រាជធានីភ្នំពេញ ៖ ក្នុងឆ្នាំ២០២៥ ក្រសួងបរិស្ថានបានចែកជូនកូនឈើ ជាង ៣,៤០០,០០០ដើម ក្នុងនោះកូនត្នោតចំនួន ១,០០០,០០០ដើម ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅតាមមន្ទីរបរិស្ថានរាជធានី ខេត្ត តាមរយៈយុទ្ធនាការ «ពន្លកបៃតង» ដើម្បីយកទៅដាំតាមទីសាធារណៈនានា និងដាំស្តារព្រៃសហគមន៍ កូនឈើដែលបានចែកជូន ក្នុងឆ្នាំកន្លងទៅនេះ បានមកពីថ្នាលបណ្តុះកូនឈើថ្នាក់តំបន់ ចំនួន៥ រួមមាននៅខេត្តត្បូងឃ្មុំ សៀមរាប កំពង់ស្ពឺ កោះកុង និងមណ្ឌលគិរី និងថ្នាលរបស់មន្ទីរបរិស្ថានរាជធានី ខេត្តទូទាំងប្រទេស ។
សូមបញ្ជាក់ថា អនុលោមតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ រាជរដ្ឋាភិបាលបានដាក់ចេញយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ហើយក្រសួងបរិស្ថាន បានរៀបចំអនុវត្ត និងដាក់ចេញយុទ្ធនាការពន្លកបៃតង គឺបណ្តុះកូនឈើ ចែកកូនឈើ និងដាំដើមឈើយ៉ាងតិចមួយ (០១)លានដើមក្នុងមួយឆ្នាំ ។
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានមានប្រសាសន៍ថា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្រសួងបរិស្ថាន បានផ្តួចផ្តើម និងដឹកនាំនិងជំរុញការបណ្តុះកូនឈើ នៅតាមមន្ទីរបរិស្ថាន និងបានបង្កើតថ្នាលបណ្តុះកូនឈើថ្នាក់តំបន់ចំនួន ៥ ថែមទៀតជាបន្តបន្ទាប់ នៅខេត្តត្បូងឃ្មុំ កំពង់ស្ពឺ សៀមរាប មណ្ឌលគិរី និងកោះកុង។ ថ្នាលបណ្តុះកូនឈើថ្នាក់តំបន់ ក្នុងឆ្នាំ២០២៥ បានបណ្តុះកូនឈើដូចតទៅ ៖
-ថ្នាលបណ្តុះកូនឈើថ្នាក់តំបន់ ខេត្តត្បូងឃ្មុំ មាន៣៧២រោង និងផលិតកូនឈើបានចំនួន ១,០០០,០០០ ដើម
-ថ្នាលបណ្តុះកូនឈើថ្នាក់តំបន់ ខេត្តកំពង់ស្ពឺ មាន៥៩២រោង និងផលិតកូនឈើបានចំនួន១,៣២៧,១០៤ដើម
-ថ្នាលបណ្តុះកូនឈើថ្នាក់តំបន់ ខេត្តសៀមរាប មាន៧២រោង និងផលិតកូនឈើបានចំនួន ៣៣១,៧៧៦ដើម
-ថ្នាលបណ្តុះកូនឈើថ្នាក់តំបន់ ខេត្តកោះកុង មាន៩៤រោង និងផលិតកូនឈើបានចំនួន ៨០៩,៩៧៦ដើម
-ថ្នាលបណ្តុះកូនឈើថ្នាក់តំបន់ ខេត្តមណ្ឌលគិរី មាន៩៦រោង និងផលិតកូនឈើបានចំនួន ២២១,១៨៤ដើម ។
សម្រាប់ឆ្នាំ២០២៦ ថ្នាលបណ្តុះកូនឈើថ្នាក់តំបន់ទាំងអស់និងបង្កើនការបណ្តុះ និងចែកកូនឈើ ចំនួន ៣,០០០,០០០ ទៅ ៥,០០០,០០០ដើម។ ក្នុងពេលបច្ចុប្បន្នថ្នាលបណ្តុះកូនឈើថ្នាក់តំបន់ បានចូលរួមចំណែកចលនាដាំបន្លែដើម្បីជាតិ ដោយបានចែករំលែកចំណេះដឹងក្នុងការដាំដុះកូនឈើព្រៃ កូនឈើហូបផ្លែ និងបន្លែ រួមមានស្ពៃ ត្រកូន ត្រប់ ននោង ត្រសក់ ជាដើម ជាមួយលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ព្រមទាំងយុវជនកម្ពុជា និងប្រជាពលរដ្ឋនៅតាមសហគមន៍មូលដ្ឋាន អាចដាំដុះបន្ថែម នៅតាមសាលារៀន វត្តអារាម និងតាមមូលដ្ឋាននានា ស្របតាមគោលនយោបាយយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជួយលើកកម្ពស់សន្តិសុខស្បៀងគ្រួសារ ជួយបង្កើនចំណូលសម្រាប់ជីវភាព។ សកម្មភាពនេះ គឺជាការចូលរួមចំណែកក្នុងចលនា “យើងរួមគ្នាដើម្បីជាតិ” ផ្ដួចផ្ដើមគំនិតដោយលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងគោលបំណងផុសសកម្មភាពដាំបន្លែដើម្បីជាតិ ដើម្បីទ្រទ្រង់ដល់វីរកងទ័ព វីរនគរបាលជួរមុខការពារព្រំដែន និងជនភៀសសឹកដោយសារការឈ្លានពានទឹកដីពីសត្រូវ។ លើសពីនេះ ថ្នាលបណ្តុះកូនឈើថ្នាក់តំបន់ទាំងអស់ ត្រូវបានរៀបចំឱ្យមានហេដ្ឋរចនាសម្ព័ន្ធ សម្រាប់ការធានាការបណ្តុះ កូនឈើ និងការស្រោចស្រព ដោយប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យ ការទាក់ទាញទេសចរណ៍ ដែលអាចបង្កើនចំណូល សម្រាប់សហគមន៍មូលដ្ឋាន ។
ក្នុងគម្រោងក្រសួងបរិស្ថាននឹងជំរុញការបណ្តុះកូនឈើ និងចែកកូនឈើជូនសាធារណជន យកទៅដាំតាន់រដូវវស្សា នៅតាមផ្ទះ តាមមូលដ្ឋាន សាលារៀន វត្តអារាម ទីសាធារណៈ នៅឆ្នាំ២០២៦ ចំនួនចាប់ពី៥,០០០,០០០ ដើម ៕











ចែករំលែកព័តមាននេះ