ខេត្តកំពង់ឆ្នាំង យុវតីអាយុ ១៩ឆ្នាំម្នាក់បានស្លាប់នៅនឹងកន្លែងក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅវេលាម៉ោង ២និង៥០ នាទី រសៀល ថ្ងៃទី ៧ ខែមករា ឆ្នាំ ២០២៦នៅលើកំណាត់ផ្លូវក្រាលកៅស៊ូលេខ 153 a4 ចន្លោះគីឡូម៉ែត្រលេខ ១៤ និងលេខ ១៥ ស្ថិត នៅក្នុងភូមិព្រៃកោង ឃុំខ្នារឆ្មា ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។
យោងតាមរបាយការណ៍របស់មន្ត្រីនគរបាលមូលដ្ឋានបានឲ្យដឹងថា យុវតីរងគ្រោះមានឈ្មោះ ជឿង សុគុណ អាយុ ១៩ឆ្នាំ មុខរបរសិស្ស រស់នៅភូមិត្រដក់ពង ឃុំខ្នាឆ្មារ ស្រុកសាមគ្គីមានជ័យ ចំណែកភាគីម្ខាងទៀត ជាអ្នកបើករថយន្ត មិនស្គាល់អត្តសញ្ញាណ ព្រោះ ក្រោយកើតហេតុបានគេចខ្លួនបាត់ ។
ប្រភពដដែលបានបន្តថាមុនពេលកើតហេតុយុវតីរងគ្រោះអាយុ បានជិះម៉ូតូម៉ាកហុងដាសេរ ១២៥ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ឆ្នាំង 1L 58 36 មិនពាក់មួកសុវត្ថិភាពបើកបរពីទិសខាងកើតទៅលិច លុះមកដល់ចំណុចកើតហេតុបានបើកឡើងវ៉ាជែង ឬរ៉ឺម៉កម៉ូតូ១គ្រឿង ក៏ជ្រុលទៅបុកជាមួយនឹងរថយន្តម៉ាក toyota hilux ពាក់ស្លាកលេខភ្នំពេញ2BO 2471 បើកបរក្នុងពីទិសខាងលិចទៅកើត ក្នុងដំណើរច្រាសទើសគ្នា បណ្ដាលឱ្យយុវតីដែលជិះម៉ូតូ ស្លាប់នៅនឹងកន្លែង ។
ក្រោយកើតហេតុសមត្ថកិច្ចបានយកម៉ូតូនិងរថយន្តទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសាមគ្គីមានជ័យ ដើម្បីរង់ចាំការដោះស្រាយ ។ចំណែកឯសពយុវតីរងគ្រោះបានប្រគល់ទៅក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕



ចែករំលែកព័តមាននេះ