ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Khaosod ៖ វិស័យ​ទេសចរណ៍​ថៃ​នឹង​រង​គ្រោះ ដោយសារ​តែ​ជម្លោះ​តាម​ព្រំដែន​ជាមួយ​កម្ពុជា

3 ម៉ោង មុន

ទីក្រុង​បាងកក ៖ ឧស្សាហកម្ម​ទេសចរណ៍​របស់​ប្រទេស​ថៃ កំពុង​ត្រៀម​ប្រឈម​មុខ​នឹង​ការ​ធ្លាក់​ចុះ​សេដ្ឋកិច្ច ខណៈ​ដែល​ជម្លោះ​ឡើង​វិញ​ជាមួយ​កម្ពុជា​បាន​រំខាន​ដល់​រដូវ​កាល​ទេសចរណ៍​ដ៏​សំខាន់​របស់​ថៃ ដោយ​បណ្តា​អាជីវកម្ម​ក្នុងស្រុក​បាន​ព្រមាន​អំពី​ការ​ខាតបង់​កាន់តែ​ធ្ងន់ធ្ងរ ស្រប​ពេល​មានការ​ព្រមាន​ការ​ធ្វើ​ដំណើរ​ដោយ​ប្រទេស​មួយ​ចំនួន​។ នេះ​បើ​តាម​ប្រភព​ពី​កាសែត​ថៃ Khaosod ចេញផ្សាយ​នៅ​ថ្ងៃ​ទី​១១…

ទីក្រុង​បាងកក ៖ ឧស្សាហកម្ម​ទេសចរណ៍​របស់​ប្រទេស​ថៃ កំពុង​ត្រៀម​ប្រឈម​មុខ​នឹង​ការ​ធ្លាក់​ចុះ​សេដ្ឋកិច្ច ខណៈ​ដែល​ជម្លោះ​ឡើង​វិញ​ជាមួយ​កម្ពុជា​បាន​រំខាន​ដល់​រដូវ​កាល​ទេសចរណ៍​ដ៏​សំខាន់​របស់​ថៃ ដោយ​បណ្តា​អាជីវកម្ម​ក្នុងស្រុក​បាន​ព្រមាន​អំពី​ការ​ខាតបង់​កាន់តែ​ធ្ងន់ធ្ងរ ស្រប​ពេល​មានការ​ព្រមាន​ការ​ធ្វើ​ដំណើរ​ដោយ​ប្រទេស​មួយ​ចំនួន​។ នេះ​បើ​តាម​ប្រភព​ពី​កាសែត​ថៃ Khaosod ចេញផ្សាយ​នៅ​ថ្ងៃ​ទី​១១ ខែធ្នូ ឆ្នាំ​២០២៥​។

ជម្លោះព្រំដែន​បាន​បង្ខំ​ឱ្យ​បិទ​ចំណុច​ត្រួតពិនិត្យ​ពាណិជ្ជកម្ម​សំខាន់​ៗ និង​ជំរុញ​ឱ្យ​ជម្លៀស​ប្រជាជន​នៅ​តាម​ព្រំដែន ដោយ​បង្កើន​ការ​ព្រួយបារម្ភ​អំពី​ទាំង​ប្រាក់​ចំណូល​ទេសចរណ៍​ភ្លាម​ៗ និង​ទំនុកចិត្ត​អ្នក​វិនិយោគ​រយៈពេល​វែង​។

នាយក​រដ្ឋមន្ត្រី​ថៃ លោក អនុ​ទី​ន ចាន់​វី​រៈ​គុល (Anutin Charnvirakul) បាន​បដិសេធ​ការ​ចរចា​ជាមួយ​កម្ពុជា ដោយ​ទទួល​បានការ​សរសើរ​ពី​ក្រុម​ជាតិនិយម ប៉ុន្តែ​ការ​ព្រួយបារម្ភ​ពី​សហគមន៍​អាជីវកម្ម​កាន់តែ​ខ្លាំង​ឡើង ខណៈ​ដែល​អំពើ​ហិង្សា​កើតឡើង អំឡុង​ពេល​ប្រទេស​គួរតែ​រក​ប្រាក់​ចំណេញ​បាន​ច្រើន​បំផុត​ពី​ឧស្សាហកម្ម​ទេសចរណ៍​។

លោក​វេជ្ជបណ្ឌិត ភី​ផាត លឿង​ណា​រូ​មី​ត​ឆៃ ប្រធាន​សេដ្ឋវិទូ​ក្រុមហ៊ុន Kiatnakin Phatra Financial Group បាន​លើក​ឡើង​ថា ទឹកជំនន់ និង​ការ​ប៉ះទង្គិច​គ្នា​កំពុង​កើតឡើង នៅ​ពេល​រដូវ​កាល​ទេសចរណ៍​ដ៏​មមាញឹក ដែល​អាច​ប៉ះពាល់​ដល់​ការ​សម្រេចចិត្ត​របស់​អ្នកទេសចរ​ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ថៃ​។

ប្រទេស​កម្ពុជា​មាន​ចំណែក ២ ទៅ ៣% នៃ​ការ​នាំ​ចេញ​សរុប​របស់​ប្រទេស​ថៃ ដោយ​ប្រហែល ៧០% ដឹក​ជញ្ជូន​ឆ្លងកាត់​ព្រំដែន​គោក ប៉ុន្តែ​ឥឡូវនេះ​ត្រូវ​បាន​បិទ​ទាំងស្រុង​ដោយ​ជម្លោះ​។ មជ្ឈមណ្ឌល​ស្រាវជ្រាវ​ថៃ Kasikorn បាន​ប៉ាន់​ប្រមាណ​ថា ជម្លោះ​អាច​កាត់​បន្ថយ​ផលិតផល​ក្នុងស្រុក​សរុប (GDP) ០,៤% បើ​វា​បន្ត​រហូត​ដល់​ឆ្នាំ ២០២៦​។

ខេត្ត​ជាប់​ព្រំដែន​ប្រឈម​នឹង​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​បំផុត​។ ជាក់ស្តែង ខេត្ត​ត្រា​ត មាន​កោះ​រមណីយដ្ឋាន​ដ៏​ពេញ​និយម​ចំនួន ៣ ដែល​ឈាន​ដល់​ចំណែក ៩០% នៃ​ការ​ទាក់ទាញ​ភ្ញៀវ​សម្រាប់​ខែធ្នូ ប៉ុន្តែ​បណ្តា​ប្រតិបត្តិ​ករ​បាន​រាយការណ៍​ថា ភ្ញៀវ​ទេសចរ​បរទេស​កំពុង​តែ​រារែក​ដោយ​គិត​អំពី​សុវត្ថិភាព​ពួក​គេ បន្ទាប់​ពី​សហរដ្ឋអាមេរិក​បាន​ចេញ​ការ​ជូនដំណឹង​អំពី​ការ​ហាមប្រាម​ធ្វើ​ដំណើរ​សម្រាប់​តំបន់​ក្នុង​រង្វង់ ៥០ គីឡូម៉ែត្រ​ពី​ព្រំដែន​។

លោក សក្តិ​សិទ្ធិ ម៉ុង​កាន (Saksit Mungkarn) ទីប្រឹក្សា​នៃ​ក្រុមប្រឹក្សា​ឧស្សាហកម្ម​ទេសចរណ៍​ខេត្ត​ត្រា​ត បាន​ថ្លែង​ថា រដ្ឋបាល​ខេត្ត​ត្រូវ​រង់ចាំ​រហូត​ដល់​ប្រហែល​ថ្ងៃ​ទី ២០ ខែធ្នូ ដើម្បី​វាស់​ស្ទង់​ផល​ប៉ះពាល់​ពិតប្រាកដ​លើ​ការ​លុប​ចោលការ​ធ្វើ​ដំណើរ​។

បើ​តាម លោក សោម​ឆាត ពង្ស​កា​ប៉ា​ណា​ក្រៃ (Somchat Pongkapanakrai) ប្រធាន​សភាពាណិជ្ជកម្ម​ភាគ​ឦសាន​ថា តំបន់​ព្រំដែន​ភាគ​ឦសាន​ប្រឈម​មុខ​នឹង​ភាព​តានតឹង​បន្ថែម ខណៈ​ដែល​បណ្តា​អាជីវកម្ម​ខ្នាត​តូច​ដែល​ត្រៀមខ្លួន​ស្រេច សម្រាប់​ការ​ប្រារព្ធ​ពិធី​ចូល​ឆ្នាំ​សកល ឥឡូវនេះ​ព្រួយបារម្ភ​អំពី​ការ​ខាតបង់ ប្រសិនបើ​ជម្លោះ​នៅ​តែ​បន្ត​។

យ៉ាងណាមិញ វិធានការ​សង្គ្រោះ​ដែល​ត្រូវ​បាន​ស្នើ​ឡើង​សម្រាប់​ខេត្ត​ជាប់​ព្រំដែន​ទាំង ៧ របស់​ថៃ រួម​មាន​ទាំង ការ​កាត់​បន្ថយពន្ធ និង​ការ​ជំរុញ​ទេសចរណ៍ នៅ​តែ​មិន​ទាន់​ត្រូវ​បាន​អនុវត្ត បន្ទាប់​ពី​ជាប់​គាំង អំឡុង​ពេល​ផ្លាស់​ប្តូរ​រដ្ឋាភិបាល​ថ្មី​ៗ​ថៃ និង​វិបត្តិ​ទឹកជំនន់​៕ ប្រភព ៖ Khaosod

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ