ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អង្គការ​អន្តរជាតិ​ទេសន្តរប្រវេសន៍ ប្តេជ្ញា​បន្តពង្រឹង​កិច្ច​សហប្រតិបត្តិការ លើ​ការ​ជួយ​ផ្តល់​កិច្ចគាំពារ​ពលករ​ទេសន្តរប្រវេសន៍​កម្ពុជា

40 នាទី មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ​ ៖ នៅ​ព្រឹក​ថ្ងៃ​ទី ​១១ ខែធ្នូ ឆ្នាំ​២០២៥​នេះ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ…

រាជធានីភ្នំពេញ​ ៖ នៅ​ព្រឹក​ថ្ងៃ​ទី ​១១ ខែធ្នូ ឆ្នាំ​២០២៥​នេះ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​អនុញ្ញាត​ឱ្យ​លោកស្រី Nellie Ghusayni ប្រធាន​បេសកកម្ម​របស់​អង្គការ​អន្តរជាតិ​ទេសន្តរប្រវេសន៍ (IOM) ប្រចាំ​នៅ​កម្ពុជា ជួប​ពិភាក្សា​ការងារ ដោយ​ជំនួប​នេះ​ផ្តោត​លើ​ការ​គ្រប់គ្រង និង​ការ​ផ្តល់​ការ​យកចិត្តទុកដាក់​បន្ថែម​ទៀត​ក្នុង​ការ​ជួយ​គាំពារ​ដល់​ពលករ​ទេសន្តរប្រវេសន៍ ជា​ពិសេស​អតីត​ពលករ​ខ្មែរ​ដែល​វិល​ត្រឡប់​មក​ពី​ប្រទេស​ថៃ​។

នា​ឱកាស​នោះ ឯកឧត្តម​រដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ​ដល់​អង្គការ IOM ដែល​បាន​ផ្តល់​ការ​គាំទ្រ​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​យកចិត្តទុកដាក់​លើ​អតីត​ពលករ​ដែល​ត្រឡប់​មក​ពី​ប្រទេស​ថៃ លើកកម្ពស់​ក្នុង​ការ​បណ្តុះបណ្តាល​ជំនាញ ការ​ទទួលស្គាល់​ជំនាញ ក៏​ដូច​ជា​កិច្ច​អន្តរាគមន៍​នានា ដើម្បី​គាំពារ​ផ្ដល់​អត្ថប្រយោជន៍ និង​លើកកម្ពស់​ការ​គោរព​សិទ្ធិ​ពលករ​ទេសន្តរប្រវេសន៍​នៅ​កម្ពុជា​។ ឯកឧត្តម​រដ្ឋមន្ត្រី ក៏​បាន​លើក​ពី​បញ្ហា​ប្រឈម​ដែល​ក្រសួង​បាន​ខិតខំ​ដោះស្រាយ​តាម​យន្តការ​ផ្សេង​ៗ​ឱ្យ​ស្រប​ទៅ​នឹង​ស្ថានភាព​ពិត និង​សំណូមពរ​ជាក់ស្តែង ខណៈ​ពេល​ដែល​ជំនាញ​ខ្លះ​ពលករ​ទទួល​បាន​នៅ​ប្រទេស​ថៃ​មិន​ស៊ីគ្នា​ទាំងស្រុង​ជាមួយ​តម្រូវការ​ទីផ្សារ​ការងារ​ក្នុងស្រុក ដែល​តម្រូវ​ឱ្យ​មានការ​បណ្តុះបណ្តាល​ជំនាញ​ឡើង​វិញ និង​ការ​ទទួលស្គាល់​ជំនាញ​តាម​រយៈ​ការ​វាយតម្លៃ​ផ្អែក​លើ​សមត្ថភាព​របស់​អតីត​ពលករ ដែល​ត្រឡប់​មក​ពី​ប្រទេស​ថៃ​។ ទន្ទឹម​នឹង​នេះ​  ក្រសួង​ក៏​នឹង​ពិចារណា​លើ​លក្ខខណ្ឌ​ការងារ​សំខាន់​ៗ​មួយ​ចំនួន​ក្នុង​ការ​បើកឱកាស​ទីផ្សារ​ការងារ​ក្រៅប្រទេស​ថ្មី​ៗ​ជូន​ពលករ​បន្ថែម​ទៀត​។

ឯកឧត្តម ហេង សួរ បាន​បញ្ជាក់​ជូន​ភាគី​អង្គការ IOM ពី​ស្ថានភាព​ជាក់ស្តែង​ដែល​កម្ពុជា​កំពុង​យកចិត្តទុកដាក់​ដោះស្រាយ​និង​ផ្តល់​ឱកាស​ការងារ និង​បណ្តុះបណ្តាល​ជំនាញ ជូន​ពលករ​ខ្មែរ​ដែល​បាន​វិល​ត្រឡប់​មក​ពី​ប្រទេស​ថៃ​វិញ​ជា​ទ្រង់ទ្រាយ​ធំ និង​ស្នើ​សុំ​ភាគី​អង្គការ IOM ផ្ដល់​កិច្ចសហការ​លើ​ការ​អនុវត្ត​ការ​ធ្វើតេស្ត​វាយតម្លៃ​ផ្អែក​លើ​សមត្ថភាព​ទទួលស្គាល់​ការ​សិក្សា​ដែល​មាន​ពី​មុន (RPL), ជំរុញ​ការ​ផ្សព្វផ្សាយ​ការ​ធ្វើតេស្ត​វាយតម្លៃ​ផ្អែក​លើ​សមត្ថភាព​ទទួលស្គាល់​ការ​សិក្សា​ដែល​មាន​ពី​មុន (RPL), កៀរគរ​ដៃគូ​អភិវឌ្ឍន៍​សម្រាប់​ចូលរួម​គាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​ដល់​អតីត​ពលករ​ដែល​ចូលរួម​ក្នុង​វគ្គ​បណ្ដុះបណ្ដាល​ខ្លី​ៗ, កិច្ចសហការ​ក្នុង​ការ​បើក​ទីផ្សារ​ការងារ​ថ្មី​បន្ថែម​ទៀត​, និង បង្កើន​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​អង្គការ IOM ក្នុង​ការ​សហការ​ជាមួយ​អាជ្ញាធរ​នានា ក្នុង​ការ​ផ្ដល់​កិច្ច​គាំពារ​ជូន​ពលករ​ទេសន្តរប្រវេសន៍​កម្ពុជា​។

ជា​ការ​ឆ្លើយ​តប លោកស្រី​ប្រធាន​របស់​អង្គការ IOM ប្រចាំ​កម្ពុជា បាន​ឯកភាព​តាម​សំណូមពរ​ឯកឧត្តម​រដ្ឋមន្ត្រី ស្នើ​សុំ​ជួយ​ពង្រីក​ការ​គាំទ្រ​សម្រាប់​កម្មវិធី​បណ្តុះបណ្តាល​វិជ្ជាជីវៈ​រយៈពេល​ខ្លី ការ​ពង្រីក​វេទិកា​ការងារ និង​សិក្សា​លទ្ធភាព​ផ្ដល់​ការ​ជួយ​ឧបត្ថម្ភ​ជា​កញ្ចប់​ថវិកា ឬ​សម្ភារៈ​ប្រើប្រាស់​ជូន​ដល់​បងប្អូន​ពលករ​ដែល​វិល​ត្រឡប់​ពី​ប្រទេស​ថៃ និង​ជនភៀសសឹក​ដែល​បង្ក​ដោយ​សង្គ្រាម​ព្រំដែន​កម្ពុជា​-​ថៃ និង​គាំទ្រ​លើ​ការ​ប្តេជ្ញា​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​រួម​គ្នា ដោះស្រាយ​បញ្ហា​ឱ្យ​មាន​ប្រសិទ្ធភាព ហើយនឹង​បង្កើន​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់ IOM ក្នុង​ការ​សហការ​ជាមួយ​អាជ្ញាធរ​នានា ក្នុង​ការ​ផ្ដល់​កិច្ច​គាំពារ​ជូន​ពលករ​ទេសន្តរប្រវេសន៍​កម្ពុជា​៕ អត្ថបទសហការ