ទីក្រុងវ៉ាស៊ីនតោន៖ តាមមើលទៅ អាមេរិកប្រហែលជាមិនដកថយទេនៅក្នុងការចង់បានកោះហ្គ្រីនលែនមកគ្រប់គ្រងនៅក្នុងដៃ។ រដ្ឋមន្ត្រីការបរទេសអាមេរិក លោករូប៊ីអូ ថ្លែងថាលោកនឹងធ្វើដំណើរទៅជួបថ្នាក់ដឹកនាំដាណឺម៉ាកនៅសប្ដាហ៍ក្រោយដើម្បីនិយាយអំពីបញ្ហានេះ។ បណ្ដាប្រទេសនៅក្នុងសម្ព័ន្ធមិត្តជាមួយគ្នាដូចជាបារាំង និងអាល្លឺម៉ង់ជាដើមកំពុងភ្ញាក់ផ្អើលមិនតិចនោះទេនៅក្នុងរឿងនេះ។ ពួកគេក៏កំពុងរៀបចំផែនការដើម្បីត្រៀមទប់ទល់ផងដែរ។

បើសិនទៅថ្ងៃមុខ អាមេរិកពិតជាដណ្ដើមយកកោះដ៏សម្បូរធនធានរ៉ែមួយនេះមកកាន់កាប់ជំនួសដាណឺម៉ាកក្នុងនាមជាសម្ព័ន្ធមិត្តចាស់វស្សា ពេលនោះសម្ព័ន្ធភាពនៅក្នុងអង្គការណាតូនឹងក្រឡាប់ចាក់ជាមិនខាន ហើយនឹងធ្វើឱ្យជំហររវាងរដ្ឋបាលរបស់លោកត្រាំ និងពួកអឺរ៉ុបខ្វែងគំនិតគ្នាកាន់តែខ្លាំង។ លោកដូណាល់ត្រាំធ្លាប់ប្រកាសជារឿយៗថាលោកត្រូវតែយកកោះហ្គ្រីនលែនឱ្យបានទោះបីត្រូវបើប្រាស់កម្លាំងយោធាក៏ដោយ។ នៅវ៉ាស៊ីនតោន លោករូប៊ីអូបញ្ជាក់ថាជំហរនេះមិនកែប្រែជាដាច់ខាត។

ប៉ុន្តែនិយាយក្នុងនាមជាអ្នកការទូត លោកចង់ដោះស្រាយបញ្ហានេះដោយមិនចង់ប្រើប្រាស់កម្លាំងទេ។ ពោលគឺផ្ទុយពីប្រតិបត្តិការរបស់អាមេរិកនៅវេណេហ្ស៊ូអេឡាដែលវាយប្រហារ និងចាប់មេដឹកនាំប្រទេសនេះយកទៅទីក្រុងញូយ៉ក។ លោកថ្លែងដូច្នេះឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មានដែលថាតើអាមេរិកត្រូវតែយកកោះហ្គ្រីនលែនមកគ្រប់គ្រងដោយសុខចិត្តបំផ្លាញសម្ព័ន្ធភាពនៅក្នុងអង្គការណាតូ ឬយ៉ាងណា?

អ្នកនាំពាក្យសេតវិមាន លោកស្រីខារ៉ូឡាញ ឡេវីត (Karoline Leavitt) ថ្លែងថាលោកត្រាំ និងក្រុមសន្តិសុខជាតិរបស់លោកកំពុងពិគ្រោះគ្នាទិញយកកោះហ្គ្រីនលែនតាមសម្រួល។ ប៉ុន្តែលោកស្រីបញ្ជាក់ថាលោកត្រាំបានដាក់ជម្រើសទាំងអស់នៅលើតុរួចទៅហើយ។ មានន័យថាបើសិនចរចាគ្នាដោយសន្តិវិធីគ្មានប្រសិទ្ធភាពទេ លោកត្រូវតែបង្ខំចិត្តប្រើប្រាស់កម្លាំងយោធា។ ជម្រើសទីមួយរបស់លោកត្រាំគឺខិតខំប្រើប្រាស់នយោបាយការទូតឱ្យអស់លទ្ធភាពជាមុនសិន។

ប្រតិកម្មចំពោះបញ្ហានេះ រដ្ឋមន្ត្រីការបរទេសបារាំង លោកហ្សង់ណូអែល បារ៉ូ (Jean-Noel Barrot) ថ្លែងថាបញ្ហាកោះហ្គ្រីនលែននេះនឹងយកទៅពិភាក្សាគ្នានៅក្នុងកិច្ចប្រជុំរវាងលោកជាមួយសមភាគីអាល្លឺម៉ង់ និងប៉ូឡូញ។ លោកថ្លែងបន្តទៀតថាយើងចង់ចាត់វិធានការឆ្លើយតប។ ប៉ុន្តែយើងចង់ធ្វើឡើងជាក្រុមជាមួយប្រទេសជាដៃគូនៅទ្វីបអឺរ៉ុប។ ប្រភពពីមន្ត្រីរដ្ឋាភិបាលអាល្លឺម៉ង់បង្ហើបឱ្យដឹងថាខ្លួនត្រៀមសហការគ្នាជិតស្និទ្ធជាមួយបណ្ដាប្រទេសនៅអឺរ៉ុប និងដាណឺម៉ាកដើម្បីកំណត់ថាតើត្រូវធ្វើអ្វីទៀតនៅជំហានបន្ទាប់។

មន្ត្រីរដ្ឋាភិបាលអឺរ៉ុបដែលស្នើសុំមិនបញ្ចេញឈ្មោះប្រាប់ថាប្រទេសដាណឺម៉ាកត្រូវតែនាំមុខគេនៅក្នុងការចាត់វិធានការឆ្លើយតបក្រោមកិច្ចសហការជាមួយប្រទេសដទៃទៀត។ ប៉ុន្តែរហូតមកដល់ពេលនេះ ដាណឺម៉ាកមិនទាន់បោះដៃទៅក្រុមសម្ព័ន្ធមិត្តនៅអឺរ៉ុបដើម្បីពិគ្រោះគ្នាថាតើពួកគេចង់បានការគាំទ្រអ្វីខ្លះ។ ហ្គ្រីនលែនមានសារៈសំខាន់ផ្នែកភូមិសាស្ត្រនយោបាយ។ កោះនេះស្ថិតនៅចន្លោះទ្វីបអឺរ៉ុប និងអាមេរិកខាងជើង និងជាទីតាំងសំខាន់សម្រាប់ដាក់ពង្រាយប្រព័ន្ធមីស៊ីលការពារដែនអាកាសទប់ទល់នឹងមីស៊ីលផ្លោងអស់ជាច្រើនទសវត្សមកហើយ។ ម៉្យាងទៀត កោះនេះក៏សម្បូរធនធានរ៉ែសម្បើមណាស់ដែរ។ បើសិនអាមេរិកបានកោះនេះមកគ្រប់គ្រងអាចកាត់បន្ថយការពឹងផ្អែកទៅលើរ៉ែរបស់ប្រទេសចិន។ នេះបើយោងតាមការផ្សាយរបស់រ៉យទ័រ និងប្រភពដទៃទៀត៕
ចែករំលែកព័តមាននេះ