ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​បន្ត​ប្រកាស​មិន​ទទួលស្គាល់​នូវ​ការ​កែប្រែ​ខ្សែ​ព្រំដែន​ណាមួយ​ដែល​កើត​ចេញពី​ការ​ប្រើ​ប្រាស់​​កម្លាំង​ឡើយ

3 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​បញ្ជាក់​ថា កម្ពុជា​បាន​ធ្វើការ​តវ៉ា​យ៉ាង​ខ្លាំង​ប្រឆាំង​នឹង​សកម្មភាព​របស់​កម្លាំងប្រដាប់អាវុធ​ថៃ និង​ប្រកាស​មិន​ទទួលស្គាល់​នូវ​ការ​កែប្រែ​ខ្សែ​ព្រំដែន​ណាមួយ​ដែល​កើត​ចេញពី​ការ​ប្រើប្រាស់​កម្លាំង​ឡើយ ។ ឯកឧត្តម ប៉ែន បូ​ណា អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​បាន​លើក​ឡើង​ក្នុង​សន្និសីទ​សារព័ត៌មាន​នា​ព្រឹក​ថ្ងៃ​ទី​២១…


រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​បញ្ជាក់​ថា កម្ពុជា​បាន​ធ្វើការ​តវ៉ា​យ៉ាង​ខ្លាំង​ប្រឆាំង​នឹង​សកម្មភាព​របស់​កម្លាំងប្រដាប់អាវុធ​ថៃ និង​ប្រកាស​មិន​ទទួលស្គាល់​នូវ​ការ​កែប្រែ​ខ្សែ​ព្រំដែន​ណាមួយ​ដែល​កើត​ចេញពី​ការ​ប្រើប្រាស់​កម្លាំង​ឡើយ ។

ឯកឧត្តម ប៉ែន បូ​ណា អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​បាន​លើក​ឡើង​ក្នុង​សន្និសីទ​សារព័ត៌មាន​នា​ព្រឹក​ថ្ងៃ​ទី​២១ ខែមករា ឆ្នាំ​២០២៦ ថា កម្ពុជា​សូម​សម្តែង​នូវ​ការ​តវ៉ា​ជំទាស់​យ៉ាង​ខ្លាំង​ចំពោះ​សកម្មភាព​ជា​បន្តបន្ទាប់ ដែល​បង្ក​ឡើង​ដោយ​កងកម្លាំងប្រដាប់អាវុធ​ថៃ ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​អធិបតេយ្យ និង​បូរណភាព​ទឹកដី​របស់​កម្ពុជា ហើយ​ជា​សកម្មភាព​ដែល​មិន​ស្រប​ទៅ​នឹង​វិធានការ​កាត់​បន្ថយ​ភាព​តានតឹង​ដែល​មាន​ចែង​ក្នុង​ចំណុច​ទី​១ នៃសេចក្តី​ប្រកាស​រួម​នៃ​កិច្ចប្រជុំ​ពិសេស​លើក​ទី​៣ របស់​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​(GBC) ចុះ​ថ្ងៃ​ទី​២៧ ធ្នូ ឆ្នាំ​២០២៥ ដែល​ភាគី​ទាំង​ពីរ​កម្ពុជា​-​ថៃ​បាន​ឯកភាព​គ្នា​នោះ​ឡើយ​។

អ្នកនាំពាក្យ​បាន​លើក​ឡើង​ថា សកម្មភាព​បង្កហេតុ​របស់​កងកម្លាំងប្រដាប់អាវុធ​ថៃ បាន​បន្ត​កើត​មាននៅ​ថ្ងៃ​ទី​១៩ ខែមករា ឆ្នាំ​២០២៦ រួម​មាន​ដូច​ជា​៖
១-​ការ​តម្កល់​រូបសំណាក​ព្រះពុទ្ធ​បដិមារ នៅ​លើ​ទីតាំង​រូបសំណាក​បដិមា​ព្រះ​វិស្ណុ​ដែល​ត្រូវ​បាន​បំផ្លាញ​ដោយ​យោធា​ថៃ នៅ​តំបន់​អានសេះ ខេត្តព្រះវិហារ​។
២-​ការ​ដាក់​រាយ​ទូរ​កុងតឺន័រ​ដើម្បី​រាំងផ្លូវ​នៅ​តំបន់​បឹង​ត្រកួន ខេត្តបន្ទាយមានជ័យ​។
៣-​ការ​សាងសង់​លេណដ្ឋាន​ដោយ​ប្រើប្រាស់​គ្រឿងចក្រ​ធុន​ធ្ងន់​នៅ​តំបន់​បឹង​ត្រកួន​។
ជាមួយ​គ្នា​នោះ​ដែរ ។

កម្ពុជា​សូម​អំពាវនាវ​ឱ្យ​ប្រទេស​ថៃ​អនុវត្ត​ឱ្យ​បាន​ពេញលេញ និង​ស្មោះត្រង់​នូវ​គ្រប់​ប្រការ​ទាំងអស់​នៃ​សេចក្តី​ប្រកាស​រួម​នៃ​កិច្ចប្រជុំ​ពិសេស​លើក​ទី​៣ របស់​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​(GBC) ចុះ​ថ្ងៃ​ទី​២៧ ខែធ្នូ ឆ្នាំ​២០២៥ និង​កិច្ចព្រមព្រៀង​ពាក់ព័ន្ធ​ផ្សេង​ទៀត​ដើម្បី​កាត់​បន្ថយ​ភាព​តានតឹង ជា​ប្រយោជន៍​ដល់​ការ​កសាង​ទំនុកចិត្ត ការ​ជឿជាក់ និង​ការ​ស្តារ​សន្តិភាព​ឡើង​វិញ​នៅ​តាម​តំបន់​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ ។

កាលពី​ថ្ងៃ​ទី​១៧ ខែមករា ឆ្នាំ​២០២៦ ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ក៏​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ដោយ​បាន​សម្តែង​ពី​ការ​ជំទាស់​យ៉ាង​ខ្លាំង​របស់កម្ពុជា​ចំពោះ​សកម្មភាព​របស់​កងកម្លាំងប្រដាប់អាវុធ​ថៃ ដែល​ធ្វើ​ឱ្យ​មានការ​កែប្រែ​នូវ​បរិយាកាស​សន្តិសុខ​នៅ​ក្នុង​ឬ​ជុំវិញ​តំបន់​ជន​ស៊ី​វិល ដើម្បី​ពង្រឹង​ការ​គ្រប់គ្រង​យោធា ឬ​បង្កើត​ស្ថានភាព​ថ្មី​នៅ​លើ​ទីតាំង​ជាក់ស្តែង ដែល​ជា​មូលហេតុ​ធ្វើ​ឱ្យ​ខូច​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​កាត់​បន្ថយ​ភាព​តានតឹង និង​រារាំង​ដល់​ការ​វិល​ត្រឡប់​របស់​ជន​ស៊ី​វិល​ទៅ​កាន់​ផ្ទះសម្បែង និង​កាន់កាប់​ទ្រព្យសម្បត្តិ​របស់​ពួក​គេ​ដោយ​សុវត្ថិភាព និង​សេចក្តី​ថ្លៃថ្នូរ​។ សកម្មភាព​ទាំងនោះ រួម​បញ្ចូល​ទាំង​ការ​រាយ​បន្លា​លួស​នៅ​ក្នុង​តំបន់​ច្រក​ទ្វារ​អន្តរជាតិ​ថ្មដា ក្នុង​ខេត្តពោធិ៍សាត់ កាលពី​ថ្ងៃ​ទី​១៦ ខែមករា ឆ្នាំ​២០២៦ ដែល​បង្ក​នូវ​ក្តី​បារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​អធិបតេយ្យ និង​បូរណភាព​ទឹកដី​របស់​កម្ពុជា ហើយ​ដែល​ផ្ទុយ​ពី​ស្មារតី​នៃ​សេចក្តី​ប្រកាស​រួម​ថ្ងៃ​ទី​២៧ ខែធ្នូ ឆ្នាំ​២០២៥ ។

អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​សូម​បញ្ជាក់​ជូន​ជា​ថ្មី​ពី​ជំហរ​របស់​កម្ពុជា​ដូច​តទៅ​៖ ក្នុង​នាម​ជា​ប្រទេស​ស្រឡាញ់​សន្តិភាព កម្ពុជា​បញ្ជាក់​ជា​ថ្មី​នូវ​ការ​ប្តេជ្ញា​ចិត្ត​យ៉ាង​ខ្ជាប់ខ្ជួន​របស់​ខ្លួន​ក្នុង​ការ​គោរព​បទ​ឈប់​បាញ់ និង​គ្រប់​ចំណុច​ទាំងអស់​ដែល​មាន​ចែង​ក្នុង​សេចក្តី​ប្រកាស​រួម​ថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ​២០២៥ និង​កិច្ចព្រមព្រៀង​ដទៃ​ទៀត ។ កម្ពុជា​ប្រកាន់ខ្ជាប់​នូវ​ការ​ដោះស្រាយ​បញ្ហា​ព្រំដែន​ជាមួយ​ប្រទេស​ថៃ​ដោយ​សន្តិវិធី ស្រប​តាម​ច្បាប់​អន្តរជាតិ និង​កិច្ចព្រមព្រៀងទ្វេភាគី​ដែល​មាន​ស្រាប់ ។

កម្ពុជា​ប្រកាន់​ជំហរ​យ៉ាង​ម៉ឺងម៉ាត់​ក្នុង​ការ​ការពារ​ខ្សែ​ព្រំដែន​អន្តរជាតិ​កម្ពុជា​-​ថៃ ដែល​បន្សល់​ទុក​ដោយ​គណៈកម្មការ​ព្រំដែន​ឥណ្ឌូចិន​-​សៀម ដោយ​គោរព​គោលការណ៍​ច្បាប់​អន្តរជាតិ គោល​ការណ៍​ខ្សែ​ព្រំដែន​មិន​កែប្រែ (Uti Possidetis Juris) គោរព​អនុសញ្ញា សន្ធិសញ្ញា​បារាំង​-​សៀម ផែនទី និង​កំណត់ហេតុ​បោះបង្គោល​ព្រំដែន​របស់​គណៈកម្មការ​បោះបង្គោល​ព្រំដែន​ឥណ្ឌូចិន​-​សៀម ព្រមទាំង​កិច្ចព្រមព្រៀង និង​ឯកសារ​ពាក់ព័ន្ធ​នានា​ដែល​ភាគី​ទាំង​ពីរ​បាន​ឯកភាព​គ្នា​នា​ពេល​កន្លង​មក ។ កម្ពុជា​មិន​ទទួលស្គាល់​នូវ​ការ​កែប្រែ​ខ្សែ​ព្រំដែន​ណាមួយ​ដែល​កើត​ចេញពី​ការ​ប្រើ​ប្រាស់​កម្លាំង​ឡើយ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ