រាជធានីភ្នំពេញ៖ «វីរភាពអ្នកការពារព្រំដែន៖ លោកអនុសេនីយ៍ត្រី គៀត ស៊ីម៉ាក់ វិលត្រឡប់មកដល់មាតុភូមិវិញ និងកំពុងសម្រាកព្យាបាលរបួសដោយយកចិត្តទុកដាក់» នៅមន្ទីរពេទ្យមិត្តភាព-កម្ពុជាជប៉ុន ។
យោងតាម ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានប្រកាសនាព្រឹកថ្ងៃទី២១ ខែមករានេះថា ៖ លោកអនុសេនីយ៍ត្រី គៀត ស៊ីម៉ាក់ នាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលគោកកឋិន នៃអធិការដ្ឋាននគរបាលស្រុកថ្មពួក ដែលរងរបួសក្នុងសមរភូមិ និងត្រូវបានទាហារថៃ ចាប់ខ្លួន កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ កន្លងទៅ ត្រូវបានបញ្ជូនមកដល់កម្ពុជាវិញហើយ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ ហើយពេលនេះកំពុងសម្រាកព្យាបាលជំងឺ នៅមន្ទីរពេទ្យមិត្តភាព-កម្ពុជាជប៉ុន ខេត្តបន្ទាយមានជ័យ ។
បន្ថែមពីនេះទៀត នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ លោកឧត្ដមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានចាត់លោកឧត្តមសេនីយ៍ត្រី រ៉ែម វីរៈ ស្នងការរង ផែនការងារសេនាធិការ រួមសហការី ចុះសួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ មានថវិកាចំនួន ២លានរៀល និងទឹកត្រចៀកកាំ ជូនដល់លោកអនុសេនីយ៍ត្រី គៀត ស៊ីម៉ាក់ផងដែរ ។
ក្នុងឱកាសចុះសួរសុខទុក្ខនេះដែរ តំណាងស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានពាំនាំនូវប្រសាសន៍សួរសុខទុក្ខ និងការលើកទឹកចិត្តពីសំណាក់ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ជូនដល់ លោកអនុសេនីយ៍ត្រី គៀត ស៊ីម៉ាក់ ដោយបញ្ជាក់ពីជំហរមិនបោះបង់មន្ត្រី និងបានជំរុញឱ្យក្រុមគ្រូពេទ្យយកចិត្តទុកដាក់ព្យាបាលឱ្យបានឆាប់ជាសះស្បើយ ៕

ចែករំលែកព័តមាននេះ