ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហាមដាច់ខាតការដាក់តាំង «គោដុ.ត» នៅ​ទីចំហសាធារណៈ ឬមុខហាង

4 ម៉ោង មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ក្រសួងធម្មការ និងសាសនា កាលពីថ្ងៃទី៣១ ធ្នូ ឆ្នាំ២០២៥ បានចេញសេចក្តីណែនាំស្តីពីការទប់ស្កាត់នូវរូបភាពអាជីវកម្ម «គោដុត» នៅទីចំហសាធារណៈ…

រាជធានីភ្នំពេញ ៖ ក្រសួងធម្មការ និងសាសនា កាលពីថ្ងៃទី៣១ ធ្នូ ឆ្នាំ២០២៥ បានចេញសេចក្តីណែនាំស្តីពីការទប់ស្កាត់នូវរូបភាពអាជីវកម្ម «គោដុត» នៅទីចំហសាធារណៈ ។

យោងតាមសេចក្តីណែនាំបានឱ្យដឹងថា កន្លងមករាជរដ្ឋាភិបាលបានចេញនូវសេចក្តីណែនាំលេខ ១៥ សជណ.ផក ចុះថ្ងៃទី១០ មករា ឆ្នាំ២០១២ ក្នុងគោលបំណងទប់ស្កាត់នូវរូបភាពអាជីវកម្ម​«គោដុត» នៅទីចំហសាធារណៈ ដើម្បីពង្រឹងដល់ការគោរពប្រតិបត្តិព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ និងជំនឿផ្សេងៗ​ដែលមាននៅក្នុងព្រះរាជាណាចក្រកម្ពុជា ។​

ដើម្បីឱ្យស្របទៅតាមគោលការណ៍ណែនាំនេះ ក្រសួងធម្មការនិងសាសនា សូមធ្វើការណែនាំដូចខាងក្រោមនេះ ៖

១-ហាមដាច់ខាតនូវសកម្មភាពរូបភាពអាជីវកម្ម «គោដុត» នៅទីចំហសាធារណៈដូចជាមុខហាងជាដើម ដែលបង្ហាញនូវសកម្មភាពហិង្សាឃោរឃៅ ផ្ទុយនឹងគោលការណ៍អហិង្សាធម៌របស់ព្រះពុទ្ធសាសនា និងជំនឿផ្សេងៗ ។

២-ការចរាចរណ៍សត្វទ្វេបាទ ចតុប្បាទ សត្វមានជីវិតដទៃទៀត តាមរថយន្ត ទោចក្រយានយន្ត ត្រីចក្រយាន និងមធ្យោបាយនានាត្រូវមានការបិទបាំងឱ្យបានត្រឹមត្រូវហ្មត់ចត់ ចៀសវាងការចងខ្សែព្យួរ ដាក់ក្នុងទីវាល ឬក៏ចងទម្លាក់តាមផ្លូវ ដែលជារូបភាពបង្ហាញ​នូវភាពហិង្សាធ្វើ​ឱ្យប៉ះពាល់ដល់គុណតម្លៃព្រះពុទ្ធសាសនា និងសេចក្តីថ្លៃថ្នូររបស់សង្គម ។

៣-ចំពោះសាច់សត្វដែលបានពិឃាតហើយ ការដឹកជញ្ជូនចរាចរណ៍តាមផ្លូវ ត្រូវមានការវេចខ្ចប់ បិទបាំង​ឱ្យបានជិតល្អ ត្រឹមត្រូវ ចៀសវាងការដឹកជញ្ជូនដោយការវេចខ្ចប់ និងបិទបាំង ឬដាក់ចំហដែលធ្វើ​ឱ្យប៉ះពាល់អារម្មណ៍ សុខភាពសាធារណៈ និងបង្ហាញពីហិង្សាធម៌ ។​

ក្រសួងធម្មការ និងសាសនា សង្ឃឹមនិងជឿជាក់ថា ក្រោយពីទទួលបានសេចក្តីណែនាំខាងលើនេះ អ្នកធ្វើអាជីវកម្មពាក់ព័ន្ធ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ នឹងសហការអនុវត្តឱ្យបានល្អប្រសើរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ