វ៉ាស៊ីនតោន៖ ប្រធានាធិបតី ដូណាល់ ត្រាំ បានស្នើបង្កើនកញ្ចប់ថវិកាយោធាអាម៉េរិកឱ្យឡើងដល់កម្រិតកំណត់ត្រាគឺ ១,៥ ទ្រីលានដុល្លារ សម្រាប់ឆ្នាំ ២០២៧ ដើម្បីកសាងអ្វីដែលលោកហៅថា “កងទ័ពក្នុងសុបិន”។ ការសម្រេចចិត្តនេះធ្វើឡើងក្នុងគោលបំណងពង្រឹងសន្តិសុខជាតិ ស្របពេលដែលអាម៉េរិកកំពុងពង្រីកឥទ្ធិពលយោធានៅតំបន់អាម៉េរិកឡាទីន ជាពិសេសក្រោយប្រតិបត្តិការចាប់ខ្លួនមេដឹកនាំវេណេស៊ុយអេឡា លោក នីកូឡាស ម៉ាឌូរ៉ូ។ នេះបើយោងតាមការផ្សាយរបស់សារព័ត៌មាន AP, abcnews, aljazeera និងប្រភពផ្សេងៗទៀត នៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៦។
ក្រៅពីការបង្កើនថវិកា លោក ត្រាំ ក៏បានព្រមានធ្ងន់ៗទៅកាន់ក្រុមហ៊ុនផលិតអាវុធខ្នាតយក្សដូចជា Raytheon ឱ្យបញ្ឈប់ការយកប្រាក់ចំណេញទៅបែងចែកឱ្យអ្នកវិនិយោគ ហើយងាកមកពន្លឿនការផលិតអាវុធឱ្យទាន់ពេលវិញ បើមិនដូច្នោះទេ នឹងត្រូវកាត់ផ្តាច់កិច្ចសន្យាជាមួយរដ្ឋាភិបាល។ លោកបានបញ្ជាក់ថា លោកមានប្រភពចំណូលគ្រប់គ្រាន់ដើម្បីគាំទ្រផែនការនេះ ដែលបានមកពីការដំឡើងពន្ធគយលើទំនិញនាំចូលពីបរទេស។
ទោះជាយ៉ាងណា គម្រោងចំណាយដ៏មហិមានេះកំពុងប្រឈមនឹងការតវ៉ាពីបក្សប្រជាធិបតេយ្យ និងអ្នកជំនាញផ្នែកថវិកា ដែលបារម្ភពីការកើនឡើងនៃបំណុលជាតិ ខណៈដែលទីផ្សារភាគហ៊ុននៃក្រុមហ៊ុនការពារជាតិធំៗបានចាប់ផ្តើមធ្លាក់ចុះភ្លាមៗ ក្រោយការប្រកាសព្រមានរបស់លោក ត្រាំ៕
ចែករំលែកព័តមាននេះ