ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន សម្ដែងការព្រួយបារម្ភខ្លាំងចំពោះជនភៀសសឹកកម្ពុជារាប់សិបម៉ឺននាក់មិនទាន់អាចវិលត្រឡប់ទៅផ្ទះបាន

42 នាទី មុន

រាជធានី​ភ្នំពេញ ៖ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុ​ខុន បាន​សម្ដែង​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ថា ជនភៀសសឹក​កម្ពុជា​រាប់​សិប​ម៉ឺន​នាក់ នៅ​តែ​មិន​ទាន់​អាច​វិល​ត្រឡប់​ទៅ​ផ្ទះសម្បែង​របស់​ពួក​គេ នៅ​តាម​មូលដ្ឋាន​ជា​ច្រើន​ក្នុង​ខេត្ត​ចំនួន​បួន​របស់​កម្ពុជា ។…

រាជធានី​ភ្នំពេញ ៖ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុ​ខុន បាន​សម្ដែង​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ថា ជនភៀសសឹក​កម្ពុជា​រាប់​សិប​ម៉ឺន​នាក់ នៅ​តែ​មិន​ទាន់​អាច​វិល​ត្រឡប់​ទៅ​ផ្ទះសម្បែង​របស់​ពួក​គេ នៅ​តាម​មូលដ្ឋាន​ជា​ច្រើន​ក្នុង​ខេត្ត​ចំនួន​បួន​របស់​កម្ពុជា ។

ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុ​ខុន រដ្ឋមន្ត្រី ការ​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ កាលពី​រសៀល​ថ្ងៃ​ទី​៦ ខែមករា ឆ្នាំ​២០២៦ បាន​ធ្វើ​បទ​បង្ហាញ​ជូន​ប្រធាន និង​តំណាង​នៃ​ស្ថាន​បេសកកម្ម​ការទូត និង​អង្គការ​អន្តរជាតិ​នៅ​ភ្នំពេញ អំពី​បច្ចុប្បន្នភាព​នៃ​កា​រវិ​វត្ត​ស្ថានការណ៍​តាម​បណ្តោយ​ព្រំដែន​កម្ពុជា​-​ថៃ ។ នេះ​បើ​យោង​តាម​ក្រសួង​ព័ត៌មាន​បាន​ផ្សាយ​នា​ព្រឹក​ថ្ងៃ​ទី​០៨ ខែមករា​នេះ ។

ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​បាន​ថ្លែងអំណរគុណ​ចំពោះ​ការ​បន្ត​ចូលរួម​សកម្មភាព​របស់​អង្គទូត និង​បាន​កត់​សម្គាល់ថា បន្ទាប់​ពី​កំណើន​ភាព​តានតឹង​ថ្មី​ៗ​នេះ ស្ថានការណ៍​ហាក់ដូចជា​កំពុង​វិល​មក​រក​ផ្លូវត្រូវ​វិញ ដូច​បាន​ឆ្លុះ​បញ្ចាំង​ដោយ​ការ​សម្រេច​បាន​នូវ​សមិទ្ធផល​ផ្នែក ការទូត​សំខាន់​ៗ ដែល​រួម​មាន​កិច្ចប្រជុំ​ពិសេស​របស់​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន នៅ​ទីក្រុង​គូ​ឡា​ឡាំ​ពួ​ប្រទេស​ម៉ា​ឡេ​ស៊ី នា​ថ្ងៃ​ទី​២២ ខែធ្នូ កិច្ចប្រជុំ​ពិសេស​លើក​ទី​៣​នៃ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​(GBC) រវាង​កម្ពុជា​-​ថៃ នា​ថ្ងៃ​ទី​២៧ ខែធ្នូ និង​កិច្ចប្រជុំ​ត្រីភាគី​រវាង​កម្ពុជា ថៃ និង​ចិន នៅ​ខេត្ត​យូ​ណា​ន ប្រទេស​ចិន នា​ថ្ងៃ​ទី ២៩ ខែធ្នូ ឆ្នាំ​២០២៥​។

ឯកឧត្តម ប្រាក់ សុ​ខុន បាន​គូសបញ្ជាក់​អំពី​លទ្ធផល​វិជ្ជមាន នៃ​សេចក្តី​ប្រកាស​រួម​នៃ​កិច្ច ពិសេស​លើក​ទី​៣​នៃ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​(GBC)​រវាង​កម្ពុជា​-​ថៃ ដែល​ឆ្លើយ​តប​នឹង​អាទិភាព​សំខាន់​ៗ​សំដៅ​កាត់​បន្ថយ​ភាព​តានតឹង ការ​កសាង​ទំនុកចិត្ត ក៏​ដូច​ជា ការ​ស្តារ​សន្តិភាព និង​ភាព​ប្រក្រតី​ឡើង​វិញ ក្នុង​នោះ​រួម​មាន​បទ​ឈប់​បាញ់​ដែល​មាន​ប្រសិទ្ធភាព​ចាប់ពី​ថ្ងៃត្រង់​ថ្ងៃ​ទី​២៧ ខែធ្នូ ឆ្នាំ ២០២៥ ការ​ព្រមព្រៀង​ដើម្បី​ធានា​ឱ្យ​ជនភៀសសឹក​ផ្ទៃក្នុង​ប្រទេស​អាច​វិល​ត្រឡប់​ទៅ​ផ្ទះសម្បែង​វិញ ដោយ​សុវត្ថិភាព និង​សេចក្តី​ថ្លៃថ្នូរ ដោយ​គ្មាន​ការ​រារាំង និង​ការ​ប្តេជ្ញា​ចិត្ត​ឡើង​វិញ ចំពោះ​ដំណោះស្រាយ​ជម្លោះ​ដោយ​សន្តិវិធី តាម​រយៈ​ការ​ដោះស្រាយ​ឫសគល់​នៃ​ជម្លោះ រួម​ទាំង​ការ​បន្ត​ឡើង​វិញ​នូវ​ការងារ​របស់​គណៈកម្មការ​ចម្រុះ​ខណ្ឌសីមា​ព្រំដែន​គោក ។

ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ក៏​បាន​ស្វាគមន៍​ចំពោះ​ការ​ដោះ​លែង​យោធិន​កម្ពុជា​ទាំង​១៨ រូប ដែល​បាន​រួមចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​កសាង​ទំនុកចិត្ត​ឡើង​វិញ និង​បាន​សម្តែង​នូវ​អំណរ​គុណ​ដល់​គ្រប់​ភាគី​ទាំងអស់​ដែល​បាន​គាំទ្រ និង​រួមចំណែក​ដល់​កា​រវិ​វត្ត​ជា​វិជ្ជមាន​ទាំងនេះ ។

ទោះ​យ៉ាងណា​ក្ដី ឯកឧត្តម ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី សម្ដែង​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ថា ជនភៀសសឹក​កម្ពុជា​រាប់​សិប​ម៉ឺន​នាក់​នៅ​តែ​មិន​ទាន់​អាច​វិល​ត្រឡប់​ទៅ​ផ្ទះសម្បែង​របស់​ពួក​គេ នៅ​តាម​មូលដ្ឋាន​ជា​ច្រើន​ក្នុង​ខេត្ត​ចំនួន​បួន​របស់​កម្ពុជា ។

ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​បាន​លើក​អំពី​ការ​បន្ត​រក្សា​វត្តមាន​យោធា ព្រមទាំង​សកម្មភាព​ទាំងឡាយ​ដែល​បាន​ប៉ះពាល់​ដល់​រចនាសម្ព័ន្ធ​ស៊ី​វិល និង​វិល​ត្រឡប់​ចូល​ទៅ​តំបន់​ទាំងនេះ ។ ឯកឧត្តម​បាន​សង្កត់ធ្ងន់​លើ​សារៈសំខាន់​នៃ​ការ​ធានា​ឱ្យ​សកម្មភាព​ជាក់ស្តែង ដើរ​ស្រប​នឹង​ការ​ប្តេជ្ញា​ចិត្ត​ចំពោះ​បទ​ឈប់​បាញ់ និង​គោលការណ៍​អន្តរជាតិ​ពាក់ព័ន្ធ ក៏​ដូច​ជា​ស្មារតី​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ ។ ស្តី​ពី​បញ្ហា​ព្រំដែន ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា កម្ពុជា និង​ថៃ មាន​ព្រំដែន​រួម​ដែល​ទទួលស្គាល់​ជា​អន្តរជាតិ កំណត់​ដោយ​ផែនទី​ដែល​ផលិត​ឡើង​ស្រប​តាម​អនុសញ្ញា​ឆ្នាំ​១៩០៤ និង សន្ធិសញ្ញា​ឆ្នាំ​១៩០៧ ។

ឯកឧត្តម​បាន​លើក​ពី​វឌ្ឍនភាព​គួរ​ឱ្យ​កត់សម្គាល់​ក្នុង​ការងារ​កំណត់ព្រំដែន ដែល​សម្រេច​បាន​ដោយ​គណៈកម្មការ​ចម្រុះ​ខណ្ឌសីមា​ព្រំដែន​គោក ជា​ពិសេស​ក្នុង​ពេល​ថ្មី​ៗ​នេះ​នៅ ទីតាំង​ចន្លោះ​បង្គោល​ព្រំដែន​លេខ ៥២-៥៩ និង ៤២-៤៧ និង​បាន​រំលឹក​ឡើង​វិញ​នូវ​ចំណុច​ទី​៣​នៃ សេចក្តី​ប្រកាស​រួម​របស់​កិច្ចប្រជុំ​ពិសេស​លើក​ទី​៣ នៃ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ (GBC) រវាង​កម្ពុជា​- ថៃ ដែល​បញ្ជាក់​យ៉ាង​ច្បាស់​ថា រាល់​ការ​ព្រមព្រៀង​ទាំងអស់​ក្រោម​សេចក្តី​ប្រកាស​រួម​នេះ គឺ​មិន​ប៉ះពាល់ ដល់​ការងារ​វាស់វែង និង​ខណ្ឌសីមា​ព្រំដែន​ឡើយ ។ ក្នុង​ន័យ​នេះ កម្ពុជា​បាន​ស្នើ​ឱ្យ​មានការ​កោះ​ប្រជុំ គណៈកម្មការ​ចម្រុះ​ខណ្ឌសីមា​ព្រំដែន​គោក​ជា​បន្ទាន់ ដើម្បី​ព​ន្លឿ​ន​ការងារ​ស្រប​តាម​ស្មារតី​នៃ​សេចក្តី ប្រកាស​រួម ។

ឯកឧត្តម​បាន សង្កត់ធ្ងន់​បន្ថែម​ទៀត​អំពី​សារៈសំខាន់​នៃ​ការ​ពង្រឹង​តួនាទី​របស់​ក្រុម​អ្នក​សង្កេតការណ៍​អាស៊ាន ដើម្បី​ផ្ទៀងផ្ទាត់ និង​ធានា​ការ​អនុវត្ត​ពេញលេញ​នៃ​បទ​ឈប់​បាញ់ ព្រមទាំង​វិធានការ​ចាំបាច់​ផ្សេង​ទៀត​ដែល បាន​ព្រមព្រៀង​គ្នា ដើម្បី​តម្លាភាព ការ​កសាង​ទំនុកចិត្ត និង​ការ​ជឿ​ទុកចិត្ត​គ្នា ។

ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​បាន​បញ្ជាក់​ជា​ថ្មី​ថា កម្ពុជា​ជ្រើសរើស​យក​សន្តិភាព និង​ការ​ដោះស្រាយ ជម្លោះ​ដោយ​សន្តិវិធី និង​តាម​ផ្លូវ​ការទូត​ដើម្បី​ការពារ​អធិបតេយ្យ និង​បូរណភាព​ទឹកដី​របស់​ខ្លួន​។ ជាមួយ​គ្នា​នេះ តំណាង​ក្រសួងការពារជាតិ និង​លេខាធិការដ្ឋាន​កិច្ចការ​ព្រំដែន ក៏​បាន​ធ្វើ​សេចក្តីរាយការណ៍ និង​បទ​បង្ហាញ​អំពី​បច្ចុប្បន្នភាព​នៃ​ស្ថានភាព​ព្រំដែន​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ