ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជាបើកផ្លូវឱ្យក្រុម AOT ចុះអង្កេតការវា.យ ប្រហារលើមន្ទីរពេទ្យ និងលំនៅដ្ឋានពលរដ្ឋដោយយោធាថៃ

3 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ កម្ពុជា​បាន​សម្របសម្រួល​ជូន​ដល់​ក្រុម​អ្នក​សង្កេតការណ៍​អាស៊ាន (AOT) ចុះ​សង្កេតការណ៍ ផ្ទៀងផ្ទាត់ និង​រាយការណ៍​អំពី​ស្ថានភាព​ព្រំដែន​នៅ​ភូមិសាស្ត្រ​ស្រុក​សំពៅ​លូន និង​ស្រុក​ភ្នំព្រឹក ក្នុង​ខេត្តបាត់ដំបង ។…

រាជធានី​ភ្នំពេញ ៖ កម្ពុជា​បាន​សម្របសម្រួល​ជូន​ដល់​ក្រុម​អ្នក​សង្កេតការណ៍​អាស៊ាន (AOT) ចុះ​សង្កេតការណ៍ ផ្ទៀងផ្ទាត់ និង​រាយការណ៍​អំពី​ស្ថានភាព​ព្រំដែន​នៅ​ភូមិសាស្ត្រ​ស្រុក​សំពៅ​លូន និង​ស្រុក​ភ្នំព្រឹក ក្នុង​ខេត្តបាត់ដំបង ។

ជាក់ស្តែង​ក្រសួងការពារជាតិ​បាន​ប្រកាស​នា​ថ្ងៃត្រង់​ទី​២១ ខែមករា​នេះ​ថា ៖ លោក​ជំទាវ ឧត្តមសេនីយ៍ឯក ម៉ា​លី សុជាតា អ្នកនាំពាក្យ​ក្រសួងការពារជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា សូម​ជម្រាប​ជូន​សាធារណជន អ្នក​សារព័ត៌មាន​ជាតិ និង​អន្តរជាតិ​មេត្តា​ជ្រាប​ថា

នៅ​វេលា​ម៉ោង ៨:២៥​នាទី​ព្រឹក ថ្ងៃ​ពុធ ទី​២១ ខែមករា ឆ្នាំ​២០២៦​នេះ ក្រុម​សម្របសម្រួល (CLG) នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​សម្របសម្រួល​ជូន​ដល់​ក្រុម​អ្នក​សង្កេតការណ៍​អាស៊ាន (AOT) ចុះ​សង្កេតការណ៍ ផ្ទៀងផ្ទាត់ និង​រាយការណ៍​អំពី​ស្ថានភាព​ព្រំដែន​នៅ​ភូមិសាស្ត្រ​ស្រុក​សំពៅ​លូន និង​ស្រុក​ភ្នំព្រឹក ក្នុង​ខេត្តបាត់ដំបង ក្រោយ​បទ​ឈប់​បាញ់​ចូល​ជា​ធរមាន និង​ចុះ​ទៅ​ពិនិត្យ​មើល​ទីតាំង​ស៊ី​វិល និង​ហេដ្ឋារចនាសម្ព័ន្ធ​ស៊ី​វិល ក្នុង​នោះ​រួម​មាន​លំនៅ​ដ្ឋា​ន​របស់​ប្រជាពលរដ្ឋ និង​មន្ទីរពេទ្យ​បង្អែក ដែល​ត្រូវ​រង​ការ​ខូចខាត​យ៉ាងធ្ងន់ធ្ងរ ដោយសារ​ការ​វាយប្រហារ​របស់​យោធា​ថៃ​កាលពី​ខែធ្នូ​ឆ្នាំ​២០២៥​។

ជាមួយ​គ្នា​នេះ កម្ពុជា​តែងតែ​ផ្តល់​ការ​គាំទ្រ​យ៉ាង​ពេញទំហឹង​ដល់​ក្រុម​អ្នក​សង្កេតការណ៍​អាស៊ាន (AOT) ព្រមទាំង​សង្កត់ធ្ងន់​ទៅ​លើ​សារៈសំខាន់​មិន​អាច​ខ្វះ​បាន ក្នុង​ការ​ពង្រឹង​តួនាទី និង​អាណត្តិ​របស់ AOT ដើម្បី​ផ្ទៀងផ្ទាត់ និង​ធានា​ការ​អនុ​វត្តបទ​ឈប់​បាញ់​ឱ្យ​បាន​ពេញលេញ និង​ប្រកបដោយ​ប្រសិទ្ធភាព សំដៅ​លើកកម្ពស់​តម្លាភាព គណនេយ្យ​ភាព និង​ការ​ជឿ​ទុកចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក​។

រាជរដ្ឋាភិបាល និង​ក្រសួងការពារជាតិ​កម្ពុជា សូម​បញ្ជាក់​ពី​ការ​ប្តេជ្ញា​ចិត្ត​យ៉ាង​ម៉ឺងម៉ាត់ ច្បាស់លាស់​ក្នុង​ការ​គោរព និង​អនុវត្ត​យ៉ាង​ពេញលេញ​ខ្ជាប់ខ្ជួន និង​ប្រកបដោយ​ការ​ទទួលខុសត្រូវ​ខ្ពស់​បំផុត ចំពោះ​សេចក្តី​ប្រកាស​រួម​នៃ​កិច្ចប្រជុំ​ពិសេស​លើក​ទី​៣ នៃ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​កម្ពុជា​-​ថៃ (GBC) ថ្ងៃ​ទី​២៧ ខែធ្នូ ឆ្នាំ​២០២៥, សេចក្តីថ្លែងការណ៍​រួម​ស្តី​ពី​កិច្ចព្រមព្រៀង​សន្តិភាព​រវាង​កម្ពុជា​និង​ថៃ ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០២៥ និង​កិច្ចព្រមព្រៀង​ពាក់ព័ន្ធ​ផ្សេង​ទៀត ដើម្បី​ឆ្ពោះទៅ​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​វិញ​ឆាប់រហ័ស និង​ការ​វិល​ត្រឡប់​ទៅ​រក​ប្រក្រតី​ភាព សន្តិភាព ស្ថិរភាព និង​សុវត្ថិភាព​យូរអង្វែង​នៅ​តាម​បណ្តោយ​ព្រំដែន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ