សហរដ្ឋអាម៉េរិក៖ រឿងរ៉ាវដ៏គួរឱ្យចាប់អារម្មណ៍មួយបានកើតឡើង បន្ទាប់ពីមេដឹកនាំបក្សប្រឆាំងវេណេស៊ុយអេឡា លោកស្រី María Corina Machado ដែលជាម្ចាស់រង្វាន់ណូបែលសន្តិភាពឆ្នាំ២០២៥ បានប្រកាសថា លោកស្រីចង់ «ប្រគល់ ឬចែករំលែក» រង្វាន់ដ៏ខ្ពង់ខ្ពស់នេះជូនទៅលោកប្រធានាធិបតីសហរដ្ឋអាម៉េរិក ដូណាល់ ត្រាំ។ នេះបើយោងតាមសារព័ត៌មាន AP ចុះផ្សាយនៅថ្ងៃទី១១ ខែមករានេះ។
លោកស្រី Machado យល់ថា លោក ត្រាំ សមនឹងទទួលបានរង្វាន់នេះ ដោយសារការដឹកនាំប្រតិបត្តិការចាប់ខ្លួនអតីតប្រធានាធិបតីផ្ដាច់ការ លោក នីកូឡាស ម៉ាឌូរ៉ូ ដែលជាជំហានប្រវត្តិសាស្ត្រឆ្ពោះទៅរកប្រជាធិបតេយ្យនៅវេណេស៊ុយអេឡា។
ទោះជាយ៉ាងណា គណៈកម្មាធិការណូបែលសន្តិភាពនៃប្រទេសន័រវេសបានចេញមុខបញ្ជាក់ភ្លាមៗថា៖ រង្វាន់ណូបែលដែលប្រកាសរួច មិនអាចដកហូត ផ្ទេរ ឬចែករំលែកឱ្យអ្នកដទៃបានឡើយ។
ការសម្រេចចិត្តផ្តល់រង្វាន់គឺជាការសម្រេចចិត្តចុងក្រោយ និងមានសុពលភាពជានិរន្ដរ៍។
គួរបញ្ជាក់ថា លោក ដូណាល់ ត្រាំ តែងតែបង្ហាញបំណងចង់ឈ្នះរង្វាន់ណូបែលសន្តិភាពនេះជាខ្លាំង ប៉ុន្តែបំណងរបស់លោកស្រី Machado លើកនេះ ត្រូវបានស្ថាប័នណូបែលបញ្ជាក់យ៉ាងច្បាស់ៗរួចហើយ។ ត្រឹមតែឧទ្ទិសជូនគឺបាន តែផ្ទេរឈ្មោះម្ចាស់រង្វាន់គឺមិនបានឡើយ៕
ចែករំលែកព័តមាននេះ