រាជធានីភ្នំពេញ ៖ មន្ត្រីអ្នកនាំពាក្យក្រសួងបរិស្ថាន បានឲ្យដឹងថា ក្នុងឆ្នាំ២០២៥ មន្ត្រីឧទ្យានុរក្ស ចុះល្បាតជាប្រចាំ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន បានចំនួន ១៦,២៦១លើក និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានចំនួន ២,១៥២ករណី មានជាអាទ៍បទល្មើសព្រៃឈើ ចំនួន ៧៥១ករណី បទល្មើសសត្វព្រៃ ចំនួន ៧៣៧ករណី បទល្មើសកាប់រុករានទន្ទ្រានដីរដ្ឋ ចំនួន ៣៣៤ករណី បទល្មើសនេសាទចំនួន ៣២២ករណី និងបទល្មើសធនធានរ៉ែ ចំនួន ១៥ករណី ។
ជាមួយគ្នានេះ មន្ត្រីនគរបាលតយុត្តិធម៌ នៃក្រសួងបរិស្ថាន បានកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចំនួន ១៣៣ករណី និងបញ្ជូនជនស្ស័យទៅតុលាការ ចំនួន ៩៥នាក់ ។
អ្នកនាំពាក្យក្រសួងបរិស្ថាន លោក ខ្វៃ អាទិត្យា បានឱ្យដឹងថា ក្នុងឆ្នាំ២០២៥ សកម្មភាពល្បាតកើនឡើងចំនួន ១,៨៥៥លើក និងករណីបង្ក្រាបបទល្មើសធនធានធម្មជាតិថយចុះ ចំនួន ៣៩៣ករណី បើធៀបនឹងឆ្នាំ២០២៤ ។ ក្នុងឆ្នាំ២០២៤ មន្ត្រីឧទ្យានុរក្ស ចុះល្បាតជាប្រចាំក្នុងដែនសមត្ថកិច្ចរបស់ខ្លួនបាន ១៤,៤០៦លើក និងបង្ក្រាបបទល្មើសធនធានធម្មជាតិបាន ចំនួន ២,៥៤៥ករណី មានជាអាទ៍បទល្មើសព្រៃឈើ ចំនួន ៧៥២ករណី បទល្មើសសត្វព្រៃចំនួន ៧០០ករណី បទល្មើសកាប់រុករានទន្ទ្រានដីរដ្ឋចំនួន ៧៥៤ករណី បទល្មើសនេសាទ ចំនួន ៣២៧ករណី និងបទល្មើសធនធានរ៉ែ ១២ករណី ។
ជាមួយគ្នានេះ មន្ត្រីនគរបាលយុត្តិធម៌ នៃក្រសួងបរិស្ថាន បានកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចំនួន ២៣៥ករណី និងបញ្ជូនជនសង្ស័យទៅតុលាការ ចំនួន ៩៨នាក់ ។
អ្នកនាំពាក្យរូបនេះ បានបន្តថា ការថយចុះ នៃបង្ក្រាបបទល្មើសធនធានធម្មជាតិ គឺពិតជាកើតឡើងដោយសារកិច្ចខិតខំប្រឹងប្រែងពីថ្នាក់ដឹកនាំ និងមន្ត្រីឧទ្យានុរក្សរបស់ក្រសួងបរិស្ថាន សហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ រដ្ឋបាលខេត្ត ក្រុង ស្រុក ដែលមានតំបន់ការពារធម្មជាតិ អាជ្ញាធរមូលដ្ឋាន អង្គការដៃគូ និងជាពិសេសជាមួយអង្គការអយ្យការអមសាលាដំបូងខេត្ត កងកម្លាំង ប្រដាប់អាវុធទាំ៣ប្រភេទ អង្គភាពប្រឆាំងអំពើពុករលួយ និងប្រជាពលរដ្ឋនៅតាមសហគមន៍ តំបន់ការពារធម្មជាតិ ធ្វើការអនុវត្តក្រមបរិស្ថាន និងធនធានធម្មជាតិ និងបទដ្ឋានគតិយុត្ត ជាធរមាន ដើម្បីធានាការការពារ និងអភិរក្សធនធានធម្មជាតិ សម្រាប់ការរស់នៅដោយចីរភាព ។
ជាមួយគ្នានេះ ស្របជាមួយគោលនយោបាយយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា និងបទបញ្ជារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការគ្រប់គ្រងធនធានធម្មជាតិឱ្យមានប្រសិទ្ធភាព ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានជំរុញការអនុវត្ត «យុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន» ក្នុងនោះសសរ ស្តម្ភទី២ គឺ«ភាពបៃតង» ដោយផ្តោតលើយុទ្ធសាស្ត្រសំខាន់ទី១ ការពង្រីកចលនាដាំឈើ និងទី២៖ ការជំរុញការគ្រប់គ្រងតំបន់ការពារធម្មជាតិ និងទី៣ ការអភិវឌ្ឍជីវភាពសហគមន៍ តំបន់ការពារធម្មជាតិ ដើម្បីចូលរួមការពារនិងអភិរក្សធនធានធម្មជាតិ និងមានការអភិ វឌ្ឍន៍ជីវភាពកាន់តែប្រសើរ។ ក្នុងរយៈពេលជាង២ឆ្នាំកន្លងមកនេះ បន្ថែមពីការដាក់ចេញ នូវការអនុវត្តច្បាប់១០០% ចំពោះបទល្មើសធនធានធម្មជាតិ ក្រសួងបរិស្ថានបានបង្កើនប្រសិទ្ធភាពក្នុងការឆ្លើយតប មានភាពលឿនរហ័ស ច្បាស់លាស់ និងធ្វើការអន្តរាគមន៍ចំគោលដៅ ធ្វើការទប់ស្កាត់ និងបង្ក្រាបបទល្មើស នៅតាមតំបន់ការពារធម្មជាតិ ។
ក្រសួងបរិស្ថាន បានផ្តល់ផែនទីរូបភាពពីផ្កាយរណប លើបណ្តាទីតាំងចំណុចសង្ស័យ មានការកាប់រានព្រៃឈើ ជូនរដ្ឋបាលខេត្ត គណៈកម្មការជាតិ ដើម្បីបង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ អង្គភាពប្រឆាំងអំពើពុករលួយ និងកងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ ដើម្បីពិនិត្យតាមដាន និងចាត់វិធានការតាមបញ្ញត្តិក្រមបរិស្ថាន និងធនធានធម្មជាតិ និងនីតិវិធីច្បាប់ លើកកម្ពស់បច្ចេកវិទ្យាល្បាត តាមរយៈការផ្តល់ផែនទីរូបភាពផ្កាយរណប និងបណ្តាទីតាំងចំណុចសង្ស័យ មានការកាប់រានព្រៃឈើ និងដ្រូនក្នុងការពិនិត្យតាមដាន និងចាត់វិធានការច្បាប់ប្រកបដោយប្រសិទ្ធភាពខ្ពស់ ៕









អត្ថបទសរសេរ ដោយ
អត្ថបទសរសេរ ដោយ
ចែករំលែកព័តមាននេះ