យោងតាមសេចក្តីប្រកាសព័ត៌មានផ្លូវការរបស់ក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦ ស្ថានភាពរបស់ពលរដ្ឋភៀសសឹកបានបង្ហាញពីសញ្ញាវិជ្ជមានយ៉ាងខ្លាំង តាមរយៈលំហូរនៃពលរដ្ឋដែលបានសម្រេចចិត្តចាកចេញពីជំរំ ដើម្បីវិលត្រឡប់ទៅបន្តជីវភាពនៅឯផ្ទះសម្បែងរបស់ខ្លួនវិញជាបន្តបន្ទាប់ ។
ក្រសួងមហាផ្ទៃ បានប្រកាសនារសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦នេះថា ៖ គិតពីម៉ោង៦ព្រឹក ថ្ងៃទី១១ ដល់ម៉ោង៦ព្រឹក ថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦ នេះ មានពលរដ្ឋភៀសសឹក១.៨៨០នាក់បន្ថែមទៀត បានបន្តវិលត្រឡប់ទៅលំនៅឋានវិញ ។
ក្រសួងមហាផ្ទៃបានបញ្ជាក់ថា ដូច្នេះ ក្នុងចំណោមពលរដ្ឋភៀសសឹកសរុបជាង៦សែន៤ម៉ឺននាក់ មានប្រមាណ៤សែន៩ម៉ឺននាក់ បានវិលត្រឡប់ទៅលំនៅឋានវិញ ។ ពលរដ្ឋភៀសសឹកបន្តស្នាក់នៅជំរំមានចំនួន១៥៩.៥៩២នាក់ ។
សូមរំលឹកថា ៖ ទោះបីជាលំហូរនៃអ្នកវិលត្រឡប់មានចំនួនច្រើនក៏ដោយ ក៏ក្រសួងមហាផ្ទៃនៅតែបន្តយកចិត្តទុកដាក់ខ្ពស់ចំពោះពលរដ្ឋដែលនៅសេសសល់ ។ អាជ្ញាធរពាក់ព័ន្ធកំពុងបន្តសម្របសម្រួល ផ្តល់ស្បៀងអាហារ និងសេវាសុខាភិបាល ព្រមទាំងរៀបចំផែនការដឹកជញ្ជូនសម្រាប់អ្នកដែលចង់វិលត្រឡប់ក្នុងដំណាក់កាលបន្តបន្ទាប់ទៀត ៕
ចែករំលែកព័តមាននេះ