ខេត្តបាត់ដំបង ៖ ទឹកភ្នែកហូរដោយក្ដីរំភើបនៅចំពោះមុខសប្បុរសជន ជាមួយនឹងអំណោយបន្តិចបន្តួចស្ដូចស្ដើង ដែលគ្រួសារពិការភាពដ៏កំសត់មួយនេះ តែងគិតស្រមៃថា «ប្រហែលមួយជីវិតនេះ គ្រួសារខ្លួនគ្មានភ័ព្វវាសនាបានទទួលអំណោយពីសប្បរសជន ឬ ពីអាជ្ញាធរ ឬពីអង្គការណាមួយឡើយ ។ ហើយគ្រួសារខ្លួន ទំនងនឹងត្រូវនាំគ្នារុញរទេះដើររើសអេតចាយពេញមួយជីវិតហើយ ដើម្បីរកប្រាក់ចំណូលចិញ្ចឹមជីវភាពគ្រួសារ» ។

តាមរយៈកោះសន្តិភាព អំណោយពីសប្បុរសជនមានគ្រឿងឧបភោគ បរិភោគ និងមានទឹកប្រាក់មួយចំនួនផង ត្រូវបានម្ចាស់អំណោយយកទៅប្រគល់ជូនដល់ដៃក្រុមគ្រួសារពិការភាពដ៏កំសត់របស់លោក សួន ទិត្យ អាយុ៣៤ឆ្នាំ និងភរិយាឈ្មោះ ពៅ ធីតា អាយុ៤៤ឆ្នាំ រួមជាមូយនឹងកូនប្រុសស្រីចំនួន០៣នាក់ នៅម៉ោង១២ថ្ងៃត្រង់ថ្ងៃទី១៣ មករា ដល់បន្ទប់ជួលស្នាក់នៅបណ្ដោះអាសន្នរបស់គាត់ ដែលស្ថិតក្នុងភូមិចម្ការប្ញស្សី សង្កាត់ព្រែកព្រះស្ដេច ក្រុងបាត់ដំបង ។

អំណោយដែលសប្បុរសជនបានឧបត្ថម្ភជូនគ្រួសារ លោក សួន ទិត្យ រួមមាន៖ «អង្ករចំនួន២៥គីឡូក្រាម ទឹកត្រី០១យួរ ទឹកស៊ីអ៊ីវ០១យូរ រួមជាមួយគ្រឿងឧបភោគ បរិភោគមួយចំនួនទៀត ដែលជាអំណោយរបស់អ្នកស្រី ស៊ិន និត្យាលីន រស់នៅសង្កាត់ចំការសំរោង ក្រុងបាត់ដំបង ។ ដោយឡែក ទឹកប្រាក់ចំនួន២០០ដុល្លាអាមេរិក ជាអំណោយរបស់អ្នកស្រី Theary Ung សប្បុរសជនខ្មែរ រស់នៅប្រទេសអូស្ដ្រាលី ។ មានប្រវត្តិជាអ្នករស់នៅខេត្តបាត់ដំបង សួន ទិត្យ បានចម្រេចចាប់ដៃនាង ពៅ ធីតា ដែលពិការភាពដូចគ្នា (ពិការជើង) ដោយសារជំងឺនៅអំឡុងឆ្នាំ២០១២ ។

បើគិតមកត្រឹមដើមឆ្នាំ២០២៦ នេះ គ្រួសារពិការភាពមានអាយុកាល១៣ឆ្នាំហើយ ថែមទាំងបង្កើតបានកូនប្រុសស្រីចំនួន០៣នាក់នៅក្នុងបន្ទុក ដោយតស៊ូរស់យ៉ាងត្រដាបត្រដួសជាមួយនឹងមុខរបរ «ដើររើសអេតចាយលក់» ។

ក្រោមតំណក់ទឹកភ្នែករលីងរលោងដោយក្ដីរំភើបនៅចំពោះមុខម្ចាស់អំណោយគូស្វាមីភរិយាពិការភាពដែលអង្គុយអមដោយកូនទូចៗផង បានពោលទាំងអួលដើម.ករដិបរដុប ដូច្នេះថា «នេះជាលើកដំបូងហើយ ដែលគ្រួសារខ្ញុំបានទទូលអំណោយមិនធ្លាប់មាននេះពីសប្បុរសជន បើទោះជាអំណោយទាំងនេះមិនអាចជួយឲ្យគ្រួសារខ្ញុំ បានធូរស្រាលយូរអង្វែងក្ដី ក៏អាចជួយដោះទាល់គ្រួសារខ្ញុំមានមួយគ្រាដែរ» ។

ជាមួយនឹងស្នាមញញឹមលាយឡំនឹងតំណក់ទឹកភ្នែក ដែលហូរមិនព្រមឈប់ដោយក្ដីរន្ធត់ពន់ពេក លើកដៃជូតទឹកភ្នែកបណ្ដើរ ពោលបណ្ដើរថា «តាំងពីចាប់ដៃគ្នាជាប្ដីប្រពន្ធ រហូតទល់ពេលនេះ មានកូន០៣នាក់ហើយ ខ្ញុំមិនមានទីជម្រកនៅច្បាស់លាស់ គ្មានមុខរបរពិតប្រាកដទេ ។ ខ្ញុំមានតែរទេះរុញមួយ រុញដើររើសអេតចាយតាមដងផ្លូវនានាក្នុងក្រុងបាត់ដំបង ជាមួយប្រពន្ធដែលអង្គុយនៅតែលើរទេះ តាំងពីមិនទាន់មានកូន រហូតដល់ឥឡូវខ្ញុំមានកូន០៣នាក់ហើយ ខ្ញុំនិងប្រពន្ធ ជាមួយនឹងកូនតូចៗ នៅតែនាំគ្នាដើររុញរទេះរើសអេតចាយដដែល ។ ខ្ញុំនិងប្រពន្ធពិការជើងដូចគ្នា តែខ្ញុំមមិនហ៊ានលើកដៃសុំទានគេទេ ប៉ុន្តែមានសប្សុរសជនខ្លះបានហុចប្រាក់បន្តិចបន្តូចឲ្យមកកូនៗខ្ញុំដោយក្ដីអាណិតអាសូរ មានទាំងម្ហូបអាហារខ្លះៗផង នៅពេលខ្ញុំ ប្រពន្ធខ្ញុំ និងកូនៗកំពុងនាំគ្នារុញរទេះដើររើសអេតចាយតាមដងផ្លូវ» ។

បើតាមលោក សួន ទឹត្យ បានរំលឹកថា គាត់រស់នៅបាត់ដំបងច្រើនឆ្នាំកន្លងមកហើយ ដោយពឹងលើមុខរបរដើររើសអេតចាយ ។ ប៉ុន្តែក្រោយមក ដោយនឿយណាយនឹងមុខរបររើសអេតចាយតែមួយមុខចិញ្ចឹមគ្រួសារគ្រប់គ្រាន់បន្ថែមលើបន្ទុកកូនរៀន ម្យ៉ាងទៀតគ្មានទីជម្រកត្រឹមត្រូវផង នៅដើមឆ្នាំ២០២៥ ខ្លួនក៏សម្រេចនាំប្រពន្ធកូន ចាកចេញពីក្រុងបាត់ដំបង ដ៏កំសត់រត់ទៅរកកន្លែងស្នាក់អាស្រ័យនៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។

បុរសពិការរូបនេះបានប្រាប់ពីមូលហេតុនៃការធ្វើចំណាកស្រុកដូច្នេះថា «ខ្ញុំគិតថា នៅបាត់ដំបង គ្មានផ្ទះស្នាក់នៅ ដើររើសតែអេតចាយលក់មួយមុខ មិនអាចរកចំណូចចិញ្ចឹមគ្រួសារ និងជួយឧបត្ថមដល់កូនៗរៀនសូត្របានទេ ។ ដូច្នេះហើយ ខ្ញុំក៏សម្រេចចាកចេញទៅរស់នៅភូមិព្រៃចាន់ដោយគិតថា នៅទីនោះ ខ្ញុំអាចមានពេលដើររើសអេតចាយខ្លះផង និង អាចទៅស៊ីឈ្នូលរើសដំឡូង ឬចងដើមដំឡូងឲ្យគេបានខ្លះផង តែមិនបានប៉ុន្មានខែផង ក៏ត្រូវនាំប្រពន្ធកូនរត់ភៀសសឹក ចេញពីភូមិព្រៃចាន់ យ៉ាងត្រដាបត្រដួសទាំងព្រលឹងចុងសក់ទៀត មកកាន់ក្រុងបាត់ដំបងដដែលវិញ ដោយសារសង្គ្រាមឈ្លានពានរបស់ប្រទេសថៃ មកលើដែនដីប្រទេសកម្ពុជា លើកដំបូងក្នុងខែសីហា ឆ្នាំ២០២៥ ។ ប៉ុន្តែទៅនៅភូមិព្រៃចាន់កាលនោះ ខ្ញុំសុំដីគេធ្វើខ្ទមស្នាក់នៅបណ្ដោះអាសន្នទេ» ។

កោះសន្តិភាព៖ នៅពេលរត់ភៀសសឹកចេញពីភូមិព្រៃចាន់ ហេតុអ្វីមិនព្រមទៅរស់នៅក្នុងជំរុំបណ្ដោះអាសន្នជាមួយអ្នកភៀសសឹកដទៃទៀត ដើម្បីទទូលបានអំណោយពីរាជការ? សួន ទិត្យ បានផ្ដល់ចម្លើយយ៉ាងជាក់លាក់ និងមានទំនូលខុសត្រូវខ្ពស់លើក្រុមគ្រួសារ ។ ត្រង់ចំណុចនេះ គាត់បានលើកឡើងដូច្នេះថា «ពេលនោះ ខ្ញុំក៏ចង់បានអំណោយដែរ ព្រោះគ្រួសារខ្ញុំពេលនោះខ្វះខាតខ្លាំងណាស់ តែខ្ញុំមិនអាចទៅរស់នៅក្នុងជំរុំភៀសសឹកដូចគេបានទេ ព្រោះនៅក្នុងជំរុំកូនខ្ញុំមិនបានរៀនសូត្រ ។ ដូច្នេះ ខ្ញុំគិតថា សំខាន់ជាងអំណោយក្នុងពេលនោះ គឺខ្ញុំត្រូវការសាលាឲ្យកូនៗខ្ញុំបានចូលរៀនវិញ អីចឹងហើយទើបខ្ញុំសម្រេចចិត្តវិលមករកបន្ទប់ជួលស្នាក់នៅក្នុងក្រុងបាត់ដំបង ដើម្បីបានកូនខ្ញុំចូលរៀននៅសាលាដដែលវិញ ជាមួយនឹងមុខរបររុញរទេះដើររើសអេតចាយលក់ដដែលជាថ្មីម្ដងទៀត លើទឹកដីចាស់» ។

លោក សួន ទិត្យ បានបញ្ជាក់ថា មុនពេលធ្វើចំណាកស្រុកពីក្រុងបាត់ដំបង ទៅរស់នៅភូមិព្រៃចាន់ (កន្លែងផ្ទុះសង្គ្រាមនៅព្រំដែន) កូនៗគាត់០២នាក់ បានរៀនសូត្រនៅសាលាបឋមសិក្សា «ជាស៊ីម» ស្ថិតនៅជិតរង្វង់មូលលោកតាមដំបងគ្រញូង ដោយកូនស្រីបងអាយុ១២ឆ្នាំ រៀនថ្នាក់ទី៥ និងកូនប្រុសទី២ អាយុ០៧ឆ្នាំរៀនថ្នាក់ទី១ ។ ហើយពេលធ្វើចំណាកស្រុកទៅនៅភូមិព្រៃចាន់ គាត់បានសុំផ្ទេរឈ្មោះកូនពីសាលាជាស៊ីម ទៅរៀននៅសាលារៀន នៅភូមិព្រៃចាន់ ។

លុះរត់ភៀសសឹកមកវិញ គាត់ក៏រុះរាន់ទៅសុំនាយកសាលាបឋមសិក្សាជាស៊ីមដដែលដើម្បីបានកូនៗគាត់ចូលរៀនវិញរហូតដល់សបញវថ្ងៃនេះ ។ ដោយសារតែគិតគូរពីការរៀនសូត្ររបស់កូនៗគាត់ដូច្នេះហើយ ទើបគាត់បោះបង់អំណោយទាំងសោកស្ដាយ សុខចិត្តស្ពាយអម្រែកដ៏ធ្ងន់ធ្ងរនេះ នាំប្រពន្ធ នាំកូនមកជូលបន្ទប់ស្នាក់នៅក្នុងក្រុងបាត់ដំបង ប្រកបមុខរបរដើររើសអេតចាយលក់វិញដដែល បើទោះជាខ្វះព្រឹក ខ្វះល្ងាចក្ដី សំខាន់ឲ្យតែកូនៗបានរៀនសូត្រ ។

យ៉ាងណាក្ដី ប្ដីប្រពន្ធពិការភាពដ៏កំសត់នេះ មិនភ្លេចថ្លែងអំណរគុណដល់ម្ចាស់អំណោយទេ ដែលគាត់ចាត់ទុកថា ជា«អំណោយដ៏ច្រើនសម្បើមសម្រាប់គ្រួសារដ៏ក្រីក្ររបស់គាត់ ដែលមិនធ្លាប់ទទួលបានសោះនាពេលកន្លងមក» ។ ជាមួយនឹងក្ដីរំភើបដែលមិនធ្លាប់មាន នៅចំពោះមុខម្ចាស់អំណោយ ប្ដីប្រពន្ធពិការដ៏ក្រីក្រនេះ ក៏បានលើកដៃសំពះ ដល់សប្បុរសជននានាក្នុងបំណងសុំក្ដីអាណិតអាសូរដល់គ្រួសារគាត់ និងបង្ហាញនៅគោលបំណងសម្រាប់ថ្ងៃអនាគត ចង់បានទីតាំងដីដ៏សមល្មមមួយកន្លែង ដើម្បីបានសាងសង់លំនៅឋានទូចមួយស្នាក់នៅជាប់លាប់ គ្រាន់ជាទីលំនឹងសម្រាប់កូនៗរបស់គាត់រៀនសូត្រ ។

សព្វ្ថ្ងៃនេះ គាត់បានជួលបន្ទប់ស្នាក់នៅ ក្នុងមួយខែតំលៃ១៥ម៉ឺនរៀល ។ នេះមិនទាន់បូករួមថ្លៃទឹក ថ្លៃភ្លើង ថ្លៃចំណាយប្រចាំថ្ងៃ និងឧបត្ថម្ភកូនរៀន ឬមានជំងឺឈឺថ្កាត់ផ្សេងៗនៅឡើយទេ ។ ដូច្នេះ ក្នុងមួយថ្ងៃប្រសិនបើគាត់រកចំណូលពីការលក់អេតចាយបានចន្លោះពី២០០០០ម៉ឺន ទៅ២៥០០០ម៉ឺនរៀនបានទេ គ្រួសារគាត់ត្រូវជួបផលវិបាកខ្លាំងមែនទែន ៕
ចែករំលែកព័តមាននេះ