វេណេស៊ុយអេឡា ៖ កាលពីថ្ងៃទី៧ មករា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃវេណេស៊ុយអេឡា លោកឌីអូស្ដាដូកាបែលឡូប្រកាសថា ការវាយប្រហាររបស់អាមេរិកនៅក្រុងការ៉ាកាស់ចាប់ខ្លួនប្រធានាធិបតី លោកនីកូឡាស់ម៉ាឌូរ៉ូ និងភរិយា បណ្ដាលឲ្យមនុស្សស្លាប់យ៉ាងតិច១០០នាក់ ។ លោកថា ប្រធានាធិបតី និងភរិយាក៏រងរបួសដែរ ក្នុងប្រតិបត្តិការនោះ ។
រដ្ឋមន្ត្រីរូបនោះបន្តថា ការវាយប្រហារប្រឆាំងប្រទេសយើង គឺសែនទារុណ ។ ភរិយាប្រធា នាធិបតីត្រូវរបួសត្រង់ក្បាល ហើយខ្លួនត្រូវគ្រាប់កាំភ្លើងមួយគ្រាប់ ។ ចំណែកលោកម៉ាឌូរ៉ូវិញរងរបួសត្រង់ភ្លៅ ។ សំណាងល្អ របួសលោកទាំង២មិនធ្ងន់ធ្ងរ ។ នាថ្ងៃទី៧ មករា កងទ័ពវេណេស៊ុយអេឡា បានផ្សាយវីដេអូពីពិធីបុណ្យសពបណ្ដាទាហានដែលស្លាប់ ដោយមឈូសសពគ្របទង់ជាតិ អមដោយសាច់ញាតិដែលទ្រហោរយំ ។
អ្នកនាំពាក្យរបស់ស្នងការជាន់ខ្ពស់អ.ស.បខាងសិទ្ធិមនុស្ស លោកស្រីរ៉ាវីណាសាមដាសានីថ្លែងក្នុងសន្និសីទសារព័ត៌មានមួយនៅក្រុងហ្ស៊ឺណែវថា សហរដ្ឋអាមេរិកមិនត្រូវគំរាមកំហែង ឬប្រើប្រាស់កម្លាំងប្រឆាំងបូរណភាពដែនដី ឬឯករាជ្យភាពនយោបាយរបស់រដ្ឋមួយទៀតឡើយ ។
ប្រទេសជាច្រើនបានតវ៉ាប្រឆាំងភាពស្របច្បាប់នៃអន្តរាគមន៍យោធាអាមេរិកនៅវេណេណេស៊ុយអេឡា ដែលក្រុងវ៉ាស៊ីនតោនចាត់ទុកថា នោះជាប្រតិបត្តិការមួយរបស់ប៉ូលិស ។ សហរដ្ឋអាមេរិកបានលើកហេតុផលនៃការវាយប្រហារនោះ ដោយប្រកាសពីតុល្យការអាក្រក់តាំងពីយូរមកហើយរបស់រដ្ឋាភិបាលវេណេស៊ុយអេឡាប៉ះពាល់ដល់សិទ្ធិមនុស្ស ។ ទោះបីយ៉ាងណាក៏ដោយ លោកស្រីរ៉ាវីណា សាមដាសានី អះអាងថា គេក៏មិនត្រូវដល់ថ្នាក់ធ្វើអន្តរាគមន៍យោធាជាឯកតោភាគីដោយរំលោភបំពានលើច្បាប់អន្តរជាតិដែរ ។
នៅវេណេស៊ុយអេឡាភាពច្របូលច្របល់កំពុងតែកើតមានក្នុងឧស្សាហកម្មប្រេងរបស់ប្រទេស ក្រោមការគាបសង្កត់របស់អាមេរិក ។ ប្រធានាធិបតីអាមេរិក លោកដូណាល់ត្រាំទាមទារយកប្រេងច្រើនលានធុង បណ្ដានាវាដឹកប្រេងត្រូវអាមេរិកចាប់ សមត្ថភាពស្តុកចុះខ្សោយ ទាំងនេះនាំឲ្យមានការភ័យខ្លាចលើការបញ្ឈប់ផលិតកម្ម ។
នៅ MARACAIBO ទីតាំងផលិតកម្មប្រេងធំបំផុតរបស់វេណេស៊ុយអេឡា គេឃើញមាននាវាចេញចូលតិចបំផុតក្នុងបឹងដ៏ល្បី ដើម្បីផ្ទុកប្រេងឆៅ និងដឹកប្រេងចេញសំដៅទៅសមុទ្រ ដែលមានការដាក់ពង្រាយនាវាចម្បាំងអាមេរិកដ៏ច្រើន ជាពិសេស មានទាំងវត្តមានរបស់នាវាចម្បាំងធំបំផុតនៃពិភពលោកផង ។
រដ្ឋមន្ត្រីការបរទេសអាមេរិក លោកម៉ាកូរ៉ូប៊ីយ៉ូគូស បញ្ជាក់នាថ្ងៃទី៧ មករា ថា នាវាដឹកប្រេងត្រូវខ្ទប់នៅវេណេស៊ុយអេឡា ។ នាវាទាំងនោះ មិនអាចធ្វើចរាចរណ៍បាន ដោយសារការត្រួតពិនិត្យរបស់យើង ហើយក៏ព្រោះតែទណ្ឌកម្មរបស់យើង ។ យើងត្រូវយកប្រេងវេណេស៊ុយអេឡារវាងពី៣០ ទៅ៥០លានធុង ៕
ចែករំលែកព័តមាននេះ