រាជធានីភ្នំពេញ ៖ បន្ទាប់ពីទទួលរងការបាញ់បំផ្លាញយ៉ាងធ្ងន់ធ្ងរពីសំណាក់យោធាថៃ កាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ ប្រាសាទ តាក្របី ជាទីសក្ការៈរបស់កម្ពុជា បន្តទទួលរងការបាញ់កម្ទេចជាថ្មី បណ្តាលឱ្យរូបរាង និងរចនាសម្ព័ន្ធប្រាសាទត្រូវបានបំផ្លាញទាំងស្រុង នាថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ ទោះជាក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានអំពាវនាវរួចហើយក៏ដោយ ។

ប្រាសាទតាក្របី ត្រូវបានសាងសង់ក្នុងអំឡុងសតវត្សទី១១ គ.ស.ក្នុងសម័យព្រះបាទសូរ្យវរ្ម័នទី១ និងព្រះបាទឧទ័យទិត្យវរ្ម័នទី២ ស្ថិតនៅភូមិសែនមនោរម្យ១ ឃុំគោកខ្ពស់ ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ជាទីតាំង បុរាណដ្ឋានអភិរក្សយ៉ាងខ្ជាប់ខ្ជួនដោយស្ថាប័នវប្បធម៌កម្ពុជា និងជាទីគោរពសក្ការៈទៅតាមជំនឿ ប្រពៃណី ទំនៀមទម្លាប់ របស់ប្រជាជនកម្ពុជា ។
ប្រាសាទតាក្របី ជានិមិត្តរូបនៃវប្បធម៌អរិយធម៌ដ៏រុងរឿងរបស់ខ្មែរ ថែរក្សាការពារដោយខ្មែរ ស្ថិតនៅក្នុងព្រៃភ្នំដែលជាជម្រកដ៏សុខសាន្ត និងពុំទទួលរងការខូចខាតពីធម្មជាតិ ឬអាយុកាល ប៉ុន្តែត្រូវបានសម្លាប់តែមួយពព្រិចភ្នែកដោយយោធាថៃ។
ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ សូមបន្តថ្កោលទោសចំពោះទង្វើអសីលធម៌មកលើវិស័យវប្បធម៌ដោយយោធាថៃ ដែលជាឧក្រិដ្ឋកម្មដ៏ធ្ងន់ធ្ងរមកលើបេតិកភណ្ឌ ជាទង្វើអគតិនិងគ្មានអរិយធម៌ និងជាការបន្តមិនគោរពដល់អនុសញ្ញានានានៃកិច្ចការពារបេតិកភណ្ឌ ដោយរួមទាំងអនុសញ្ញាឆ្នាំ១៩៥៤ និងឆ្នាំ១៩៧២ ។

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សូមបន្តអំពាវនាវដល់បណ្តាប្រទេសលើសកលលោក អង្គការជំនាញអន្តរជាតិ ប្រជាជាតិលើពិភពលោក ចូលរួមថ្កោលទោសទង្វើឧក្រិដ្ឋកម្មនេះ និងជំរុញឱ្យយោធាថៃបញ្ឈប់ជាបន្ទាន់នូវការបំផ្លិចបំផ្លាញវប្បធម៌ និងបញ្ឈប់ការឈ្លានពាន ដោយងាកមករកដំណោះស្រាយដោយសន្តិវិធី ជាពិសេស គោរពសេចក្តីប្រកាសរួមទីក្រុងកូឡាឡាំពួរ ។
ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ រួមជាមួយប្រជាជនកម្ពុជាទាំងអស់ សូមកាន់ទុក្ខចំពោះការខូចខាតទាំងស្រុងរបស់ប្រាសាទតាក្របី និងចងចាំទុកនូវទង្វើឧក្រិដ្ឋកម្មនេះនៅក្នុងប្រវត្តិសាស្ត្រនៃការបំផ្លិចបំផ្លាញរបស់យោធាថៃ។
ទោះជាប្រាសាទតាក្របីត្រូវបានបំផ្លាញស្ទើរអស់រូបរាង ប៉ុន្តែប្រាសាទនេះ នៅតែឈរជានិមិត្តរូបនៃវប្បធម៌អរិយធម៌ខ្មែរ និងជាភស្តុតាងនៃសោកនាដកម្មវប្បធម៌ សម្រាប់បង្រៀនដល់ជនជំនាន់ក្រោយឱ្យរឹតតែស្រឡាញ់ការពារបេតិកភណ្ឌ និងទប់ស្កាត់ទង្វើឧក្រិដ្ឋកម្មនេះកុំឱ្យកើតមានជាថ្មីនៅគ្រប់ទីកន្លែងទាំងអស់របស់ពិភពលោក ៕
ចែករំលែកព័តមាននេះ