ខេត្តសៀមរាប ៖ សាលាដំបូងខេត្ត បានចេញដីកាបង្គាប់ឱ្យឃុំខ្លួនជនជាតិនេប៉ាល់ចំនួន
៣នាក់ ក្រោយពីរកឃើញថា ពួកគេមានជាប់ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ។
ក្នុងដីកាបង្គាប់ចុះថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦ សាលាដំបូងខេត្ត បានចោទប្រកាន់ជន
ទាំង៣នាក់ពីបទឆបោកមានស្ថានទម្ងន់ទោស ជាក្រុមមានការចាត់តាំង តាមបញ្ញត្តិមាត្រា ៣៧៧ និងមាត្រា៣៨០ នៃក្រមព្រហ្មទណ្ឌ ។
សាលាដំបូងខេត្ត បានសម្រេចឃុំខ្លួនជនជាតិនេប៉ាល់ទាំង៣នាក់ ក្រោយពីរកឃើញថា មានជាប់ពាក់ព័ន្ធនឹងប្រតិបត្តិការឆបោកតាមប្រព័ន្ធអនឡាញចេញពីទឹកដីនៃខេត្តសៀមរាប ប្រទេសកម្ពុជា ។
ក្នុងដីកាបង្គាប់ឱ្យឃុំខ្លួនដាច់ដោយឡែកពីគ្នា សាលាដំបូងខេត្ត បានបង្គាប់ឱ្យឈ្មោះ GURUNG BINAYA TUMROK SAIN និងឈ្មោះ SAPKOTA MOHAN ស្ថិតក្រោមការឃុំខ្លួនជាបណ្តោះអាសន្ន ពីបទឆបោកមានស្ថានទម្ងន់ទោស ជាក្រុមមានការចាត់តាំង ។
តាមដីកាដដែល សាលាដំបូងខេត្តក៏បានបង្គាប់ឱ្យឃុំខ្លួនអ្នកទាំង៣នាក់ ចាប់ពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦ និងមិនឱ្យហួសពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦ លើកលែងមានការពន្យារពេលឃុំខ្លួន ឬការបន្តឃុំខ្លួនរហូតដល់ពេលជំនុំជម្រះ ។
សូមជម្រាបថា ការចាប់និងឃុំខ្លួនជនបរទេសខាងលើ ធ្វើឡើងក្រោយពីសមត្ថកិច្ចកម្ពុជា
រកឃើញថា អ្នកទាំងនោះបានបន្លំខ្លួនធ្វើជាក្រុមហ៊ុនផ្តល់ប្រាក់កម្ចីក្នុងភូមិសាស្ត្រខេត្តសៀម
រាប និងយកទីតាំងនេះដើម្បីប្រព្រឹត្តសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា តាំងតែពីខែតុលា ឆ្នាំ២០២៥មក ។ នេះបើតាមគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប) ។
លេខាធិការដ្ឋាននៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(គ.
ប.ឆ.ប) បញ្ជាក់ថា គិតចាប់ពីឆ្នាំ២០២៥ រហូតមកដល់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦ តុលាការកម្ពុជាបានអនុវត្តនីតិវិធីលើសំណុំរឿងធំៗចំនួន ៣៦ករណី ដើម្បីផ្តន្ទាទោសមេខ្លោង និងបក្ខពួកចំនួន១៧១នាក់ ។ ជាមួយគ្នានេះ សមត្ថកិច្ចបាននិងកំពុងបន្តស្រាវជ្រាវ ដើម្បីវែកមុខបណ្តាញ
អង្គការចាត់តាំង ដែលនៅពីក្រោយការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ ។
ជាក់ស្តែង អាជ្ញាធរកម្ពុជាបានស្រាវជ្រាវស៊ីជម្រៅរហូតឈានដល់បានកំណត់មុខសញ្ញាមេខ្លោងនៃការប្រព្រឹត្តការឆបោក ហើយបានសហការជាមួយសមត្ថកិច្ចនៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីបញ្ជូនឧក្រិដ្ឋជនឈ្មោះ ចេន ហ្ស៊ី ទៅផ្តន្ទាទោសតាមច្បាប់ ។
រាល់ករណីអំពើល្មើស ដែលត្រូវបានស្រាវជ្រាវកំណត់មុខសញ្ញាជនសង្ស័យ គឺផ្អែកតាមរបាយការណ៍ស្រាវជ្រាវច្បាស់លាស់ និងភ័ស្តុតាងជាក់ស្តែង រហូតដល់នីតិវិធីបញ្ជូនដល់ដៃទៅតុលាការនេះ បានបង្ហាញពីភាពម៉ឺងម៉ាត់របស់សមត្ថកិច្ចកម្ពុជាក្នុងការអនុវត្តច្បាប់ និងបទបញ្ជាដែលរាជរដ្ឋាភិបាលបានដាក់ចុះ ក្នុងក្របខណ្ឌនៃយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅទូទាំងប្រទេស ។
តាមរបាយការណ៍របស់លេខាធិការដ្ឋាន គ.ប.ឆ.ប បានបង្ហាញថា ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦ ក្រោមការសម្របសម្រួលនិងចង្អុលបង្ហាញពីលេខាធិការដ្ឋាន គ.ប.ឆ.ប គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី-ខេត្ត បានបន្តចុះប្រតិបត្តិការបង្ក្រាបការឆបោកតាមអនឡាញ នៅទីតាំងផ្សេងៗគ្នាសរុបចំនួន៧កន្លែង ក្នុងនោះនៅរាជធានីភ្នំពេញចំនួន៦ទីតាំង និងនៅខេត្តសៀមរាបចំនួន១ទីតាំង ។
ប្រតិបត្តិការបង្ក្រាបទាំងនេះ បានឈានដល់ការឃាត់ខ្លួនជនសង្ស័យជាជនបរទេសសរុបចំនួន ៣៩នាក់ ក្នុងនោះមាន ជនជាតិកូរ៉េខាងត្បូងចំនួន៣២នាក់ ចិនចំនួន ៤នាក់ និងនេប៉ាល់ចំនួន ៣នាក់ ព្រមទាំងរឹបអូសសម្ភារៈជាវត្ថុតាងដូចជា កុំព្យូទ័រលើតុចំនួន៤គ្រឿង កុំព្យូទ័រយួរដៃចំនួន ៦២គ្រឿង និងទូរស័ព្ទដៃចំនួន ៣២គ្រឿង ។
គួររំឭកថា ក្នុងរយៈពេល៦ខែចុងក្រោយនៃឆ្នាំ២០២៥ យន្តការថ្នាក់ជាតិនេះបានរឹតបន្តឹង
ការអនុវត្តច្បាប់របស់អាជ្ញាធរមូលដ្ឋាន តុលាការ និងអយ្យការគ្រប់ជាន់ថ្នាក់ ពង្រឹងការគ្រប់គ្រងជនបរទេស ពិសេសអ្នកចូលមកកម្ពុជាដោយខុសច្បាប់ ដើម្បីធានាថា គ្មានសកម្មភាពល្មើស អំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឬទម្រង់នៃការជួញដូរមនុស្ស ឬផ្លូវភេទណាមួយ កើតឡើងជាដាច់ខាត ។ ជាមួយនេះ បន្តសហការជាមួយបណ្តាប្រទេសដៃគូលើពិភពលោក ដើម្បីស្រាវជ្រាវ ស៊ើបអង្កេត បង្ក្រាប និងទប់ស្កាត់អំពើល្មើសច្បាប់គ្រប់ទម្រង់ ។
សូមជម្រាបជូនថា ជាលទ្ធផលនៃយន្តការជាតិនេះបានបង្ក្រាបទីតាំងចំនួន ១១៨កន្លែង
ក្នុងរាជធានី-ខេត្តចំនួន១៨ ដោយបានឃាត់ខ្លួនជនសង្ស័យសរុប ៤ ៩៨៣នាក់ ដែលមាន
២៣សញ្ជាតិផ្សេងគ្នា បានបណ្តេញជនបរទេសខុសច្បាប់ចំនួន ៤ ០៣៩នាក់ ឱ្យត្រឡប់ទៅ
ប្រទេសខ្លួនវិញ និងបានអនុវត្តនីតិវិធីតុលាការលើសំណុំរឿងធំៗចំនួន ៣៥ករណី ដើម្បីផ្តន្ទា
ទោសមេខ្លោង និងបក្ខពួកចំនួន ១៦៨នាក់ ៕






ចែករំលែកព័តមាននេះ