រាជធានីភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានបញ្ជាក់ប្រាប់ទៅភាគីថៃថា សន្តិភាពមិនអាចកើតឡើងគ្រាន់តែនិយាយប៉ុណ្ណោះទេ តែវាកើតឡើងតាមរយៈសកម្មភាពជាក់ស្តែង ដូច្នេះកងទ័ពថៃអាចចាប់ផ្តើមជាមួយនឹងការបញ្ឈប់សកម្មភាពឈ្លានពានដែនអធិបតេយ្យភាពកម្ពុជាបាប់ពីពេលនេះ។
ការលើកឡើងរបស់អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជានេះ បន្ទាប់ពីភាគីថៃតែងតែមិនគោរពបទឈប់បាញ់ និងកិច្ចព្រមព្រៀងនានា និងច្បាប់អន្តរជាតិកន្លងមក ។ លើសពីនេះ ទោះបីជាមានប្រទេសមហាអំណាចសហរដ្ឋអាមេរិក ចូលរួមធ្វើជាសាក្សីយ៉ាងណាក្តី ។
លោកជំទាវ ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិថ្លែងក្នុងសន្នីសិទសារព័ត៌មាននា ព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥ យ៉ាងដូច្នេះថា៖ «យោធាថៃត្រូវបង្ហាញភាពស្មោះត្រង់សុច្ឆន្ទៈ និងភាពថ្លៃថ្នូរ ប្រសិនបើថៃពិតជាចង់បានសន្តិភាពពិតប្រាកដមែន ព្រោះថា សន្តិភាពមិនអាចកើតឡើងតាមរយៈការនិយាយប៉ុណ្ណោះទេ ប៉ុន្តែកើតឡើងតាមរយៈសកម្មភាពជាក់ស្តែង ហើយកងទ័ពថៃអាចផ្តើមបញ្ឈប់នូវសកម្មភាព ខុសច្បាប់ដែលរំលោភកម្ពុជា កន្លងមកនេះ»។
លោកជំទាវអ្នកនាំពាក្យក៏បានលើកឡើងថា កម្ពុជាអំពាវនាវឲ្យថៃវិលត្រឡប់មកវិញគោរពនូវបទឈប់បាញ់ សេចក្តីថ្លែងការណ៍រួម ស្តីពីកិច្ចព្រមព្រៀងសន្តិភាព រវាងកម្ពុជា-ថៃ ដែលចុះហត្ថលេខាកាលពីថ្ងៃទី២៦ តុលា ឆ្នាំ២០២៥ ក្រោមធ្វើជាការសាក្សី របស់លោកប្រធានាធីបតី សហរដ្ឋអាមេរិក ដូណាល់ត្រាំ និង នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ជាប្រធានប្តូរវេន។
លោកជំទាវអ្នកនាំពាក្យបន្ថែមថា ក្នុងន័យនេះ កម្ពុជាសូមអំពាវនាវឱ្យសហគមន៍អន្តរជាតិថ្កោលទោសយ៉ាងម៉ឺងម៉ាត់ ចំពោះការរំលោភ បំពានសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ និងសកម្មភាពឧក្រិដ្ឋកម្ម សង្គ្រាមខុសច្បាប់របស់ថៃម្តងហើយម្តងទៀតនេះ ដោយទាមទារឱ្យថៃទទួលខុសត្រូវទាំងស្រុងចំពោះការរំលោភបំពានដ៏កំរោលនេះ ។ កម្ពុជាអំពាវនាវ ឱ្យថៃបញ្ឈប់រាល់អរិភាពជាបន្ទាន់ ដោយដកកម្លាំងចេញ ពីដែនអធិបតេយ្យរបស់កម្ពុជា និងចៀសវាងសកម្មភាពឈ្លានពានដែលគំរាមកំហែងដល់សន្តិភាព និងស្ថិរភាពនៅក្នុងតំបន់។
លោកជំទាវបានបន្តបន្ថែមថា កម្ពុជាបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងខ្ជាប់ខ្ជួនក្នុងការគោរព និងអនុវត្តតាមលក្ខខណ្ឌនៃបទឈប់បាញ់ សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា និងថៃប្រកបដោយសុច្ឆន្ទៈ និងការទទួល ខុសត្រូវខ្ពស់បំផុត ។ កម្ពុជាប្រកាន់ខ្ជាប់នូវការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ក៏ដូចជាសន្ធិសញ្ញា អនុសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់ ហើយប្រឆាំងនឹងការគំរាម ឬការប្រើប្រាស់កម្លាំងសំដៅស្វែងរកដំណោះស្រាយមួយដែលយុត្តិធម៌ ត្រឹមត្រូវ យូរអង្វែង និងស្របតាមច្បាប់ អន្តរជាតិ៕
ចែករំលែកព័តមាននេះ