រាជធានីភ្នំពេញ ៖ អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ លោកស្រីដោ សម្ផស្ស នាយិការងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា បន្ទាប់ពីរៀបចំអ្នកលក់ដូរគ្មានសណ្ដាប់ធ្នាប់ បានល្អប្រសើរ ចាប់ពីព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦នេះ រដ្ឋបាលរាជធានីភ្នំពេញបានបើកឱ្យ ចរាចរណ៍ចេញ-ចូល នៅមហាវិថីព្រះមុនីរ៉េត ជាធម្មតាសម្រាប់ពេលថ្ងៃ ។
លោកស្រីបន្តថា ទោះបីបើកឱ្យមានលំហូរចរាចរណ៍បែបនេះ ក៏ដោយ ក៏រដ្ឋបាលរាជធានីភ្នំពេញនៅបន្តឃ្លាំមើលជាប់ជាប្រចាំ និងទប់ស្កាត់មិនឱ្យមានការឆ្លៀតឱកាសចូលលក់ដូរ គ្មានសណ្ដាប់ធ្នាប់នៅលើដងផ្លូវនេះ ជាថ្មីទៀតទេ។
រដ្ឋបាលរាជធានីភ្នំពេញ សំណូមពរដល់បងប្អូនប្រជាពលរដ្ឋទូទៅ មេត្តាចូលរួមសហការ និងផ្តល់ព័ត៌មានបន្ថែម មកយើងខ្ញុំក្នុងករណីរកឃើញថា មានជនឆ្លៀតឱកាសមកលក់ដូរ គ្មានសណ្ដាប់ធ្នាប់សារជាថ្មី នៅលើដងផ្លូវនេះ ។
អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះបងប្អូនប្រជាពលរដ្ឋទូទៅ ក្នុងរាជធានីភ្នំពេញ ដែលផ្តល់ការគាំទ្រយ៉ាងពេញទំហឹង មកដល់យើងខ្ញុំ ក្នុងការរៀបចំសណ្តាប់ធ្នាប់សាធារណៈនៅបរិវេណជុំវិញតំបន់ផ្សារដើមគរនេះ ៕







ចែករំលែកព័តមាននេះ