រាជធានីភ្នំពេញ ៖ លោក ឃួង ស្រេង មានប្រសាសន៍ថា ក្រុមការងាររដ្ឋបាលរាជធានីភ្នំពេញ និងកងកម្លាំង គ្រប់ប្រភេទ នឹងបន្តសម្របសម្រួលជាមួយបងប្អូនអាជីវករ ដែលបានលក់ដូរនៅតាមចិញ្ចើមផ្លូវ និងទ្រូងផ្លូវ នៅតំបន់ជុំវិញផ្សារដើមគរឱ្យទៅលក់ដូរនៅផ្សារដើមគរថ្មី ដោយទទួលបានលក្ខខណ្ឌអនុគ្រោះជាច្រើនរួមមាន ការអនុគ្រោះថ្លៃឈ្នួលតូបរយៈពេល២ឆ្នាំដំបូង ដោយពុំមានប្រាក់កក់ ពុំគិតថ្លៃទឹកភ្លើងរយៈពេល៦ខែដំបូង ព្រមទាំងអត្ថប្រយោជន៍ផ្សេងៗជាច្រើនទៀត ហើយចំពោះអាជីវករលក់ដូរក្នុងផ្សារដើមគរ នៅបន្តលក់ដូរធម្មតា មិនមានការរុះរើ និងផ្ទេរចេញពីផ្សារដើមគរចាស់ ទៅផ្សារដើមគរថ្មីទេ អ្វីដែលជាគោលការណ៍របស់រដ្ឋបាលរាជធានីភ្នំពេញ គឺធ្វើទៅលើតែអាជីវករលក់ដូរឥតសណ្តាប់ធ្នាប់ លើចិញ្ចើមផ្លូវ និងទ្រូងផ្លូវប៉ុណ្ណោះ ។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានថ្លែងបែបនេះ ក្នុងខណៈអញ្ជើញចុះពិនិត្យទីតាំងរៀបចំសណ្ដាប់ និងការរៀបចំជួសជុលហេដ្ឋារចនាសម្ព័ន្ធឡើងវិញ ជុំវិញផ្សារដើមគរ ក្រោយបញ្ចប់ការលក់លើចិញ្ចើមថ្នល់ នារសៀលថ្ងៃទី១៨ មករា ២០២៦ ។
លោក ឃួង ស្រេង បានបញ្ជាក់ថា ក្រុមការងាររដ្ឋបាលរាជធានីភ្នំពេញ និងកងកម្លាំងគ្រប់ប្រភេទនឹងបន្តសម្របសម្រួលជាមួយបងប្អូនអាជីវករដែលបានលក់ដូរនៅតាមចិញ្ចើមផ្លូវ និងទ្រូងផ្លូវ នៅតំបន់ជុំវិញផ្សារដើមគរ ឱ្យទៅលក់ដូរនៅផ្សារដើមគរថ្មី ដោយទទួលបានលក្ខខណ្ឌ អនុគ្រោះជាច្រើនរួមមានការអនុគ្រោះថ្លៃឈ្នួលតូប រយៈពេល២ឆ្នាំដំបូង ដោយពុំមានប្រាក់កក់ពុំគិតថ្លៃទឹកភ្លើង រយៈពេល៦ខែដំបូង ព្រមទាំងអត្ថប្រយោជន៍ផ្សេងៗជាច្រើនទៀត ។
ក្នុងខណៈនោះដែរ ឯកឧត្តមអភិបាលរាជធានីភ្នំពេញ ថែមទាំងបានគូសបញ្ជាក់ទៀតថា សម្រាប់អ្នកលក់ដូរនៅក្នុងផ្សាដើមគរ កុំព្រួយបារម្ភនៅបន្តការលក់ដូររបស់ខ្លួនដដែលចុះ អាជ្ញាធររៀបចំសណ្តាប់ធ្នាប់ ចំពោះតែអ្នកលក់ដូរតាមចិញ្ចើមផ្លូវ និងទ្រូងផ្លូវនៅជុំវិញផ្សារដើមគរតែប៉ុណ្ណោះ ។
នៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៦នេះ អាជ្ញាធររាជធានីភ្នំពេញ បានដំណើរការ ការសំអាតអនាម័យ ជួសជុល និងកែលម្អរហេដ្ឋារចនាសម្ព័ន្ធ នៅលើផ្លូវពាក់ព័ន្ធនានា ជុំវិញផ្សារដើមគរ ដោយដំណើរការនេះ ត្រូវបានហាមដាច់ខាតមិនឱ្យអាជីវករដែលធ្លាប់លក់ដូរតាមចិញ្ចើមផ្លូវ ជាពិសេសលើផ្លូវជុំវិញផ្សារដើមគរ វិលត្រឡប់មកបន្តលក់ដូរយ៉ាងអណាធិបតេយ្យ ដូចដែលធ្លាប់លក់ដូរពីមុនទៀតឡើយ ។ នេះជាការបញ្ជាក់របស់លោកស្រីដោ សម្ផស្ស នាយិការង និងជាអ្នកនាំពាក្យ រដ្ឋបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃអាទិត្យទី១៨ មករា ២០២៦ ។
អ្វីដែលអាជ្ញាធរ កំពុងតែអនុវត្ត ជុំវិញការរៀបចំសណ្តាប់ធ្នាប់ និងស្តារឡើងវិញនូវសោភ័ណ្ឌភាព ជុំវិញផ្សារដើមគរនាពេលនេះ បាន និងកំពុងទទួលបានការសាទរយ៉ាងច្រើនលើសលប់ពីសំណាក់ប្រជាពលរដ្ឋក្នុងតំបន់ ក៏ដូចជា ប្រជាពលរដ្ឋនៅទូទាំងរាជធានីភ្នំពេញ ។
ជាមួយគ្នានេះ អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ លោកស្រី ដោ សម្ផស្ស បានអំពាវនាវដោយទទូច ឱ្យអាជីវករមួយចំនួនតូចលក់ដូរតាមចិញ្ចើមផ្លូវ និងលើផ្លូវជុំវិញផ្សារដើមគរ ដែលនៅមិនទាន់ទទួលយក នូវការសម្របសម្រួលរបស់អាជ្ញាធររាជធានីភ្នំពេញ សម្រេចមកទទួលយកតាមអ្វីដែលបានព្រមព្រៀងគ្នាទៅ ដើម្បីចូលរួមក្នុងការរៀបចំសណ្តាប់ធ្នាប់ និងរបៀបរៀបរយ ក៏ដូចជា ការកែលម្អសោភ័ណ្ឌភាពទីក្រុង ស្របទៅនឹងអ្វីដែលរាជធានីភ្នំពេញ ទទួលបានចំណាប់ថ្នាក់ ជាទីក្រុងគោលដៅទេសចរណ៍ល្អបំផុត ក្នុងចំណោមទីក្រុងធំៗទាំង២០ជុំវិញពិភពលោក សម្រាប់ឆ្នាំ២០២៦នេះ ។
ក្នុងការចាប់ផ្ដើមការសំអាតអនាម័យ ជួសជុល និងកែលម្អរហេដ្ឋារចនាសម្ព័ន្ធ នៅលើផ្លូវពាក់ព័ន្ធនានា ជុំវិញផ្សារដើមគនេះនាព្រឹកនេះដោយមានការចូលរួមពីឯកឧត្ដមអភិបាលរងរាជធានីភ្នំពេញជាច្រើនរូបរួមជាមួយលោកនាយករដ្ឋបាលនិងលោក លោកស្រីជានាយករងរដ្ឋបាលរាជធានីភ្នំពេញ,លោកអភិបាលខណ្ឌទួលគោក អភិបាលខណ្ឌបឹងកេងកងផងដែរ៕


ចែករំលែកព័តមាននេះ