ខេត្តបាត់ដំបង ៖ គេមិនទាន់ដឹងថា តើមានសំណង ឬគ្មានសំណងនោះទេ ដល់ម្ចាស់ផ្ទះឬតូបលក់ដូរ ដែលត្រូវរុះរើចេញពីលើចីញ្ចើមផ្លូវតាមការជូនដំណឹងបន្ទាន់មួយ ដើម្បីសង្គ្រោះកំណាត់ផ្លូវចំនួន០៧ខ្សែក្នុងក្រុងបាត់ដំបង ?

ប៉ុន្តែសាលាក្រុងបានប្រកាសទុកពេលឱ្យត្រឹមតែរយៈពេល៤៥ថ្ងៃប៉ុណ្ណោះ គិតចាប់ពីថ្ងៃជូនដំណឹង ខណៈប្រជាពលរដ្ឋមួយចំនួនដែលរងផលប៉ះពាល់ស្នើសុំឲ្យអាជ្ញាធរជួយផ្ដល់សំណងលើការខូចខាត ។ សាលាក្រុងបាត់ដំបង បានចេញសេចក្ដីជូនដំណឹងស្ដីពីការរុះរើសំយាបផ្ទះ តូប រោង លក់ដូរចេញពីលើចិញ្ចើមថ្នល់នានា ដែលត្រូវជួសជុលបន្ទាន់នេះ ចាប់តាំងពីថ្ងៃទី០៥ មករា ដែលមានចុះហត្ថលេខា ដោយលោក លាង វាសនា អភិបាលក្រុងបាត់ដំបង ។

តាមរយៈសេចក្ដីជូនដំណឹងខាងលើ លោកលាង វាសនា បានបង្ហាញនូវកម្មវត្ថុ៖ ដែលនិយាយពីផែនការស្ថាបនាពង្រីកកំណាត់ផ្លូវនានានៅក្នុងក្រុងបាត់ដំបង ដើម្បីលើកកម្ពស់សោភ័ណភាព និងសណ្ដាប់ធ្នាប់ឲ្យកាន់តែល្អប្រសើរនៅក្នុងក្រុងបាត់ដំបង ។ បើតាមអភិបាលក្រុងបាត់ដំបង លោកលាង វាសនា បានឲ្យដឹងថា គម្រោងដែលត្រូវជួសជុលបន្ទាន់លើកំណាត់ផ្លូវនានានៅក្នុងក្រុងបាត់ដំបង គឺមានចំនួន០៧ខ្សែ ។

រួមមាន៖១-ផ្លូវលេខ១៥៤ចាក់«បេតុង» ចាប់ពីចំណុចស្តុបពេទ្យពពីរ ដល់ចំណុចស្ដុបបាណន់ (ដាក់លូ) ក្នុងសង្កាត់វត្តគរ ប្រវែង៨៥០ម៉ែត្រ ទទឹង១២ម៉ែត្រ (ផ្លូវមុខពេទ្យយីគក់) ។ ២-ផ្លូវលេខ៥៤០ ក្រាលកៅស៊ូ«DBST »ចាប់ពីផ្លូវជាតិលេខ៥ ដល់ប្រឡាយភ្លោះ ក្នុងសង្កាត់អូរចារ ដែលមានប្រវែង៣២៩០ម៉ែត្រ ទទឹង១០ម៉ែត្រ (ផ្លូវស្រែ១០០០) ។ ៣-ផ្លូវលេខ៤០៦ ក្រាលកៅស៊ូ«DBST» ចាប់ពីផ្លូវជាតិលេខ៥ ដល់ផ្លូវលេខ៥៧ (ដាក់លូ) ក្នុងសង្កាត់ទួលតាឯក ប្រវែង២៦០០ម៉ែត្រ ទទឹង១០ម៉ែត្រ (ផ្លូវក្រោយវត្តទួលតាឯក) ។ ៤-ផ្លូវលេខ៥២០ ក្រាលកៅដស៊ូ «DBST» ចាប់ពីស្ថានីយប្រេងPTT ដល់ផ្លូវទាល់ ក្នុងសង្កាត់ស្លាកែត ប្រវែង១៥០០ម៉ែត្រ ទទឹង១០ម៉ែត្រ(ផ្លូវស្រែ១០០) ។

៥-ផ្លូវលេខ១២១ ចាក់«បេតុង» ចាប់ពីផ្លូវលេខ៣ ដល់ផ្លូវលេខ៤ ក្នុងសង្កាត់ស្វាយប៉ោ ប្រវែង៥៥០ម៉ែត្រ ទទឹង១០ម៉ែត្រ (ផ្លូវជីបស្រេង) ។ ៦-ផ្លូវផ្សារពោធិវង្ស ចាក់«បេតុង»ចាប់ពីផ្លូវលេខ៥១៥ ដល់ប្រឡាយភ្លោះ ក្នុងសង្កាត់ចំការសំរោង ប្រវែង១៣៨០ម៉ែត្រ ទទឹង០៨ម៉ែត្រ (ផ្លូវផ្សរពោធិវង្ស) និង៧-ផ្លូវលេខ៤០៩ ក្រាល«បេតុង»ចាប់ពីផ្លូវលេខ៤ ដល់ប្រឡាយ ក្នុងសង្កាត់ទួលតាឯក ប្រវែង៨៥០ម៉ែត្រ ទទឹង០៥ម៉ែត្រ(ផ្លូវខាងត្បូងបុរីរោងចក្រ) ។

លោកលាង វាសនា បានបញ្ជាក់ថា ផែនការជួសកំណាត់ផ្លូវទាំងនេះ មន្ត្រីជំនាញនឹងត្រៀមចុះធ្វើក្នុងឆាប់ៗខាងមុខនេះហើយ ។ រីឯក្រុមការងារជំនាញក៏បានចុះវាស់វែងកំណត់អ័ក្សផ្លូវរួចរាល់ហើយដែរ ថែមទាំងបានណែនាំដល់ម្ចាស់លំនៅឋាននានា ដែលសាងសង់សំយ៉ាបផ្ទះ តូបលក់ដូរ ឬសំណង់នានាប៉ះពាល់លើចិញ្ចើមផ្លូវ ដើម្បីឲ្យគាត់ធ្វើការរុះរើ មុនពេលក្រុមការងារជំនាញចុះឈូសឆាយពង្រីកផ្លូវ ។

សូមបញ្ជាក់ថា ជាមួយនឹងសេចក្តីជូនដំណឹងរបស់រដ្ឋបាលក្រុងបាត់ដំបង ប៉ុន្មានលើកកន្លងមកនេះ រហូតមានសេចក្ដីជូនដំណឹងលើកចុងក្រោយ កាលពីដើមខែមករា ឆ្នាំ២០២៦នេះ គេមិនទាន់ឃើញប្រជាពលរដ្ឋដែលមានសំណង់ប៉ះពាល់ធ្វើការរុះរើនៅឡើយទេ បើទោះជារដ្ឋបាលក្រុងទុកពេលក្នុងរយៈពេល៤៥ថ្ងៃក្ដី ដោយគិតចាប់ពីថ្ងៃចេញសេចក្ដីជូនដំណឹងលើកចុងក្រោយនេះ ។

ប៉ុន្តែផ្ទុយទៅវិញ ពលរដ្ឋដែលរងផលប៉ះពាល់ពីការអភិវឌ្ឍន៍នេះ ហាក់មិនទាន់ឯកភាពជាមួយនឹងផែនការពង្រីកផ្លូវក្នុងក្រុងនេះឡើយ ។ គេសង្កេតឃើញមានការផ្ទុះប្រតិកម្មតវ៉ាជាហូរហែពីសំណាក់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់សរសេរសារបង្ហោះតាមបណ្ដាញសង្គមនានា។ កម្មវត្ថុនៃការតវ៉ារបស់ប្រជាពលរដ្ឋមួយចចំនួនដែលរងផលប៉ះពាល់ ភាគច្រើន ពួកគេបានលើកឡើងអំពី«សំណង» ទៅលើការខូចខាតសំណង់នានារបស់ពួកគាត់ ។

អ្នកខ្លះលើកហេតុផល ធ្លាប់រស់នៅលើដីចំណីផ្លូវជាង៣០ឆ្នាំ ឬជាង៤០ឆ្នាំកន្លងមកហើយ ។ អ្នកខ្លះទៀត បានលើកហេតុផលថា ដីឬផ្ទះទិញតពីគេ បើកកន្លែងលក់ដូររាប់សិបឆ្នាំមកហើយ បែរជាបណ្តេញឲ្យរុះរើដោយពុំមាន«សំណង»ខូចខាតខ្លះៗ ។ បើតាមស្ដាប់មតិភាគច្រើនរបស់ប្រជាពលរដ្ឋ ភាគច្រើនហាក់មានការយល់ព្រមចូលអភិវឌ្ឍន៍ជាមួយអាជ្ញាធរ ប៉ុន្តែពួកគេទាមទារសុំឲ្យមាន«សំណង» ខ្លះៗដល់ការខូចខាតរបស់ពួកគេ ។

ពាក់ព័ន្ធនឹងការទាមទារ «ប្រាក់សំណង»ដល់ការខូចខាត បាត់បង់ដីធ្លីឬផ្ទះសម្បែងនេះ កោះសន្តិភាពបានព្យាយាមសុំការពន្យល់បន្ថែមទៀតពីលោកលាង វាសនា អភិបាលក្រុងបាត់ដំបង ប៉ុន្តែលោកមិនបានផ្ដល់ចម្លើយទេ នៅព្រឹកថ្ងៃទី១២ មករា នេះ ដោយលោកបានបញ្ជាក់តបមកវិញថា «ខ្ញុំកំពុងជាប់ប្រជុំគណៈបញ្ជាការកងឯកភាពក្រុង» ដែលមន្ត្រីសាលាក្រុងម្នាក់និយាយថា «សាលាក្រុងកំពុងប្រជុំនិយាយពីរឿងផលប៉ះពាល់នេះហើយ» ។

បើនិយាយពីសេចក្ដីជូនដំណឹងរបស់រដ្ឋបាលក្រុងដែលបង្គាប់ឲ្យពលរដ្ឋរុះរើសំណង់វិញ ខ្លឹមសារចុងក្រោយនៃសេចក្ដីជូនដំណឹងនោះ រដ្ឋបាលក្រុងបាត់ដំបង បានទុកពេលឲ្យម្ចាស់ផ្ទះ ម្ចាស់តូបលក់ដូរ ឬម្ចាស់សំណង់ផ្សេងៗ ត្រឹមរយៈកន្លះខែប៉ុណ្ណោះ គិតចាប់ពីថ្ងៃជូនដំណឹង នៅថ្ងៃទី០៥ មករា ដល់ថ្ងៃទី២០ មករា ។ ប៉ុន្តែគេសង្កេតឃើញដោយមានការផ្ទុះការតវ៉ាតាមបណ្ដាញសង្គមនានាអំពី «សំណងផលប៉ះពាល់»។
ហើយថែមទាំងមិនឃើញម្ចាស់សំណង់ប៉ះពាល់មួយចំនួនកម្រើកដៃជើងចុះរុះរើសំណងរបស់ខ្លួនផង អាជ្ញាធរក៏បានសម្រេចទុកពេលរហូតដល់៤៥ថ្ងៃ ដើម្បីឲ្យប្រជាពលរដ្ឋរុះរើសំណង់ប៉ះពាល់ ។ បើតាមខ្លឹមសារនៃសេចក្ដីជូនដំណឹងចុងក្រោយនេះដែរ រដ្ឋបាលក្រុងបាត់ដំបងបានតម្រូវឲ្យម្ចាស់សំណង់នានាត្រូវរុះរើសំណង់របស់ខ្លួនចេញឲ្យអស់ពីលើដីចំណីផ្លូវតាមការកំណត់ ។

រដ្ឋបាលក្រុងបានព្រមានថា ក្នុងករណីម្ចាស់លំនៅឋាន ម្ចាស់អាជីវកម្ម និងបងប្អូនប្រពលរដ្ឋ មិនអនុវត្តតាមសេចក្ដីជូនដំណឹងនេះ រដ្ឋបាលក្រុងនឹងចាត់វិធានការតាមផ្លូវច្បាប់ រាល់ការខូចខាត ឬបាត់បង់ទ្រព្យសម្បត្តិ និងសម្ភារៈផ្សេងៗ រដ្ឋបាលក្រុងមិនទទួលខុសត្រូវឡើយ ។

ប៉ុន្តែយ៉ាងណា បើតាមប្រភពព័ត៌មានពីមន្ត្រីទំនងអាចមានការប្រែប្រួលខ្លះៗអំពីផែនការពង្រីកផ្លូវក្នុងក្រុងខាងលើនេះ ក្រោយពីមានការផ្ទុះប្រតិកម្មរិះគន់ជាបន្តបន្ទាប់តាមបណ្ដាញសង្គមដែលមតិភាគច្រើនលើកឡើងពី«សំណង» នៃផលប៉ះពាល់ ៕







ចែករំលែកព័តមាននេះ