែលបានសហការ ក្នុងការជួយសម្របសម្រួលដឹកជញ្ជូន និងព្យាបាលបងប្អូនប្រជាពលរដ្ឋយ៉ាងយកចិត្តទុកដាក់ និងបានល្អ ។
ជាមួយគ្នានោះ លោកអ៊ុ ប៉ុក សារុំ សូមគោរពជូនពរដល់គ្រប់ថ្នាក់ដឹកនាំទាំងអស់ តែងតែគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋ សូម ទទួលបានសុខភាពល្អបរិបូរណ៍ កម្លាំងកាយមាំមួន បញ្ញាញាណភ្លឺថ្លា ជន្មាយុយឺនយូរ និងសម្រេចបានជោគជ័យ នូវបេសកកម្មដ៏ឧត្តុង្គឧត្តម ក្នុងកិច្ចការ ការពារបូរណភាពទឹកដី និងរក្សាការពារ សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម និងសូមប្រកបដោយព្រះពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕




ចែករំលែកព័តមាននេះ