សហរដ្ឋអាមេរិក ៖ ក្នុងសន្និសីទសារព័ត៌មានដ៏វែងមួយនៅសេតវិមាន នាឱកាសខួបគម្រប់១ឆ្នាំនៃការចូលកាន់កាប់សេតវិមានជាថ្មី ប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំអះអាងជាថ្មីពីការតាំងចិត្តរបស់លោកលើការដណ្ដើមយកកោះហ្គ្រីនឡែនរបស់ដាណឹម៉ាក ។ ដោយបដិសេធម៉ឺងម៉ាត់គំនិតនៃការដកថយ ទោះបីមានការតវ៉ារបស់អឺរ៉ុបនិងការព្រមានជាច្រើនមកពីក្រុងដាវ៉ូស លោកត្រាំលើកឡើងថា មិនអាចមានការវិលថយក្រោយវិញឡើយ ។

ពេលសួរច្រើនលើកពីបំណងលោកក្នុងការដណ្ដើមយកកោះហ្គ្រីនឡែន លោកត្រាំលើកជាថ្មីពីបណ្ដាហេតុផលនៃជំហរលោក ក្នុងនាមនៃសន្តិសុខអន្តរជាតិនិងរបៀបរៀបរយពិភពលោក ។ លោកថា យើងមានកិច្ចប្រជុំជាច្រើនស្ដីពីហ្គ្រីនឡែនហើយខ្ញុំយល់ថា អ្វីៗនឹងដំណើរការទៅមុខយ៉ាងល្អ ។
ក្នុងសន្និសីទសារព័ត៌មាននោះអ្នកកាសែតជាច្រើនដែលមានវត្តមានគូសបញ្ជាក់ពីការប្រឆាំងដ៏ម៉ឺងម៉ាត់របស់អាជ្ញាធរមូលដ្ឋាន និងមានបាតុកម្មនានានៅក្នុងទីក្រុងNUUK រដ្ឋធានីហ្គ្រីនឡែននាចុងសប្ដាហ៍នេះ លោកត្រាំអះអាងថា ពេលខ្ញុំនិយាយពីហ្គ្រីនឡែនខុំ្ញប្រាកដក្នុងចិត្តរួចហើយពីប្រតិកម្មទាំងនោះ ហើយពេលអ្នកកាសែតម្នាក់សួរលោកថា តើពេលណាអាមេរិកលើកគ្នាទៅហ្គ្រីនឡែន លោកត្រាំឆ្លើយបែបមិនច្បាស់ថា លោកអ្នកចាំតែមើលទៅ។
អំពីហ្គ្រីនឡែនលោកត្រាំក៏បដិសេធការផ្ដួចផ្ដើមគំនិតមួយ របស់ប្រធានាធិបតីបារាំងលោកអេមម៉ានុយអែលម៉ាក្រុង ។ ប្រធានាធិបតីអាមេរិកអះអាងថា លោកបានបដិសេធសំណើមួយរបស់ប្រធានាធិបតីបារាំង ដែលសំដៅរៀបចំកិច្ចប្រជុំបន្ទាន់មួយរបស់ក្រុមប្រទេសអ្នកមាន G7 លើសំណុំរឿងនោះ ។ ទោះបីលោកចាត់ទុកលោកម៉ាក្រុងថាជាមិត្ត តែលោកត្រាំនិយាយសម្រាលទម្ងន់នយោបាយរបស់លោកម៉ាក្រុង ។
ដោយបដិសេធការចូលរួមរបស់លោកក្នុងកិច្ចប្រជុំកំពូលនោះ ស្នើឡើងដោយក្រុងប៉ារីស លោកត្រាំដៀមដាមឲ្យថាលោកម៉ាក្រុងបន្តិចទៀតលែងកាន់អំណាចហើយ គឺលោកនៅមិនយូរទៀតទេ ដោយអាណត្តិលោកនៅសល់តែប្រមាណជា១៨ខែទៀតប៉ុណ្ណោះ គឹអាណត្តិលោកត្រូវចប់ក្នុងឆ្នាំ២០២៧៕
ចែករំលែកព័តមាននេះ