សុខភាព៖ យោងតាមការផ្សាយរបស់សារព័ត៌មានបរទេស ការទទួលទានគ្រាប់ស្វាយចន្ទីជាប្រចាំក្នុងបរិមាណសមល្មមប្រហែល ២៨ ក្រាម ឬស្មើនឹង ១៨ គ្រាប់ក្នុងមួយថ្ងៃ ផ្តល់នូវសារធាតុចិញ្ចឹមយ៉ាងសម្បូរបែបដែលជួយទ្រទ្រង់សុខភាពរាងកាយបានយ៉ាងប្រសើរ។
បើតាមទិន្នន័យសុខភាព គ្រាប់ធញ្ញជាតិប្រភេទនេះសម្បូរទៅដោយជាតិស្ពាន់ដែលចាំបាច់សម្រាប់ការផលិតថាមពល និងពង្រឹងប្រព័ន្ធភាពស៊ាំ ព្រមទាំងមានផ្ទុកនូវសារធាតុប្រឆាំងអុកស៊ីតកម្មដូចជា Polyphenols និង Carotenoids ដែលជួយកាត់បន្ថយការរលាកក្នុងរាងកាយ។
ចំពោះអ្នកដែលចង់គ្រប់គ្រងទម្ងន់ ការញ៉ាំគ្រាប់ស្វាយចន្ទីមិនបង្កឱ្យឡើងទម្ងន់នោះឡើយ ព្រោះរាងកាយមិនបានស្រូបយកកាឡូរីទាំងអស់ពីគ្រាប់ធញ្ញជាតិនេះទេ ហើយវាថែមទាំងជួយឱ្យមានអារម្មណ៍ឆ្អែតបានយូរទៀតផង។ លើសពីនេះ ខ្លាញ់មិនឆ្អែតដែលមាននៅក្នុងគ្រាប់ស្វាយចន្ទីមានតួនាទីយ៉ាងសំខាន់ក្នុងការកាត់បន្ថយហានិភ័យនៃជំងឺបេះដូង បញ្ចុះសម្ពាធឈាម និងកម្រិតជាតិខ្លាញ់អាក្រក់ក្នុងឈាម។
សម្រាប់អ្នកជំងឺទឹកនោមផ្អែមប្រភេទទី២ សារធាតុសរសៃនៅក្នុងគ្រាប់ស្វាយចន្ទីជួយទប់ស្កាត់ការឡើងខ្ពស់នៃជាតិស្ករក្នុងឈាមបានយ៉ាងមានប្រសិទ្ធភាព។ ដើម្បីទទួលបានអត្ថប្រយោជន៍ជាអតិបរមា អ្នកជំនាញណែនាំឱ្យជ្រើសរើសគ្រាប់ស្វាយចន្ទីដែលលីងបែបស្ងួត និងមិនដាក់អំបិលមកបរិភោគ ដោយអ្នកអាចទទួលទានវាជាអាហារសម្រន់ ឬយកទៅច្នៃលាយជាមួយស៊ុប សាឡាត់ និងយ៉ាអួតាមចំណូលចិត្ត ប៉ុន្តែអ្នកដែលមានប្រវត្តិប្រតិកម្មជាមួយគ្រាប់ធញ្ញជាតិផ្សេងៗគួរមានការប្រុងប្រយ័ត្នមុននឹងទទួលទាន។
សូមបញ្ជាក់៖ នេះគ្រាន់តែជាការចែករំលែកចំណេះដឹងសុខភាពបឋមប៉ុណ្ណោះ។ បើមានបញ្ហាសុខភាពខុសធម្មតា សូមស្វែងរកការពិគ្រោះពីគ្រូពេទ្យជំនាញ ដើម្បីសុវត្ថិភាព និងការព្យាបាលទាន់ពេលវេលា៕
ចែករំលែកព័តមាននេះ