ខេត្តបាត់ដំបង ៖ លំនៅឋានដ៏ធំ០១ខ្នង ត្រូវអគ្គិភ័យលេបយកអស់គ្មានសល់ កាលពីវេលាម៉ោង៨ និង២៥នាទីយប់ថ្ងៃទី២១ ធ្នូ ឆ្នាំ២០២៥ នៅក្នុងភូមិចំបក់ ឃុំជ្រៃសីមា ស្រុកសំពៅលូន ដែលគេអះអាងថា ដោយសារកូនប្រសារដុតសំរាមខ្វះការប្រុងប្រយ័ត្នក៏រាលដាលឆេះផ្ទះឪពុកក្មេកហ្មត់តែម្ដង ។

តាមរយៈរបាយការណ៍អធិការស្រុកសំពៅលូន លោក ទឹក វិឆ័យ បានឲ្យដឹងថា លំនៅឋានដែលត្រូវភ្លើងឆេះ មានទំហំ៧មx៨ម ធ្វើអំពីឈើប្រក់ស័ង្កសីរបស់ឈ្មោះ ភួង ភាព ភេទស្រី អាយុ៦២ឆ្នាំ និងប្ដីឈ្មោះកែវ ណាត អាយុ៦៣ឆ្នាំ រស់នៅកន្លែងកើតហេតុខាងលើ ។

បើតាមលោកអធិការប្រាប់ថា ក្រុមគ្រួសារនាំគ្នារត់ភៀសសឹក តែកូនប្រសារប្រុសឈ្មោះ ភាព ជាអ្នកនៅចាំផ្ទះ ។ នៅយប់កើតហេតុ កូនប្រសាររូបនោះបានប្រមូលសំរាមដុតនៅក្បែរផ្ទះ ហើយមានការធ្វែសប្រហែសក៏ឆេះរាលដាលឆ្លងដល់ផ្ទះឪពុកក្មេកឆេះអស់គ្មានសល់ ដោយមិនអាចសង្គ្រោះបានឡើយ ។

របាយការណ៍សមត្ថកិច្ចបានបង្ហាញពីតុល្យការនៃការខូចខាតរួមមាន៖ ខូចខាតផ្ទះចំនួន០១ខ្នងទាំងស្រុង, ទូដាក់ខោអាវចំនួន០១, គ្រែដេកចំនួន០១, ម៉ូទ័រស្វានចំនួន០៣គ្រឿង, ឆេះមុងចងកន្ទេលតម្លៃ៣០ម៉ឺនរៀល, ឆេះអង្ករចំនួន៧៥គីឡូក្រាម, ឆេះសៀវភៅគ្រួសារ សំបុត្រកំណើត និងសម្ភារប្រើប្រាស់ក្នុងផ្ទះស្ទើរទាំងស្រុង ។ លោក ទឹម វិឆ័យ បាននិយាយថា សមត្ថកិច្ចបានចេញរថយន្តពន្លត់អគ្គិភ័យជួយអន្តរាគមន៍បាញ់ទឹកអស់០១រថយន្តដែរ តែមិនអាចទប់ស្កាត់បាន ឡើយ។

អគ្គិភ័យនេះបានកើតឡើងចំពេលម្ចាស់ផ្ទះ និងប្រជាពលរដ្ឋរាប់រយគ្រួសារទៀត រត់ភៀសសឹកស្ងាត់អស់ពីភូមិទៅហើយ រីឯកម្លាំងសមត្ថកិច្ចគ្រប់អង្គភាព គ្រប់ស្ថាប័នកំពុងត្រៀមប្រយុទ្ធជាសត្រូវឈ្លានពានថៃ តាមលេណដ្ឋានរៀងៗខ្លួន ដូច្នេះហើយ ទើបសមត្ថកិច្ចពិបាកក្នុងការជួយអន្តរាគមន៍ចំពោះអគ្គិភ័យនេះ ៕
ចែករំលែកព័តមាននេះ