រាជធានីភ្នំពេញ ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធាន គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានដាក់ចេញផែនការជាទ្រង់ទ្រាយធំមួយ ក្នុងការបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ដោយកំណត់យកទីតាំងច្បាស់លាស់មួយ ហើយផ្តើមការត្រួតពិនិត្យ ទីតាំងខុនដូ និងនៅតាមទីតាំងរស់នៅប្រមូលផ្តុំ ដែលមានការសង្ស័យ ទាំងតូច និងធំ ដើម្បីឈានទៅដល់ការបង្ក្រាបជាក់ស្តែង បើមានបទល្មើស ONLINE SCAMS ។
ការដាក់ចេញជាផែនការខាងលើនេះរបស់លោក ឃួង ស្រេង បានធ្វើឡើងនារសៀលថ្ងៃទី១២ មករា ២០២៦នេះ ក្នុងកិច្ចប្រជុំ ជាមួយកម្លាំងមានសមត្ថកិច្ចទាំង២ប្រភេទ និងអាជ្ញាធរខណ្ឌទាំង១៤ និងមន្ទីរពាក់ព័ន្ធមួយចំនួន នៅសាលារាជធានីភ្នំពេញ ។
លោក ឃួង ស្រេង បានលើកឡើងថា ការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) វាជារឿងសំខាន់ ដែលរាជរដ្ឋាភិបាល បាននិងកំពុងយកចិត្តទុកដាក់ ហើយការងារនេះ កងកម្លាំងសមត្ថកិច្ចរបស់យើងរួមសហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទាំង១៤ បានបំពេញការងាររបស់ខ្លួនបានល្អប្រសើរ ហើយកន្លងមករហូតបង្ក្រាបបានជាបន្តបន្ទាប់ទាំង ONLINE SCAMS និងការចាប់ជំរិតជាដើម ។
លោកអភិបាលរាជធានី បានបន្តទៀតថា ជាផែនការចំពោះមុខ ការបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) យើងអនុវត្តជាលក្ខណៈទ្រង់ទ្រាយធំមួយ ជាមូយនឹងការកំណត់ទីតាំងច្បាស់លាស់ ពីមួយខណ្ឌទៅមួយខណ្ឌ ពិសេសនៅតំបន់ដែលមានអ្នករស់នៅច្រើនហើយ ដែលយើងមានការសង្ស័យ។ គ្រប់ខុនដូ និងតាមទីតាំងរស់នៅប្រមូលផ្តុំទាំងអស់ ត្រូវតែមានការត្រួតពិនិត្យ ។
លោក ឃួង ស្រេង បានបញ្ជាក់ផងដែរថា ក្រៅពីបង្ក្រាប ONLINE SCAMSហើយ ល្បែងស៊ីសងគ្រប់បករភេទ ដូចជាជល់មាន់ បៀ អាប៉ោង កន្ទុយលេខ ឆ្នោតឡូតូជាដើម គឺត្រូវតែបង្ក្រាប់ឱ្យអស់ ព្រោះវាប៉ះពាល់ផ្ទាល់ នឹងជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។ ចំពោះការងារការពារសន្តិសុខសុវត្ថិភាព និងសណ្ដាប់សាធារណៈ ក៏ត្រូវតែយកចិត្តទុកដាក់ឱ្យបានខ្ពស់ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌទាំង១៤ផងដែរ ៕






ចែករំលែកព័តមាននេះ