ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាលខេត្ត​ត្បូងឃ្មុំ នាំ​យក​អំណោយ និង​ថវិកាជូន​ដល់វីរ​កងទ័ព​ជួរ​មុខ និង​ពលរដ្ឋ​ភៀស​សឹក នៅ​ទិស​ឧត្តរមានជ័យ

1 ខែ មុន

ខេត្ត​ត្បូងឃ្មុំ ​៖ ថ្ងៃ​ទី​៩ ខែមករា ឆ្នាំ​២០២៦​នេះ លោក ប៉ែន កុស​ល្យ អភិបាល ​នៃ​គណៈ​អភិបាលខេត្ត​ត្បូងឃ្មុំ…

ខេត្ត​ត្បូងឃ្មុំ ​៖ ថ្ងៃ​ទី​៩ ខែមករា ឆ្នាំ​២០២៦​នេះ លោក ប៉ែន កុស​ល្យ អភិបាល ​នៃ​គណៈ​អភិបាលខេត្ត​ត្បូងឃ្មុំ បាន​ដឹកនាំ​ក្រុមការងារ​ខេត្ត ចុះ​សួរសុខទុក្ខ​ដោយ​ផ្ទាល់ និង​នាំ​យក​អំណោយ​សប្បុរសធម៌​ជា​ស្បៀងអាហារ សម្ភារ​ប្រើប្រាស់​ជា​ច្រើន​មុខ រួម​នឹង​ថវិកា​ឧបត្ថម្ភ​សរុប ៦០​លាន​រៀល ដើម្បី​លើកទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខ និង​បងប្អូន​ប្រជាពលរដ្ឋ​ភៀស​សឹក នៅ​ទិស​ខេត្តឧត្តរមានជ័យ ។

ក្នុង​ដំណើរ​បេសកកម្ម​នេះ លោក​អភិបាលខេត្ត និង​ប្រតិភូ​អមដំណើរ បាន​អញ្ជើញ​ទៅ​ដល់ទី​តាំង​គោលដៅ​ចំនួន ៣ រួម​មាន ​៖
១. ទីតាំង​គោលដៅ​ទី ១ អង្គភាព​កងពល​លេខ​៦ ៖ ប្រគល់​ជូន​មេបញ្ជាការ​កងពល នៅ​ស្រុក​សូត​និគម ខេត្តសៀមរាប​។
២. ទីតាំង​គោលដៅ​ទី ២ អង្គភាព​កងពល​លេខ​២១ ៖ ប្រគល់​ជូន​មេបញ្ជាការ​កងពល នៅ​ស្រុក​ស្រីស្នំ ខេត្តសៀមរាប​។
៣. ទីតាំង​គោលដៅ​ទី ៣ រដ្ឋបាល​ខេត្តឧត្តរមានជ័យ ៖ ប្រគល់​ជូន​ឯកឧត្តម​អភិបាលខេត្ត នៅ​ស្រុក​ចុងកាល់ ដើម្បី​ចាត់ចែង​ជួយ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ភៀស​សឹក​ ។

ក្នុង​គោលដៅ​នីមួយ​ៗ ទទួល​បាន​ថវិកា​ឧបត្ថម្ភ ២០​លាន​រៀល ព្រមទាំង​គ្រឿង​ឧបភោគបរិភោគ និង​សម្ភារ​ចាំបាច់​ជា​ច្រើន​មុខ ដែល​ជា​ទឹកចិត្ត និង​សទ្ធា​ជ្រះថ្លា​របស់​មន្ត្រីរាជការ ព្រះសង្ឃ វិស័យ​ឯកជន និង​ប្រជាពលរដ្ឋ​ទូ​ទាំង​ខេត្ត​ត្បូងឃ្មុំ ក្រោម​ទស្សនៈ «​ខឿន​ការពារ​ជាតិ​របស់​ប្រជាជន​»​។

ក្នុង​ឱកាស​ដ៏​មាន​អត្ថន័យ​នេះ លោក ប៉ែន កុស​ល្យ បាន​ពាំនាំ​នូវ​ប្រសាសន៍​ផ្តាំផ្ញើ​សួរសុខទុក្ខ និង​សេចក្តី​នឹករលឹក ពី​សំណាក់សម្ដេច​មហា​ពញា​ចក្រី ហេង សំ​រិ​ន ប្រធានកិត្តិយស នៃ​ក្រុម​ឧត្តម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រធាន​ក្រុម​ឧត្តម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ និង​ជា​ប្រធាន​ព្រឹទ្ធសភា សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន​សែន សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោក​ជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត ជូន​វីរ​កងទ័ព​ជួរ​មុខ ដែល​កំពុង​ឈរជើង​ការពារ​អធិបតេយ្យភាព​ជាតិ និង​បូរណភាព​ទឹកដី​នៅ​តាម​បណ្ដោយ​ព្រំដែន និង​បងប្អូន​ជនភៀសសឹក ទាំងអស់ ។ ជា​និច្ចកាល សម្តេច​ចក្រី សម្តេច​តេ​ជោ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត សម្តេច​ធិ​បតី និង​លោក​ជំទាវ​បណ្ឌិត តែង​គិតគូរ​យកចិត្តទុកដាក់​ជា​ប្រចាំ​ពី​សុខទុក្ខ និង​ជីវភាព​រស់នៅ​របស់​វីរ​កងទ័ព គ្រួសារ​វីរ​កងទ័ព ព្រមទាំង​ប្រជាជន គ្រប់​ទីកន្លែង គ្រប់ពេលវេលា​ ។

លោកអភិបាលខេត្ត បាន​គូសបញ្ជាក់​ថា ក្នុង​នាម​ជា​អ្នក​សមរភូមិ​ក្រោយ យើង​នៅ​ឆ្ងាយ​តែ​រូប​កាយ​ប៉ុណ្ណោះ តែ​បេះដូង ឆន្ទៈ​មនសិការ ទឹកចិត្ត ស្មារតី នៅ​ជាប់​ជាមួយ​វីរ​កងទ័ព​យើង​ជា​ដរាប ដោយ​មិន​បោះបង់​បងប្អូន​ចោល​ឡើយ​។ ជាក់ស្តែង​កម្លាំង​មហា​សាមគ្គី នៃ​មហា​គ្រួសារ​ខ្មែរ​នៅ​ទូ​ទាំង​ប្រទេស និយាយ​ជា​រួម និង​ដោយឡែក នៅ​ខេត្ត​ត្បូងឃ្មុំ ព្រះសង្ឃ និង​ប្រជាពលរដ្ឋ គ្រប់​ស្រទាប់វណ្ណៈ បាន​នាំ​គ្នា​មក​បរិច្ចាគ​ថវិកា និង​គ្រឿង​ឧបភោគ បរិភោគ សម្ភារ​ប្រើប្រាស់​ចាំបាច់​តាម​ធនធាន​រៀង​ៗ ខ្លួន ចម្រុះ​មុខ ចាប់តាំងពី​រដ្ឋបាល​ខេត្ត​បាន​ចេញ​សេចក្តី​អំពាវនាវ​រួច​មក ដោយ​បាន​ចាត់ចែង​វេច​ខ្ចប់ និង​ដឹក​ជញ្ជូន​យក​ទៅ​ប្រគល់​ជូន​ជា​បន្តបន្ទាប់​តាម​គោលដៅ​ដែល​ត្រូវការ​ជំនួយ​សង្គ្រោះ​បន្ទាន់​ជា​ចាំបាច់ ​។

លោក ប៉ែន កុស​ល្យ បាន​ថ្លែង​ក្នុង​នាម​រដ្ឋបាល​ខេត្ត និង​ប្រជាពលរដ្ឋ នៅ​ទូ​ទាំង​ខេត្ត​ត្បូងឃ្មុំ សូម​ថ្លែងអំណរគុណ និង​គោរព​ដឹងគុណ​ដល់​វីរ​កងទ័ព វីរ​នគរបាល​ជាតិ ជួរ​មុខ​កម្ពុជា ដែល​បាន​ឈរជើង​យ៉ាង​រឹង​មាំ​ការពារ​បូរណភាព​ទឹកដី ប្រកបដោយ​ភាព​អង់អាច​ក្លាហាន និង​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ទាំងអស់ សូម​មាន​ជំនឿ​ចិត្ត​យ៉ាង​មុតមាំ​លើ​ការ​ដឹកនាំ​របស់​រាជរដ្ឋាភិបាល ក្នុង​ការ​ដោះស្រាយ​បញ្ហា​ព្រំដែន​ជាមួយ​ភាគី​ថៃ ដោយ​សន្តិវិធី និង​យុត្តិធម៌ ស្រប​តាម​ច្បាប់​អន្តរជាតិ ដើម្បី​រក្សា​ឱ្យ​បាន​ទាំងស្រុង​នូវ​អធិបតេយ្យភាព និង​បូរណភាព​ទឹកដី ​នៃ​មាតុភូមិ​អង្គរ​ ។

គួរ​ជម្រាប​ដែរ​ថា អំណោយ​ដែល​រដ្ឋបាល​ខេត្ត​ត្បូងឃ្មុំ ទទួល​បាន​ពី​សប្បុរសជន ហើយ​បាន​នាំ​យក​មក​ប្រគល់​ជូន​ដល់ អង្គភាព​កងពល​លេខ​៦, អង្គភាព​កងពល​លេខ​២១ និង​រដ្ឋបាល​ខេត្ត​ខេត្តឧត្តរមានជ័យ នា​ពេល​នេះ​ដូច​ជា ៖ ថវិកា ត្រីខ មី ទឹកបរិសុទ្ធ អង្ក អំបុក ត្រីងៀត ទឹកត្រី ទឹកស៊ីអ៊ីវ ប្រេងឆា នំ​ក្រៀម ឆ្នាំង ភួយ ទឹក​ផ្លែ​ឈើ និង​ទឹកក្រូច ក្រមា និង​ថ្នាំពេទ្យ​ជាដើម​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ