ទីក្រុងម៉ូស្គូ៖ មន្ត្រីជាន់ខ្ពស់នៃក្រុមប្រឹក្សាសន្តិសុខជាតិរុស្ស៊ី លោកឌីមីទ្រី មេតវេដេវ (Dmitry Medvedev) ថ្លែងថាអ្នកកោះហ្គ្រីនលែនអាចបោះឆ្នោតចូលជាទឹកដីរបស់រុស្ស៊ីក៏បានដែរបើលោកត្រាំមិនចាត់វិធានការឱ្យបានឆាប់ដើម្បីចូលកាន់កាប់កោះនេះទេ។ លោកថាលោកត្រាំត្រូវតែធ្វើកិច្ចការនេះជាប្រញាប់។ យោងតាមព័ត៌មានមិនផ្លូវការ នារយៈពេលប៉ុន្មានថ្ងៃខាងមុខនេះនឹងមានការបោះឆ្នោតប្រជាមតិជាប្រញាប់។ ប្រជាជនហ្គ្រីនលែនដែលមានចំនួន៥,៥ម៉ឺននាក់នៅលើកោះនេះអាចនឹងបោះឆ្នោតចូលខាងរុស្ស៊ី។ ខាងលើនេះជាការដកស្រង់សម្ដីរបស់លោកមេតវេដេវចុះផ្សាយដោយទីភ្នាក់ងារព័ត៌មានអ៊ីនធឺហ្វេក (Interfax)។

លោកមេតវេដេវថ្លែងបន្តទៀតថាក្រោយពេលបោះឆ្នោតរួចហើយអ្វីៗត្រូវចប់។ នៅលើទង់ជាតិរបស់អាមេរិកនឹងមិនមានរូបសញ្ញាផ្កាយបន្ថែមទៀតទេ។ លោកត្រាំបានប្រកាសជាញឹកញាប់ថាលោកត្រូវតែគ្រប់គ្រងកោះនេះឱ្យបាន។ កោះនេះជាដែនដីស្វយត្យដែលមានប្រព័ន្ធរដ្ឋបាលដោយខ្លួនឯង ប៉ុន្តែស្ថិតក្រោមការការពារពីប្រទេសដាណឺម៉ាក។ លោកត្រាំលើកហេតុផលថាអាមេរិកចាំបាច់ត្រូវតែយកកោះហ្គ្រីនលែនមកគ្រប់គ្រង។ ធ្វើដូច្នេះទើបអាចធានាសន្តិសុខជាតិអាមេរិក។ ប៉ុន្តែបំណងរបស់គាត់ធ្វើឱ្យដាណឺម៉ាក និងហ្គ្រីនលែនខឹងសម្បារយ៉ាងខ្លាំង។

លោកត្រាំអះអាងថាទីតាំងភូមិសាស្ត្ររបស់កោះនេះ រួមទាំងធនធានធម្មជាតិដ៏ច្រើនដែលលាក់កប់នៅក្រោមដីនៃកោះនេះមានសារសំខាន់ជាអាយុជីវិតសម្រាប់សន្តិសុខជាតិរបស់អាមេរិកដើម្បីទប់ទល់នឹងការវាតទីរបស់រុស្ស៊ី។ តាមពិត រុស្ស៊ីពុំបានប្រកាសចង់បានកោះហ្គ្រីនលែនទេ ប៉ុន្តែរុស្ស៊ីក៏សម្លឹងមើលដោយមិនដាក់ភ្នែកព្រោះកោះនេះពិតជាមានទីតាំងយុទ្ធសាស្ត្រសំខាន់មែន ជាច្រកផ្លូវឆ្ពោះទៅមហាសមុទ្រអាត្លង់ទិចខាងជើង និងជាមូលដ្ឋាននៃយោធាអាមេរិក និងទីតាំងសង្កេតអវកាសរបស់អាមេរិក។

វិមានក្រឹមឡាំងមិនបានធ្វើអត្ថាធិប្បាយអ្វីតបទៅលោកត្រាំទេ។ ប៉ុន្តែក្រឹមឡាំងចាត់ទុកថាទីនេះមានផលប្រយោជន៍ផ្នែកយុទ្ធសាស្ត្រសម្រាប់រុស្ស៊ី។ ក្រឹមឡាំងថាខ្លួនបន្តតាមដានដោយយកចិត្តទុកដាក់ចំពោះការជជែកដេញដោលគ្នាពាក់ព័ន្ធនឹងកោះហ្គ្រីនលែន។ ចាប់តាំងពីរុស្ស៊ីវាយប្រហារអ៊ុយក្រែនកាលពីឆ្នាំ២០២២ រាល់កិច្ចសហប្រតិបត្តិការនៅក្នុងបញ្ហាហ្គ្រីនលែនត្រូវផ្អឹបទុកទាំងអស់។ ម៉្យាងទៀត ដោយសារអាកាសធាតុប្រែប្រួល ច្រកផ្លូវថ្មីៗ និងធនធាននៅលើកោះក៏បង្ហាញរូបរាងបន្ថែមទៀតជាហេតុធ្វើឱ្យទីនេះកាន់តែមានគេចង់បាន។ នេះបើតាមការផ្សាយរបស់រ៉យទ័រ និងប្រភពដទៃទៀត៕
ចែករំលែកព័តមាននេះ