តម្លៃមាសអន្តរជាតិបំបែកកំណត់ត្រាឥតឈប់ឈរ ខណៈបញ្ហាកោះហ្គ្រីនឡែនឡើងកម្តៅកាន់តែខ្លាំង
បរទេស ៖ តម្លៃមាសអន្តរជាតិបានទម្លុះតម្លៃ ៤ ៨០០ ដុល្លារក្នុង១អោន ឬ ៥ ៧៨៣ ដុល្លារក្នុង១តម្លឹងជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ…
បរទេស ៖ តម្លៃមាសអន្តរជាតិបានទម្លុះតម្លៃ ៤ ៨០០ ដុល្លារក្នុង១អោន ឬ ៥ ៧៨៣ ដុល្លារក្នុង១តម្លឹងជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ…
បរទេស ៖ តម្លៃមាសអន្តរជាតិបានទម្លុះតម្លៃ ៤ ៨០០ ដុល្លារក្នុង១អោន ឬ ៥ ៧៨៣ ដុល្លារក្នុង១តម្លឹងជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ ដ្បិតទើបតែទម្លុះតម្លៃ ៤ ៧០០ ដុល្លារ/អោន កាលពីម្សិលមិញ។
តម្លៃមាសអន្តរជាតិភ្លាមៗ ហក់ឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មានពីមុន ៤ ៨៤៨ ដុល្លារ/អោន ឬ ៥ ៨៤០ ដុល្លារ/តម្លឹង មុនពេលរក្សាតម្លៃនៅ ៤ ៨៣៦ ដុល្លារ/អោន ឬ ៥ ៨២៦ ដុល្លារ/តម្លឹង គិតត្រឹមម៉ោង ១០ និង ២០ព្រឹក ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ (ម៉ោងនៅកម្ពុជា)។
តាមប្រភពពីទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២១ ខែមករា បានរាយការណ៍ថា តម្រូវការកាន់តែខ្លាំងឡើងនៃលោហៈដ៏មានតម្លៃនេះ បានរក្សាមាសដុំឱ្យនៅតែជាទ្រព្យសកម្មដ៏មានសុវត្ថិភាពបំផុតសម្រាប់វិនិយោគិន អំឡុងពេលកើតមានភាពតានតឹងភូមិសាស្ត្រនយោបាយ ខណៈដែលផែនការត្រួតត្រាលើកោះហ្គ្រីនឡែន (Greenland) របស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បានគំរាមកំហែងដល់ការផ្ទុះឡើងសង្គ្រាមពាណិជ្ជកម្មជាមួយសហភាពអឺរ៉ុប (EU) និងប៉ះពាល់ដល់សម្ព័ន្ធមិត្តអង្គការណាតូ (NATO)។
កាលពីថ្ងៃទី២០ ខែមករា លោក ត្រាំ បានអះអាងថា គ្មានការបកក្រោយឡើយ សម្រាប់ផែនរបស់លោក ដើម្បីគ្រប់គ្រងហ្គ្រីនឡែន ដោយលោកបានបដិសេធមិនច្រានចោលការដណ្តើមយកកោះអាកទិកមួយនេះ ដោយកម្លាំងយោធា និងវាយប្រហារទៅលើសម្ព័ន្ធមិត្ត ណាតូ។ ទោះយ៉ាងណា ក្រោយមកលោកបានថ្លែងដូច្នេះថា «យើងនឹងធ្វើការមួយដែលណាតូនឹងសប្បាយចិត្តខ្លាំង ហើយយើងក៏នឹងសប្បាយចិត្តខ្លាំង»។
ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ក៏បានថ្លែងថា អឺរ៉ុបនឹងមិនចុះចាញ់ ឬត្រូវរងការគំរាមកំហែងនោះទេ ក្នុងការរិះគន់ចំពោះការគំរាមរបស់លោក ត្រាំ អំពីការយកពន្ធខ្ពស់ ប្រសិនបើអឺរ៉ុបមិនអនុញ្ញាតឱ្យលោកដណ្តើមយកហ្គ្រីនឡែន។
ទន្ទឹមជាមួយគា្ននោះ ប្រាក់ដុល្លារអាមេរិកបានធ្លាក់ចុះជិតដល់កម្រិតទាបបំផុតក្នុងរយៈពេល៣សប្តាហ៍ ធៀបនឹងប្រាក់អឺរ៉ូ និងប្រាក់ហ្វ្រង់ស្វីស ហើយភាគហ៊ុនអាស៊ីបានបន្តខាតបង់របស់ខ្លួន។ ជាប្រពៃណីទៅហើយ ដែលកម្សោយប្រាក់ដុល្លារអាមេរិកធ្វើឱ្យមាសមានតម្លៃថោកជាងសម្រាប់អ្នកទិញនៅបរទេស។
លើសពីនេះ ធនាគារកណ្តាលសហរដ្ឋអាមេរិក (Fed) ត្រូវបានគេរំពឹងថានឹងរក្សាអត្រាការប្រាក់នៅដដែល នៅក្នុងកិច្ចប្រជុំរបស់ខ្លួន នាថ្ងៃទី ២៧-២៨ ខែមករា ខាងមុខនេះ បើទោះបីជាមានការអំពាវនាវរបស់លោក ត្រាំ ឱ្យកាត់បន្ថយយ៉ាងណាក៏ដោយ៕




ចែករំលែកព័តមាននេះ