ខេត្តស្ទឹងត្រែង ៖ លោក សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង បានដឹកនាំផ្ទាល់នូវការរៀបចំពិធីបុណ្យសពជូនដល់វីរកងទ័ព លោកអនុសេនីយ៍ឯក ឈន ឡងឌី ដែលជាអនុប្រធានផ្នែកសុខាភិបាលនៃវរសេនាតូចនគរបាលការពារព្រំដែនគោក៧០១ ដែលបានពលីជីវិតយ៉ាងអង់អាចក្លាហានក្នុងបុព្វហេតុការពារជាតិមាតុភូមិ និងបូរណភាពទឹកដី ។

សពរបស់លោកអនុសេនីយ៍ឯក ឈន ឡងឌី បានមកដល់គេហដ្ឋានស្ថិតនៅភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង នៅវេលាម៉ោង៩ និង៣៥នាទីយប់ ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ បន្ទាប់ពីលោកបានបាត់បង់ជីវិតនៅក្នុងសមរភូមិទិសមុំបី ខេត្តព្រះវិហារ កាលពីរសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ ។
អភិបាលខេត្តស្ទឹងត្រែងបានថ្លែងនូវការចងចាំ និងដឹងគុណយ៉ាងជ្រាលជ្រៅចំពោះការលះបង់ដ៏ធំធេងនេះ ។

លោក សរ សុពុត្រា បានចាត់ទុកថា យើងទាំងអស់គ្នានឹងចងចាំជានិច្ចពីការលះបង់ និងពលីកម្មក្នុងការប្រយុទ្ធជាមួយសត្រូវឈ្លានពាន ដើម្បីការពារប្រជាជន និងការពារដែនអធិបតេយ្យជាតិ ។

យើងទាំងអស់គ្នាពិតជាក្តុកក្តួល និងក្រៀមក្រំបំផុតចំពោះការបាត់បង់ជីវិតយុទ្ធមិត្ត អនុសេនីយ៍ឯក ឈន ឡងឌី ដែលជាការបាត់បង់ស្វាមីប្រកបដោយសង្គហធម៌ដ៏ឧត្តុង្គឧត្តម និងជាឪពុកប្រកបដោយព្រហ្មវិហារធម៌ចំពោះកូន ហើយក៏ជាការបាត់បង់យោធិនដ៏អង់អាចក្លាហាននៅក្នុងបុព្វហេតុការពារអធិបតេយ្យ និងបូរណភាពទឹកដីពីសត្រូវឈ្លានពាន ។

សូមបដិសន្ធិវិញ្ញាណរបស់លោកអនុសេនីយ៍ឯក ឈន ឡងឌី បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ ។





ចែករំលែកព័តមាននេះ