ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​សម្អាត​សំណល់​ប្រេង ដែល​លេច​ចេញពី​ឧបទ្ទវហេតុ​ទូរថភ្លើង​ធ្លាក់​ផ្លូវ​នៅ​ខេត្តពោធិ៍សាត់ ឈាន​ដល់​ដំណាក់កាល​ជិត​បញ្ចប់

2 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ៖ ប្រតិបត្តិការ​សម្អាត​សំណល់​ប្រេង ដែល​លេច​ចេញពី​ឧបទ្ទវហេតុ​ទូរថភ្លើង​ធ្លាក់​ផ្លូវ នៅ​ខេត្តពោធិ៍សាត់ឈាន​ដល់​ដំណាក់កាល​ជិត​បញ្ចប់ ត្រឡប់​ទៅ​រក​ភាព​ស្អាត នៅ​ក្នុង​តំបន់​ឡើង​វិញ ។ ក្រុមការងារ​ក្រសួងបរិស្ថាន សហការ​ជាមួយ​រដ្ឋបាល​ខេត្តពោធិ៍សាត់…

រាជធានី​ភ្នំពេញ ៖ ប្រតិបត្តិការ​សម្អាត​សំណល់​ប្រេង ដែល​លេច​ចេញពី​ឧបទ្ទវហេតុ​ទូរថភ្លើង​ធ្លាក់​ផ្លូវ នៅ​ខេត្តពោធិ៍សាត់
ឈាន​ដល់​ដំណាក់កាល​ជិត​បញ្ចប់ ត្រឡប់​ទៅ​រក​ភាព​ស្អាត នៅ​ក្នុង​តំបន់​ឡើង​វិញ ។

ក្រុមការងារ​ក្រសួងបរិស្ថាន សហការ​ជាមួយ​រដ្ឋបាល​ខេត្តពោធិ៍សាត់ មន្ទីរ​បរិស្ថាន​ខេត្តពោធិ៍សាត់ រដ្ឋបាល​ស្រុក​បាកាន អាជ្ញាធរ​មូលដ្ឋាន និង​ក្រុមហ៊ុន​រ៉ូ​យ៉ា​ល់​រ៉ែ​ល​វេរ បាន​ធ្វើការ​អន្តរាគមន៍ ទប់ស្កាត់​ការ​បំពុលបរិស្ថាន​ជុំវិញ​ឧ​ឧ​ប្បទ្ទ​ហេតុ​ទូរថភ្លើង​ធ្លាក់​ផ្លូវ នៅ​ភូមិ​ច្រែស ឃុំ​អូរ​តា​ប៉ោង ស្រុក​បាកាន ខេត្តពោធិ៍សាត់ ខេត្តពោធិ៍សាត់ កាលពី​ថ្ងៃ​ទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០២៥ កន្លង​ទៅ កំពុង​ឈាន​ទៅ​ដល់​បញ្ចប់​ប្រតិបត្តិការ​សម្អាត​ទីតាំង​ទទួល​រង​ផល​ប៉ះពាល់​និង​ការ​ស្តារ​បរិស្ថាន​ឡើង​វិញ ។

អ្នកនាំពាក្យ​ក្រសួងបរិស្ថាន ឯកឧត្តម ខ្វៃ អាទិ​ត្យា បានឱ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​១ ខែមករា ឆ្នាំ​២០២៦ ក្រុមការងារ​បាន​សហការ​ជាមួយ​ក្រុមហ៊ុន ធ្វើការ​សម្អាត​សំណល់​ប្រេង និង​ស្តារ​បរិស្ថាន​នៅ​ទីតាំង​ទទួល​រង​ផល​ប៉ះពាល់ ដោយ​បាន​កៀរ និង​បូម​យក​សំណល់​ប្រេង យក​ទៅ​រក្សា​ទុកដាក់​បណ្តោះអាសន្ន នៅ​ស្ថានីយ​ពោធិ៍សាត់ ដើម្បី​ធ្វើ​ប្រព្រឹត្ត​កម្ម​តាម​បច្ចេកទេស​សុវត្ថិភាព​បរិស្ថាន ។
ក្រុមការងារ ​បាន​កំពុង​បន្ត​ការ​តាមដាន​ត្រួតពិនិត្យ​សំណល់​ប្រេង​ ដែល​អាច​មាននៅ​សេសសល់​បន្តិចបន្តួច​ក្នុង​ដី​បាត​រណ្តៅ​ជាប់​នឹង​ដី​ចំណី​ផ្លូវ​រថភ្លើង ។ ក្រុមការងារ​ក៏​បាន​កំពុង​ពិនិត្យ​លើ​ការ​ដាំ​រុក្ខជាតិ ​ដែល​សម​ស្រប​ទៅ​តាម​ស្ថានភាព​អេកូ​ឡូ​ស៊ី ​នៃ​ទីតាំង​ទទួល​រង​ផល​ប៉ះពាល់ ​ដើម្បី​ធ្វើ​ឱ្យ​តំបន់​មាន​ភាព​បៃតង ។

សូម​បញ្ជាក់​ថា រថភ្លើង​ដឹក​ប្រេង​របស់​ក្រុមហ៊ុន​រ៉ូ​យ៉ា​ល់​រ៉ែ​ល​វេរ ទិស​ដៅ​ពី​កើត​ទៅ​លិច ចេញពី​ភ្នំពេញ​ឆ្ពោះទៅ​ខេត្តបាត់ដំបង បាន​ក្រឡាប់​ធ្លាក់​ទូ​ដឹក​ប្រេងម៉ាស៊ូត ត្រង់​ចន្លោះ​គីឡូ​ម៉ែ​ត​លេខ ២០៨-២០៩ ចម្ងាយ​ប្រមាណ ៧០ ម៉ែត្រ​ពី​លំនៅ​ដ្ឋា​ន​ប្រជាជន ក្នុងភូមិ​សាស្ត្រ​ស្រុក​បាកាន ខេត្តពោធិ៍សាត់​។ ឧបទ្ទវ​ហេតុនេះ បណ្តាល​ទ​ដឹក​ប្រេង​ចំនួន ៤ ធ្លាក់​ចេញពី​រថភ្លើង ក្នុង​នោះ​ទូ​ផ្ទុក​ប្រេង​ចំនួន ៣ ទទួល​រង​ការ​ខូចខាត និង​បណ្តាល​មាន​ប្រេង​ហៀរ​ចេញ ប្រមាណ ៣០០០០ លី​ត្រ​។ ប្រេង​ដែល​បាន​លេច​ជ្រៀប​ចេញពី​ទូរថភ្លើង​ទាំងនេះ ត្រូវ​បាន​ប្រជាពលរដ្ឋ​បាន​ដួស​យក​ទៅ​ប្រើប្រាស់​មួយ​ចំនួន និង​នៅ​សល់​ខ្លះ​តាម​បណ្តោយ ដី​ចំណី​ផ្លូវ​រថភ្លើង​ទំហំ​ប្រមាណ ៦០០០ ម៉ែត្រការ៉េ​ ។

ឯកឧត្តម​បណ្ឌិត អ៊ា​ង សុ​ផល្លែ​ត រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន បាន​ចាត់​ក្រុមការងារ​ចុះ​ទៅ​ពិនិត្យ​ និង​ធ្វើការ​សហការ​ជាមួយ​អ្នក​ពាក់ព័ន្ធ ដើម្បី​ទប់ស្កាត់​ការ​បំពុល​នៅ​កន្លែង​កើតហេតុ​ភ្លាម​ៗ​។ កន្លង​មក​ក្រុមការងារ​ក្រសួងបរិស្ថាន បាន​ចាត់វិធានការ​ទប់ស្កាត់​ការ​សាយភាយ​សំណល់​ប្រេង ការ​សម្អាត​ប្រេង ការ​ត្រួតពិនិត្យ​សុខភាព​ប្រជាពលរដ្ឋ ដែល​អាច​ទទួល​រង​ផល​ប៉ះពាល់ ដោយសារ​ការ​ដួស​សំណល់​ប្រេង​ទៅ​ប្រើប្រាស់​។ ក្រុមការងារ​ បាន​សហការ​ជាមួយ​ភាគី​ពាក់ព័ន្ធ និង​ជាមួយ​ក្រុមហ៊ុន រៀប​ចំការ​សម្អាត​សំណល់​ប្រេង រួម​មានការ​បូ​ប ការ​កាយ​យក​ដី​ប្រឡាក់​ប្រេង​ចេញ និង​ការ​ប្រើប្រាស់​ចំបើង​ដើម្បី​បឺត​យក​សំណល់​ប្រេង នៅ​ទីតាំង​ដី​ចំណី​ផ្លូវ​រថភ្លើង​។ ជា​បន្តបន្ទាប់​ក្រុមហ៊ុន​បាន​ប្រមូល វេច​ខ្ចប់​និង​ទុកដាក​ចំបើង ដែល​មាន​សំណល់​ប្រេង​ត្រឹមត្រូវ ដើម្បី​ដឹក​ជញ្ជូន​យក​ទៅ​ដុត​កម្ទេច​នៅ​ក្រុមហ៊ុន​កំពត​ស៊ីម៉ង់​តិ៍ និង​ប្រើប្រាស់​គ្រឿងចក្រ សម្រាប់​បាញ់​សម្អាត កាយ​ដី​ប្រឡាក់ និង​បូម​យក​សំណល់​ប្រេង​ពី​ដី​ចំណី​ផ្លូវ​រថភ្លើង​ឱ្យ​បាន​ស្អាត​ជា​បណ្តើរ​ៗ​។ រហូត​មក​ដល់​ថ្ងៃ​ទី ០១ ខែមករា ឆ្នាំ​២០២៦ ការ​សម្អាត​សំណល់​ប្រេង ឈាន​ទៅ​បញ្ចប់​នៅ​ពេល​ខាង​មុខ​។

សូម​បញ្ជាក់​ថា​កន្លង​មក​ក្រសួងបរិស្ថាន​ បាន​យល់ចិត្ត​ទុកដាក់​ទប់ស្កាត់​ការ​បំពុលបរិស្ថាន​នៅ​ក្នុង​នោះ​គឺ​ជំរុញ​ការ​អនុវត្ត​ច្បាប់ 100% ជា​ពិសេស​ការ​ទប់ស្កាត់​សំណល់​រាវ​បង្ហូរ​ប៉ះពាល់​ទៅ​ដល់​តំបន់​ទឹក​សាធារណៈ ស្រប​តាម​អនុសាសន៍​ដឹកនាំ​របស់​ប្រមុខ​រាជរដ្ឋាភិបាល សម្ដេច​មហា​បបរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ការ​អនុវត្ត​តាម​យុទ្ធសាស្ត្រ​ច​ក្រា​វិស័យ​បរិស្ថាន ក្នុង​នោះ​សសរស្តម្ភ​ទី​១ គឺ​ភាព​ស្អាត ដែល​ក្រសួងបរិស្ថាន បាន​ជំរុញ​សកម្មភាព ដើម្បី​ភាព​ស្អាត ក្នុង​ទឹក លើ​ដី និង​លើ​មេឃ ដើម្បី​កម្ពុជា​មាន​ភាព​ស្អាត ប្រជាពលរដ្ឋ និង​បរិស្ថាន​មាន​សុខភាព​ល្អ និង​កម្ពុជា​មាន​ភាព​ស្អាត​លើ​ឆាក​អន្តរជាតិ ដែល​ទាក់ទាញ​អ្នក​ទេសចរណ៍ និង​អ្នក​វិនិយោគ​មក​កម្ពុជា​កាន់តែ​ច្រើន​ថែម​ទៀត​៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ