រាជធានីភ្នំពេញ ៖ នៅឆ្នាំ២០២៥ អគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិ នៃក្រសួងបរិស្ថាន បានពង្រឹងការគ្រប់គ្រងគម្របបៃតងនៅតាមតំបន់ការពារធម្មជាតិ ដោយធ្វើការបោះបង្គោលកំណត់ព្រំប្រទល់បានចំនួន ១,០០០បង្គោល។ ហើយនៅក្នុងឆ្នាំ២០២៦ អគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិគ្រោងនឹងបោះបង្គោលព្រំប្រទល់សរុបចំនួន ១,០០០បង្គោលបន្ថែមទៀត ក្នុងគោលបំណងជំរុញការចុះបញ្ជីដីរដ្ឋនៅក្នុងតំបន់ការពារធម្មជាតិ ។
សូមបញ្ជាក់ថា ក្រសួងបរិស្ថានមានផែនការបោះបង្គោលព្រំប្រទល់សរុបចំនួន ១៥,៧៥៩បង្គោល ដើម្បីជំរុញការចុះបញ្ជីដីរដ្ឋ និងធានាការគ្រប់គ្រងតំបន់ការពារធម្មជាតិឱ្យកាន់តែមានប្រសិទ្ធភាព។ បច្ចុប្បន្នក្រសួងបរិស្ថាន បានបោះបង្គោលសរុបចំនួន ៣,៦០០បង្គោល ដែលនៅសល់ចំនួនបង្គោលសរុបចំនួន ១២,១១៩បង្គោលទៀត ដែលត្រូវបោះក្នុងឆ្នាំបន្តបន្ទាប់ ។
ទាក់ទងនឹងការកំណត់ និងបែងចែកតំបន់គ្រប់គ្រង បច្ចុប្បន្នតំបន់ការពារធម្មជាតិនៅកម្ពុជា មានចំនួន ៧៣តំបន់ គ្របដណ្តប់លើផ្ទៃដីទំហំជាង ៧លានហិកតា ស្នើនឹង ៤១% នៃផ្ទៃដីសរុបរបស់ប្រទេស។ តំបន់ការពារធម្មជាតិ ត្រូវបានបែងចែកជាប្រភេទ រួមមាន ៖ ឧទ្យានជាតិមានចំនួន០៩ តំបន់ ឧទ្យានជាតិសមុទ្រមានចំនួន ០២ តំបន់ ដែនជម្រកសត្វព្រៃមានចំនួន១៨ តំបន់ តំបន់ការពារទេសភាពមានចំនួន ១៤តំបន់ តំបន់ប្រើប្រាស់ច្រើយ៉ាងមានចំនួន ១១ តំបន់ តំបន់រាមសារមានចំនួន០៥តំបន់ និងតំបន់បេតិកភណ្ឌធម្មជាតិ មានចំនួន ១៤ តំបន់ ។
យុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន បានដាក់ចេញសសរស្តម្ភទី២គឺ “ភាពបៃតង” ដែលសំដៅលើការបង្កើនគម្របព្រៃឈើជាតិ និងឆ្ពោះទៅអព្យាក្រឹត្យភាពកាបូនរបស់កម្ពុជានៅឆ្នាំ២០៥០។ តាមរយៈ«ភាពបៃតង» នេះ ក្រសួងបរិស្ថាន បានដាក់ចេញ នូវវិធានការ ពង្រឹងការគ្រប់គ្រងតំបន់ការពារធម្មជាតិ ពង្រីកគម្របព្រៃឈើជាតិ និងការអភិវឌ្ឍជីវភាពសហគមន៍មូលដ្ឋាន ដោយអនុវត្តយ៉ាងម៉ឺងម៉ាត់ នូវក្រមបរិស្ថាន និងធនធានធម្មជាតិ និងបទប្បញ្ញត្តិនានាជាធរមាន មិនមានការលើកលែងចំពោះបទល្មើសធនធានធម្មជាតិឡើយ ៕


ចែករំលែកព័តមាននេះ