ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជីវករក្នុងផ្សារដើមគរចាស់បន្តលក់ដូរធម្មតា  អ្វីជាគោលការណ៍រដ្ឋបាលរាជធានីភ្នំពេញធ្វើទៅលើតែអាជីវករលក់ដូរលើចិញ្ចើមផ្លូវ និងទ្រូងផ្លូវ

12 ម៉ោង មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ លោក ឃួ​ង ស្រេង មាន​ប្រសាសន៍​ថា អាជីវករ​លក់ដូរ​ក្នុង​ផ្សារ​ដើម​គរ នៅ​បន្ត​លក់ដូរ​ធម្មតា មិន​មានការ​រុះរើ និង​ផ្ទេរ​ចេញពី​ផ្សារ​ដើម​គរ​ចាស់​ទៅ​ផ្សារ​ដើម​គរ​ថ្មី​ទេ…

រាជធានីភ្នំពេញ ៖ លោក ឃួ​ង ស្រេង មាន​ប្រសាសន៍​ថា អាជីវករ​លក់ដូរ​ក្នុង​ផ្សារ​ដើម​គរ នៅ​បន្ត​លក់ដូរ​ធម្មតា មិន​មានការ​រុះរើ និង​ផ្ទេរ​ចេញពី​ផ្សារ​ដើម​គរ​ចាស់​ទៅ​ផ្សារ​ដើម​គរ​ថ្មី​ទេ អ្វី​ដែល​ជា​គោលការណ៍​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ គឺ​ធ្វើ​ទៅ​លើ​តែ​អាជីវករ​លក់ដូរ​ឥត​សណ្តាប់ធ្នាប់ លើ​ចិញ្ចើម​ផ្លូវ និង​ទ្រូងផ្លូវ​ប៉ុណ្ណោះ ។

លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​ថ្លែង​បែប​នេះ ក្នុង​ខណៈ​អញ្ជើញ​ចុះ​ពិនិត្យ​ទីតាំង​រៀបចំ​សណ្ដាប់​និង​ការ​រៀបចំ​ជួសជុល​ហេដ្ឋារចនាសម្ព័ន្ធ​ឡើង​វិញ​ជុំវិញ​ផ្សារ​ដើម​គរ ក្រោយ​បញ្ចប់​ការ​លក់​លើ​ចិញ្ចើមថ្នល់​នា​រសៀល​ថ្ងៃ​ទី​១៨ មក​រា ២០២៦ ។
ក្នុង​ខណៈនោះ​ដែរ ឯកឧត្តម​អភិបាល​រាជធានី​ភ្នំពេញ ថែម​ទាំង​បាន​គូសបញ្ជាក់​ទៀត​ថា សម្រាប់​អ្នក​លក់ដូរ​នៅ​ក្នុង​ផ្សា​ដើម​គរ កុំ​ព្រួយបារម្ភ​នៅ​បន្ត​ការ​លក់ដូរ​របស់​ខ្លួន​ដដែល​ចុះ អាជ្ញាធរ​រៀបចំ​សណ្តាប់ធ្នាប់ ចំពោះតែ​អ្នក​លក់ដូរ​តាម​ចិញ្ចើម​ផ្លូវ និង​ទ្រូងផ្លូវ​នៅ​ជុំវិញ​ផ្សារ​ដើម​គរ​តែ​ប៉ុណ្ណោះ ។

នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ខែមករា ឆ្នាំ​២០២៦​នេះ អាជ្ញាធរ​រាជធានី​ភ្នំពេញ បាន​ដំណើរការ​ការ​សំអាត​អនាម័យ ជួសជុល និង​កែ​លម្អរ​ហេដ្ឋារចនាសម្ព័ន្ធ នៅ​លើ​ផ្លូវ​ពាក់ព័ន្ធ​នានា ជុំវិញ​ផ្សារ​ដើម​គរ ដោយ​ដំណើរការ​នេះ​ត្រូវ​បាន​ហាម​ដាច់ខាត មិន​ឱ្យ​អាជីវករ​ដែល​ធ្លាប់​លក់ដូរ​តាម​ចិញ្ចើម​ផ្លូវ ជា​ពិសេស​លើ​ផ្លូវ​ជុំវិញ​ផ្សារ​ដើម​គរ​វិល​ត្រឡប់​មក​បន្ត​លក់ដូរ​យ៉ាង​អណាធិបតេយ្យ ដូចដែល​ធ្លាប់​លក់ដូរ​ពី​មុន​ទៀត​ឡើយ ។ នេះ​ជា​ការ​បញ្ជាក់​របស់​លោកស្រី ដោ សម្ផស្ស នាយិកា​រង និង​ជា​អ្នកនាំពាក្យ រដ្ឋបាល​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃអាទិត្យ ទី​១៨ មក​រា ២០២៦ ។

អ្វី​ដែល​អាជ្ញាធរ កំពុង​តែ​អនុវត្ត ជុំវិញ​ការ​រៀបចំ​សណ្តាប់ធ្នាប់ និង​ស្តារ​ឡើង​វិញ នូវ​សោ​ភ័​ណ្ឌ​ភាព ជុំវិញ​ផ្សារ​ដើម​គរ​នា​ពេល​នេះ​បាន និង​កំពុង​ទទួល​បានការ​សាទរ​យ៉ាងច្រើន​លើសលប់​ពី​សំណាក់​ប្រជាពលរដ្ឋ​ក្នុង​តំបន់​ក៏​ដូច​ជា​ប្រជាពលរដ្ឋ​នៅ​ទូ​ទាំង​រាជធានី​ភ្នំពេញ ។

ជាមួយ​គ្នា​នេះ អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ លោកស្រី ដោ សម្ផស្ស បាន​អំពាវនាវ​ដោយ​ទទូច​ឱ្យ​អាជីវករ​មួយ​ចំនួន​តូច​លក់ដូរ​តាម​ចិញ្ចើម​ផ្លូវ និង​លើ​ផ្លូវ​ជុំវិញ​ផ្សារ​ដើម​គរ ដែល​នៅ​មិន​ទាន់​ទទួលយក​នូវ​ការ​សម្របសម្រួល​របស់​អាជ្ញាធរ​រាជធានី​ភ្នំពេញ សម្រេច​មក​ទទួលយក​តាម​អ្វី​ដែល​បាន​ព្រមព្រៀង​គ្នា​ទៅ ដើម្បី​ចូលរួម​ក្នុង​ការ​រៀបចំ​សណ្តាប់ធ្នាប់ និង​របៀបរៀបរយ ក៏​ដូច​ជា ការ​កែ​លម្អ​សោ​ភ័​ណ្ឌ​ភាព​ទីក្រុង ស្រប​ទៅ​នឹង​អ្វី​ដែល​រាជធានី​ភ្នំពេញ ទទួល​បាន​ចំណាប់​ថ្នាក់ ជាទី​ក្រុង​គោលដៅ​ទេសចរណ៍​ល្អ​បំផុត ក្នុង​ចំណោម​ទីក្រុង​ធំ​ៗ​ទាំង​២០​ជុំវិញ​ពិភពលោក សម្រាប់​ឆ្នាំ​២០២៦​នេះ ។

ក្នុង​ការ​ចាប់ផ្ដើម​ការ​សំអាត​អនាម័យ ជួសជុល និង​កែ​លម្អរ​ហេដ្ឋារចនាសម្ព័ន្ធ នៅ​លើ​ផ្លូវ​ពាក់ព័ន្ធ​នានា ជុំវិញ​ផ្សារ​ដើម​គ​នេះ​នា​ព្រឹក​នេះ​ដោយ​មានការ​ចូលរួម​ពី​ឯកឧត្ដម​អភិបាលរង​រាជធានី​ភ្នំពេញ​ជា​ច្រើន​រូប​រួម​ជាមួយ​លោកនាយក​រដ្ឋបាល និង​លោក លោកស្រី​ជា​នាយករង​រដ្ឋបាល​រាជធានី​ភ្នំពេញ​,​លោក​អភិបាល​ខណ្ឌទួលគោក អភិបាល​ខណ្ឌ​បឹង​កេងកង​ផង​ដែរ​។

សូម​បញ្ជាក់​ថា រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​មិន​អនុញ្ញាត ឱ្យ​មានការ​លក់ដូរ​គ្មាន​សណ្ដាប់ធ្នាប់ នៅ​លើ​ដងផ្លូវ ចិញ្ចើម​ផ្លូវ​នៅ​តំបន់ ជុំវិញ​ផ្សារ​ដើម​គរ​ទៀត​ទេ ចាប់ពី​ថ្ងៃ​ទី​១៨ ខែមករា ឆ្នាំ​២០២៦​តទៅ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ